ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពៅ​ជា​ដំណាំ​ក្នុង​ស្រុក​ដែល​មិន​នាំ​​ចូល​មក​ពី​ក្រៅ​ប្រទេសឡើយ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អំពៅ​ជា​ដំណាំ​​​ក្នុង​ស្រុក​ដែល​មិន​មាន​ការ​​នាំ​​ចូល​ពី​​ក្រៅ​ប្រទេស​​ទេ មិន​តែ​ប៉ុណ្ណោះ​អំពៅ​មាន​លក់​នៅ​លើ​ទី​ផ្សារ​ខួប​ប្រាំង ខួប​វស្សា ជា​ពិសេស​នៅ​ផ្សារ​ដើម​គ​ក្នុ​ង​រាជ​ធានី​ភ្នំពេញ ​មាន​អំពៅ​លក់​មិន​ដែល​ខាន​ថ្ងៃ​ណា​ឡើយ។ ​តាម​​ក្រុម​អាជីវ​ករ​ឱ្យ​ដឹង​ថា ​ខេត្ដ​កណ្ដាល​​ជា​ខេត្ដ​ដែល​សំបូរ​ដំណាំ​អំពៅ​ជាងគេ បន្ទាប់​មក​មាន​ខេត្ដកំពង់ចាម កំពង់ស្ពឺ ​ព្រៃវែង និង​ខេត្ដបាត់ដំបង ក៏​និយម​ដាំ​​អំពៅ​ដែរ។ អំពៅ​ដែល​ប្រជា​កសិករ​និយម​ដាំ​មាន​អំពៅ

រាជធានីភ្នំពេញ ៖ អំពៅ​ជា​ដំណាំ​​​ក្នុង​ស្រុក​ដែល​មិន​មាន​ការ​​នាំ​​ចូល​ពី​​ក្រៅ​ប្រទេស​​ទេ មិន​តែ​ប៉ុណ្ណោះ​អំពៅ​មាន​លក់​នៅ​លើ​ទី​ផ្សារ​ខួប​ប្រាំង ខួប​វស្សា ជា​ពិសេស​នៅ​ផ្សារ​ដើម​គ​ក្នុ​ង​រាជ​ធានី​ភ្នំពេញ ​មាន​អំពៅ​លក់​មិន​ដែល​ខាន​ថ្ងៃ​ណា​ឡើយ។ ​តាម​​ក្រុម​អាជីវ​ករ​ឱ្យ​ដឹង​ថា ​ខេត្ដ​កណ្ដាល​​ជា​ខេត្ដ​ដែល​សំបូរ​ដំណាំ​អំពៅ​ជាងគេ បន្ទាប់​មក​មាន​ខេត្ដកំពង់ចាម កំពង់ស្ពឺ ​ព្រៃវែង និង​ខេត្ដបាត់ដំបង ក៏​និយម​ដាំ​​អំពៅ​ដែរ។ អំពៅ​ដែល​ប្រជា​កសិករ​និយម​ដាំ​មាន​អំពៅ​ស្ករ ឬ​អំពៅ​ក្រហម និង​អំពៅកែវ​ទឹកឃ្មុំ។ ចំពោះ​​អំពៅស្ករ​គេ​យក​ទៅ​កៀប​ធ្វើ​ទឹកអំពៅ​លក់​​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ចំណែក​អំពៅកែវ​ទឹក​ឃ្មុំ​គេ​យក​មក​ហូប​តែ​ម្ដង ព្រោះ​វា​ស្រួយ​មិន​អាច​កៀប​យក​ទឹកបាន​ទេ។ ខេត្ដកណ្ដាល​មាន​ស្រុក​ចំនួន​បី​​ដែល​ដាំ​​អំពៅ​ច្រើន​ជាងគេ​នោះ គឺ​ស្រុក​កោះធំ ស្រុក​ស្អាង និង​ស្រុក​លើក​ដែក។

