ខេត្តប៉ៃលិន ៖ នាល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ បាន ស្រីមុំអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារអញ្ជើញពិនិត្យមើលទីតាំងសាងសង់ខ្លោងទ្វារ នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីបង្កើនសោភ័ណភាព និងសម្រស់ឲ្យកាន់តែប្រសើរឡើង ។
នៅក្នុងការដើរពិនិត្យទីតាំងស្ពានច្រកទ្វារព្រំដែន ដើម្បីសាងសង់ខ្លោងទ្វារច្រកទ្វារព្រំដែនអន្តរជាតិលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា ដើម្បីលើកកម្ពស់ សោភ័ណភាព និងសណ្តាបធ្នាប់ នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដែលជាមុខមាត់ប្រទេសជាតិ ព្រមទាំងសម្រួល ដល់ការបំពេញការងាររបស់មន្ត្រីជំនាញ លោកជំទាវ បានចំណាយថវិកាផ្ទាល់ខ្លួន ធ្វើការសាងសង់ខ្លោងទ្វារប្រវែង៣០ម៉ែត្រ ទទឹង៦,២ម៉ែត្រ រួមទាំងបន្ទប់ធ្វើការរបស់មន្ត្រីច្រកទ្វារផងដែរ ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលកំពុងបំពេញ ការងារនៅប្រចាំច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រូវតែខិតខំអនុវត្តតួនាទី ភារកិច្ច និងសិទ្ធិរបស់ខ្លួនអោយបានល្អ ជាពិសេសត្រូវខិត ខំធ្វើការស្វែងយល់នូវឯកសារច្បាប់ផ្សេងៗទៀត ដែលមានការពាក់ព័ន្ធ ព្រមទាំងមានការ ទំនាក់ទំនងកិច្ចសហការ ជាមួយ ស្ថាប័ននានា ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិ ។
លោកជំទាវ បានបញ្ជាក់ថា ដោយមានការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន បានបំពាក់នូវម៉ាស៊ីនទំនើបៗ ដើម្បីសម្រួលដល់ការបំពេញតួនាទីភារកិច្ចរបស់មន្ត្រី ជំនាញនៅទីនោះ ដូចជា ម៉ាស៊ីនស្កែនកាំរស្មីអ៊ិច ១គ្រឿង សម្រាប់ត្រួតពិនិត្យរកសព្វាវុធ និងគ្រឿងញៀនឆ្លងដែន និងម៉ាស៊ីនកាម៉េរ៉ាស្កែនកម្តៅរកមេរោគកូវីដ-១៩ ១គ្រឿងផងដែរ ៕





ចែករំលែកព័តមាននេះ