រាជធានីភ្នំពេញ ៖ បើតាមរយៈទំព័រហ្វេសប៊ុករបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឲ្យដឹងថា ៖ «នៅថ្ងៃអង្គារទី១៩ សីហា ២០២៥ នេះ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ពាក់ព័ន្ធនឹងវឌ្ឍនភាព នៃការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នារវាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំពិសេសថ្ងៃទី ២៨ កក្កដា ២០២៥ នៅទីក្រុងពូត្រាចាយ៉ា និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC) កាលពីថ្ងៃទី ៧ សីហា ២០២៥ នៅទីក្រុងកូឡាឡាំពួ ដែលសម្របសម្រួលរៀបចំ ដោយប្រទេសម៉ាឡេស៊ី ។
យើងក៏បានពិភាក្សាគ្នា អំពីការជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observation Team) អោយបានឆាប់រហ័ស ក៏ដូចជាដំណើរការរបស់ក្រុមអ្នកសង្កេតការបណ្ដោះអាសន្ន (Interim Observation Team) ដែលទាំងពីរនេះ គឺជាយន្តការសំខាន់សម្រាប់តាមដាន ត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព» ៕

ចែករំលែកព័តមាននេះ