​កសិករ​ឈ្មោះ​អ៊ី ឆាយ ភេទ​ស្រី អាយុ​៥៩​ឆ្នាំ មានស្រុក​កំណើត​នៅ​​ភូមិ​សំប៉ាន​ក្រោម ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ដកណ្ដាល បាន​រៀបរាប់​ពី​របៀប​ដាំ​អំពៅ​ឱ្យ​ដឹ​ង​ថា អំពៅ​ក្នុង​មួយ​ឆ្នាំ​ដាំ​បាន​​ពីរ​ដង ​ដោយ​រដូវ​​វស្សា​​គេ​ចាប់ផ្ដើម​ដាំ​ពី​ខែ​ឧសភា ឬ​ខែមិថុនា រីឯ​រដូវ​ប្រាំង​​​ចាប់​ដាំ​ពី​ខែ​មករា ឬ​កុម្ភៈ។ អំពៅ​ដែល​ត្រូវ​យក​ទៅ​ដាំ គឺ​គេ​​ត្រូវ​ទុក​ពូជវា​ដោយ​មិនបាច់​សក​សំណក​ចេញ​ទេ ​ព្រោះ​បើ​សក​សំណក​ចេញ​បណ្ដាល​ឱ្យ​បាក់​ភ្នែក​អំពៅ​ដែល​នៅ​ជាប់​នឹង​ថ្នាំង ហើយ​បើ​មិន​បាន​ទុក​ពូជ​របៀប​នេះ​ទេ ត្រូវ​យក​ផ្នែក​ជាប់​ខាង​ចុង​​ប្រវែង​ពីរ​​សាច់​អំពៅ​មក​ដាំ​ក៏​បាន​ដែរ។ អំពៅ​ដែល​យក​ទៅ​ដាំ​ គេ​យក​​ដើម​មាន​ភ្នែក​កាត់​ជា​កង់​ៗប្រវែង​ពីរ​សាច់​​អំពៅ​។ មុន​នឹង​ដាំ​ គេ​ត្រូវ​ភ្ជួរ​រាស់​ដី​ពីរ​ទៅ​បី​សា ទើប​គេ​ឆូត​ជា​រង​ជីក​រណ្ដៅ​​មុខ​​កន្លះ​ម៉ែត្រ​ដាក់​អំពៅ​ចូល​កប់​ដី​ ដាក់​ជី​ធម្ម​ជាតិ​​បន្ដិច​រួច​ស្រោច​ទឹក ដោយ​ទុក​ចន្លោះ​ពី​រង​មួយ​​ទៅ​រង​មួយ​និង​​គម្លាត​​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ​​ប្រវែង​​ប្រហែល​៥​តឹក​ ។

លុះ​ដាំ​បាន​ប្រមាណ​ពី​១០​ទៅ​១៥​ថ្ងៃ​ដុះ​ពន្លក​បាន​មួយ​ចំ​អា​ម​គេ​ស្រោច​ទឹក​ធ្វើ​ស្មៅ ព្រោះ​បើ​មិន​ធ្វើ​ស្មៅ​ទេ ស្មៅ​នោះ​រួមរឹត​អំពៅ​មិន​អាច​​លូត​លាស់​បាន​ គឺ​ត្រូវធ្វើ​ស្មៅ​ជា​បន្ដបន្ទាប់​រហូត ។ ​ពេល​អំពៅ​លូត​បាន​ប្រវែង​មួយ​ម៉ែត្រ​ គេ​ភ្ជួរ​លុប​គល់​ម្ដង​ទៀត ដើម្បី​ការពារ​កុំឱ្យ​ពេល​មាន​ភ្លៀង​ធ្លាក់​ឬ​ខ្យល់​ខ្លាំង​បណ្ដាល​ឱ្យ​អំពៅ​ដួល​រលំ​។ ​លុះ​​អំពៅ​​លូត​ឡើង​បាន​ប្រវែង​១​ម៉ែត្រ​៨​តឹក​ទៅ​២​ម៉ែត្រ គេ​ចាប់ផ្ដើម​សក​សំណក​​ចេញ ដើម្បី​ឱ្យ​សំបក​​មាន​ពណ៌​​ក្រហម​ល្អ និង​ទទួល​​ធាតុ​អាកាស​ក្ដៅ ត្រជាក់ ទើប​មាន​រសជាតិ​ផ្អែម​ឈ្ងុយ។ ពេល​​មាន​សំណក​២​ទៅ​៣​សំណក​គេ​សក​បន្ដ​ទៀត​​រហូត​​ទាល់តែ​កាប់​យក​មក​លក់​តែ​ម្ដង។

