ខេត្តកំពង់ស្ពឺ៖ មួយរយៈពេលកន្លងទៅគេសង្កេតឃើញអ្នកសារព័ត៌មានជាច្រើនអង្គភាពបានធ្វើការផ្សព្វផ្សាយរិះគន់ដើម្បីស្ថាបនាទៅលើអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញដែលពាក់ព័ន្ធក្នុងការជំរុញឲ្យមានការបង្ក្រាបបទល្មើសព្រៃឈើក៏ដូចជាបទល្មើសផ្សេងៗ ដូចជារថយន្តដឹកបទល្មើសព្រៃឈើក្នុងខេត្តកំពង់ស្ពឺផងដែរ។ ប៉ុន្តែការផ្សព្វផ្សាយឬសេចក្តីជូនដំណឹងទាំងអស់នេះបែរជាសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងនោះហាក់បីដូចជាធ្វើមិនដឹងមិនលឺទាល់តែសោះ បើទោះខិតខំផ្សព្វផ្សាយជូនដំណឹង ដដែលៗយ៉ាងណាក៏ដោយ ក្រុមឈ្មួញនៅតែធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើស្ទើរតែរៀងរាល់យប់ថ្ងៃទៅវិញ មិនដែលឃើញចាប់ ឬបង្ក្រាបបានរថយន្តដឹកឈើរបស់ថៅកែឈ្មោះ តាំង សម្បត្តិ និងថៅកែ ឈ្មោះ ចាន់ សោះ។
តាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថាមេឈ្មួញឈើម្នាក់ឈ្មោះ តាំង សម្បត្តិ និងឈ្មោះ ចាន់ កំពុងធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើជាប្រភេទឈើក្បាំង និង កូនក្រឡឹង មុខកាត់១២ជុំ ដល់២០ជុំ ជាយូរខែមកហើយដោយមេឈ្មួញទាំងពីរនាក់នោះបានប្រើប្រាស់រថយន្តសាំយ៉ុងពណ៌ស ដែលមានផ្លាកលេខភ្នំពេញ2A-0324 ដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ ចេញពីភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងនោះមានរថយន្តបាឡែនពណ៌ទឹកប្រាក់មួយគ្រឿង ជាអ្នកចាំមើលផ្លូវថែមទៀតផង។
ប្រភពព័ត៌មានបានបង្ហើបបន្តទៀតថាក្រោយពីមានឱកាសរថយន្តសាំយ៉ុងដឹកឈើប្រភេទឈើក្បាំង និងកូនក្រឡឹងខាងលើ បានបើកចេញពីចំណុចកន្លែងលើកឈើ ក្នុងភូមិស្រែកិន បើកបរមកខាងក្រៅឆ្ពោះមកផ្លូវជាតិលេខ៤៤ រត់កាត់មុខស្នាក់ការរដ្ឋបាលព្រៃឈើសង្កាត់ត្រពាំងជោ ហៅថា(ផ្លោច) ឆ្ពោះទៅស្រុកថ្ពង ឆ្លងកាត់ ស្នាក់ការរដ្ឋបាលព្រៃឈើថ្ពង ឬហៅថា(អូររទេះភ្លូក) ឆ្លងកាត់មុខសាលាស្រុកថ្ពង បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង និងអធិការដ្ឋាននគរបាលស្រុកថ្ពង នឹងបន្តឆ្ពោះទៅកាន់ក្រុងឧដុង្គម៉ែជ័យ បានយ៉ាងរលូនមិនដែលឃើញសមត្ថកិច្ចឈរជើងតាមគោលដៅតាមដងផ្លូវជាតិលេខ៤៤ ចាត់វិធានការ ទប់ស្កាត់ ឬបង្ក្រាបបានម្តងណាឡើយ ។ អ្នកមាត់ដាចខ្លះនិយាយថា បើបង្ក្រាប តើបានអីស៊ី…ហេ! ហេ!
បើតាមប្រភពព័ត៌មានបានបង្ហើបបន្ថែមឲ្យដឹងទៀតថា÷ មកដល់ពេលនេះមេឈ្មួញឈ្មោះ តាំង សម្បត្តិ និងឈ្មោះ ចាន់ នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ខាងលើ យ៉ាងពេញបន្ទុក ធ្វើឱ្យព្រៃឈើនៅក្នុងស្រុកឱរ៉ាល់វិនាសហិនហោចជាក់ជាមិនខានឡើយ។
ប្រភពពីប្រជាពលរដ្ឋដែលស្និទ្ធនឹងមេឈ្មួញឈ្មោះ តាំង សម្បត្តិ និងឈ្មោះ ចាន់ បានឲ្យដឹងថា ដោយសារមេឈ្មួញនេះ មានខ្នងបង្អែកគ្រាក់ៗនៅពីក្រោយខ្នង ទើបអាចបន្តសកម្មភាពដឹកជញ្ជូនឈើចេញពីភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទើបគ្មានសមត្ថកិច្ចនិងជំនាញណាហ៊ានចាប់បង្ក្រាបឡើយ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕









ចែករំលែកព័តមាននេះ