ខេត្តមណ្ឌលគិរី ៖ បញ្ហាតម្លៃស្រូវនារដូវប្រាំងដើមឆ្នាំ២០២៥នេះ បានក្លាយជាប្រធានបទមួយមានការជជែកវែកញែកជាច្រើនតាមបណ្តាញសង្គម ខណៈនៅស្រុកកោះញែក ដែលជាជង្រុកស្រូវធំបំផុតរបស់ខេត្តមណ្ឌលគិរី អាចដាំដុះស្រូវទាំងរដូវវស្សានិងរដូវប្រាំង ហើយទទួលបានតម្លៃមួយសមស្របទៅតាមស្ថានភាពជាក់ស្តែងនៃភូមិសាស្ត្រ ។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីបានឲ្យដឹងថា ទូទាំងខេត្តមណ្ឌលគិរីការធ្វើស្រូវរដូវប្រាំងមានទំហំផ្ទៃដីសរុ២២១ហិកតា ដែលអាចប្រមូលផលអស់នាអំឡុងខែកុម្ភៈខាងមុខនេះ ។ សម្រាប់កសិករដែលកំពុងបង្កបង្កើនស្រូវរដូវប្រាំងនាពេលនេះ មិនមានបញ្ហាប្រឈមអ្វីគួរឲ្យកត់សម្គាល់ទេ ដ្បិតមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋាន បានយកចិត្តទុកដាក់ចុះត្រួតពិនិត្យ និងផ្តល់ជាបច្ចេកទេសដល់បងប្អូនកសិករ រួមមានការការពារដំណាំស្រូវពីផលប៉ះពាល់ជំងឺនានា និងដំណោះស្រាយការផ្គត់ផ្គង់ទឹកសម្រាប់បញ្ចូលក្នុងស្រែជាដើម។
បើតាមការបញ្ជាក់ពីលោកប្រធានមន្ទីរកសិកម្មថា នៅស្រុកកោះញែកមានរោងម៉ាស៊ីន និងឃ្លាំងទទួលទិញស្រូវ រង់ចាំទទួលទិញពីបងប្អូនប្រជាពលរដ្ឋរាល់ថ្ងៃ ដែលទទួលបានតម្លៃសមរម្យ ទៅតាមប្រភេទនិងគុណភាពស្រូវ តម្លៃចន្លោះ៨០០៛ទៅជាង ១០០០៛ ។ ហើយស្រូវដែលលក់បានថ្លៃ គឺប្រភេទស្រូវសេរីរាង្គដែលបានធ្វើទៅតាមកិច្ចសន្យារវាងកសិករនិងអ្នកទទួលទិញ។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹង
ថា ការងារបង្កបង្កើនផលលើដំណាំស្រូវរដូវវស្សាឆ្នាំ២០២៤កន្លងទៅ អនុវត្តបានសរុបចំនួន៣៣ ៣១២ហិកតា ទិន្នផលមធ្យម ៣,៣៨០ តោន/ហិកតា មានតម្លៃ ៩០០៛ទៅ ១ ២០០ ៛/គីឡូក្រាម។តាមការប៉ាន់ស្មានតុល្យភាពស្បៀងឆ្នាំ២០២៥ ក្នុងខេត្តមណ្ឌលគិរីស្រូវនៅសល់សម្រាប់នាំចេញសរុបចំនួន ៧៤ ៦៦៦តោន ៕
ចែករំលែកព័តមាននេះ