ខេត្តស្វាយរៀង ៖ប្រជាកសិករប្រកបមុខរបរចិញ្ចឹមកង្កែបជាលក្ខណៈគ្រួសារ ជាច្រើនគ្រួសារក្នុងស្រុកស្វាយជ្រំទទួលបានជោគជ័យ អាចរកប្រាក់ចំណូល បានជាមធ្យម ចំនួន០៤លានរៀលក្នុងមួយវគ្គរយៈពេល០៣ខែ ធ្វើឲ្យជីវភាពក្នុងគ្រួសារល្អប្រសើរ។ហើយការចិញ្ចឹមកង្កែបនេះ កសិករគាត់ចិញ្ចឹម យកសាច់លក់ផងនិងចិញ្ចឹម កង្កែបមេពូជ ភ្ញាស់យកកូនលក់ផង ដែលជាមុខរបរថ្មីមួយបន្ថែមទៀតនៅក្នុងវិសយ័កសិកម្ម បន្ទាប់ពីការងារបង្កបង្កើនផល ផលិតកសិផលស្រូវ បន្លែ និងការចិញ្ចឹមសត្វ។
ក្នុងនោះដែរលោក សាន់ សំអាត វៃ៤៧ឆ្នាំជាកសិករគំរូ ម្នាក់រស់នៅក្នុងភូមិអូរស្រង៉ាំ ឃុំដូនសរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានចាប់យកមុខរបរការចិញ្ចឹមកង្កែបជាលក្ចណៈគ្រួសារ ទទួលបានជោគជ័យ ដោយគាត់ចិញ្ចឹមកង្កែបយកសាច់និងចិញ្ចឹមកង្កែបមេពូជ ភ្ញាស់យកកូនលក់ អាចរកប្រាក់បាន០៥លានរៀលក្នុង០១វគ្គរយៈពេល០៣ខែ ហើយការចិញ្ចឹមកង្កែប មានរយៈពេល០៥ឆ្នាំគឺទទួលបានជោគជ័យអាចរកប្រាក់ចំណូលបានច្រើនធ្វើឲ្យជីវភាពគ្រួសាររបស់គាត់ល្អប្រសើរ។
ប្រសិនបើប្រជាកសិករងាកមកចិញ្ចឹមសត្វ ត្រី កង្កែបជាលក្ខណៈគ្រួសារច្រើន គឺកាត់បន្ថយការចំណាកស្រុកនិងរស់នៅជួបជុំគ្រួសារមានសុភមង្គល់ក្នុងគ្រួសារ ។បើតាមលោក សាន់ សំអាត អ្នកចិញ្ចឹមកង្កែបគំរូ បានប្រាប់កោះសន្តិភាព នៅរសៀលថ្ងៃទី២៤មករា២០២៥នេះថា មុខរបបចិញ្ចឹមកង្កែបលក្ខណៈគ្រួសារ គឺអាចរកប្រាក់ចំណូលបន្ថែម ដោយការចិញ្ចឹមកង្កែប គឺងាយស្រួលក្នុងការចិញ្ចឹម ហើយងាយស្រួលរកទីផ្សារដែរ។
លោកសាន់សំអាត បន្តថា គាត់ត្រូវបានមន្ទីរកសិកម្មជ្រើសរើសឲ្យធ្វើជាកសិករគំរូ ធ្វើអាជីវកម្មភ្ញាស់កូន កង្កែបខ្នាតតូច ក្នុងសហគមន៍«សហគមន៍កសិកម្មទងធ្លករីកចំរើន»គឺបានភ្ញាស់កូនកង្កែបលក់បន្ថែមលើរបរកសិកម្មផ្សេងៗទៀត គ្រួសារគាត់បានចាប់យករបរនេះ មានរយៈពេល០៥ឆ្នាំហើយ ដោយទទួលបានចំណូលល្អប្រសើរ ក្រោយពេលធ្វើការភ្ញាស់កូនមួយវគ្គៗហើយត្រូវបានទទួលការគាំទ្រពីអ្នកបញ្ជាទិញយកទៅចិញ្ចឹមយកសាច់លក់បន្ត ។
លោកបន្តទៀតថា ការចិញ្ចឹមកង្កែបមានភាពងាយស្រួលក្នុងការចិញ្ចឹមណាស់បើការចិញ្ចឹមយកសាច់ ក៏ប៉ន្តែបើការចិញ្ចឹមមេពូជភ្ញាស់យកកូន ក៏មិនជាពិបាកប៉ុន្មានទេបើយើងមានការព្យាយាម ពីព្រោះកង្កែបមេពូជបង្កើតកូននៅពេលវាមានអាយុ០៤ខែ ក្នុងរយៈពេលបីខែកង្កែបអាចបង្កើតកូនបានម្តង ។
បច្ចុប្បន្នសំរាប់គ្រួសាររបស់គាត់បានចាប់យកមុខរបរចិញ្ចឹមកង្កែបមេពូជ ភ្ញាស់យកកូនដើម្បីលក់ ដោយបានដាក់មេពូជដំបូងចំនួនជាង១០០ក្បាល ក្នុងមួយវគ្គនៃការប្រមូលផលកូនកង្កែបគាត់អាចរកចំណូលបានប្រមាណ០៥លានរៀលដែរ បើទូទាត់ទៅលើចំណីរ និងការចំណាយផ្សេងៗអាចសល់ប្រាក់ចំនួន០៤លានរៀល ក្នុងមួយវគ្គរយៈពេល៣ខែ ដូច្នេះយើងអាចរកប្រាក់ចំណូលផ្គត់ផ្គង់ក្នុងជីវភាពល្អប្រសើរ និងរស់នៅជួបជុំក្នុងគ្រួសារ គ្រួសារមានសុភមង្គល់ល្អ បើប្រៀបធៀបទៅនិងអ្នកដែលធ្វើការចំណាកស្រុកក៏ទទួលបានប្រាក់ចំណូលប្រហាក់ប្រហែលគ្នាទេ ក៏ប៉ុន្តែគ្មានឧិកាសជួបជុំគ្រួសារ ហើយការរស់នៅបែកគ្នាពីគ្រួសារគឺពុំសូវមានសុភមង្គលគ្រួសារទេ ។
បើតាមរបាយការណ៏វឌ្ឍនភាពរបស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្វាយរៀងបាន អោយដឹងថា ការអនុវត្តគោលនយោបាយលើកកម្ពស់ម្ហូបអាហាររបស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ គិតមកដល់ឆ្នាំ២០២៥នេះ ខេត្តស្វាយរៀងសម្រេចធ្វើការចិញ្ចឹមកង្កែប យកសាច់មានចំនួន១០៩ទីតាំង និងកន្លែងចិញ្ចឹមកង្កែបមេពូជ ភ្ញាស់យកកូនមានចំនួន០៩កន្លែង ដោយមានមន្ត្រីជំនាញបច្ចេកទេសនៃមន្ទីរកសិកម្មខេត្តចុះជួយសម្របសម្រួលរៀបចំកន្លែងចិញ្ចឹមកង្កែបតាមបច្ចេកទេស ដើម្បីធានាបាននូវសុវត្ថិភាពសុខភាពសត្វកង្កែបនិងមុខរបរ៕
ចែករំលែកព័តមាននេះ