បុរស​ឈ្មោះ​ស៊ុំ ស៊ី​ម អាយុ​៤៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​មេ​លប់ ឃុំ​រកា ស្រុក​ពារាំង ខេត្ដ​ព្រៃ​វែង ដែល​បាន​​មក​លក់​អំពៅ​នៅ​ផ្សារ​​ដើម​.គ​តាំងពី​ឆ្នាំ​១៩៩៥​​ និយាយ​​ថា កាលពីមុន​នេះ អំពៅ​​មាន​សំបូរ​តែ​នៅ​ខេត្ដកណ្ដាល​ទេ តែ​បច្ចុ​ប្បន្ន​​នៅ​​ខេត្ដ​មួយ​ចំនួន​ទៀត​ក៏​មាន​អំពៅ​យក​មក​លក់​​ដែរ ដូច​ជា​ខេត្ដ​កំពង់​ចាម ​ភាគច្រើន​គេ​និយម​​​ដាំ​អំពៅកែវ​ទឹកឃ្មុំ ចំណែក​ខេត្ដកំពង់ស្ពឺ គេ​និយម​ដាំ​អំពៅស្ករ តែ​អំពៅ​មិនសូវ​ផ្អែម​ឆ្ងាញ់ ព្រោះ​ជា​ដី​ប្រភេទ​​ល្បាយ​ខ្សាច់​។ ​ចំណែក​នៅ​ខេត្ដព្រៃវែង​​ក៏​ដាំ​អំពៅស្ករ​ដែរ គ្រាន់​តែ​អំពៅ​មិន​សូវ​​វែង​ដូច​ខេត្ដ​​ផ្សេង​ តែ​រស​ជាតិ​ផ្អែម រីឯ​ខេត្ដ​បាត់​ដំបង​វិញ ច្រើន​ដាំ​អំពៅកែវ​ឆ្នូត មាន​ដើម​ធំ​ហើយ​វែង តែ​មិនសូវ​មាន​រសជាតិ​ឆ្ងាញ់​ទេ ។

អាជីវករ​លក់​អំពៅ​​រូប​នេះ​បាន​បន្ដ​​ថា ចំពោះ​​អំពៅ​ខេត្ដកណ្ដាល​វិញ ផ្អែម​ជាងគេ​គឺ​អំពៅ​ស្រុក​ស្អាង តែ​កាប់​យក​មក​លក់​ទុក​មិន​បាន​យូរ​ទេ ទុក​បាន​ត្រឹម​៥​ថ្ងៃ​សាច់់​ឡើង​ក្រហម​អស់។ ​ខែ​ដែល​​អំពៅ​​​លក់​បាន​ថ្លៃ​ជាងគេ គឺ​​​ខែ​ឧសភា និង​ខែ​មិថុនា ដោយ​​ក្នុង​មួយ​បាច់ មាន​​១២​ដើម ​លក់​បាន​២​ម៉ឺន​ទៅ​២​ម៉ឺន​៥​ពាន់​រៀល ឯ​នៅ​ខែ​សំបូរ​​វិញ​​អំពៅ​មួយ​បាច់​​មាន​១២​ដើ​ម​ដូច​គ្នា​​លក់​បាន​ត្រឹមតែ​៧​ពាន់​ទៅ​៨​ពាន់​រៀល ​​តែ​បើ​ដើម​អំពៅ​តូច​ហើយ​ខ្លី ​លក់​បាន​ត្រឹម​៤​ពាន់​ទៅ​៥​ពាន់​រៀល​ប៉ុណ្ណោះ៕