រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាបានលើកឡើងថា វាជារឿងហួសចិត្ត និងមិននឹកស្មានថា មេដឹកនាំថៃ ហាមាត់ទៅរួច «ករណីចាប់ខ្លួនសម្ដេចតេជោ និងសម្ដេចធិបតី ប្រសិនរកឃើញនៅក្នុងប្រទេសថៃ» ។

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាបានលើកឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ថា បើមិនយល់ទិដ្ឋភាពច្បាប់អន្តរជាតិ ក៏ត្រូវឈ្វែងយល់អំពីការទូតក្នុងទំនាក់ទំនងអន្តរជាតិដែរ ឬមួយមិនយល់ទាំងពីរនេះ? បើមែននោះ មេដឹកនាំបែបនេះ នឹងនាំថៃដើរថយក្រោយ លក់មុខយុវជន ប្រជាជន និងបញ្ញវន្តថៃទាំងមូលឱ្យរងភាពអាម៉ាស់ហើយ ។ បើមេដឹកនាំបែបនេះ វាមិនស្មើនឹងយុវជន ប្រជាជនភាគច្រើន ដែលគេយល់ច្បាប់ និងការទូតរវាងរដ្ឋ និងរដ្ឋដែរ ជាពិសេស អ្នកនយោបាយបន្តវេនថៃបច្ចុប្បន្ន ដែលគេមានចំណេះដឹងគ្រប់គ្រាន់អាចធ្វើមូលវិចារណ៍សម្ដីនេះបាន ។ តែយ៉ាងណា ខ្ញុំមិនចូលជ្រៅកិច្ចការផ្ទៃក្នុងថៃទេ ទុកជូនយុវជន ប្រជាជន និងបញ្ញវន្តថៃចុះ ។
ជាមួយគ្នានោះដែរ ឯកឧត្តម ស សុខា បានចាត់ទុកថា ទោះជាសម្ដីនេះ ដើម្បីតែយកចិត្តយោធាយកចិត្តមនុស្សថៃមួយចំនួនណានោះ ឬគ្រាន់តែជាសារនយោបាយបង្វែរទំនាស់ផ្ទៃក្នុងរបស់ខ្លួនក៏ដោយ ក៏គួររកវិធីផ្សេងក្រៅពីកំហុសជាន់លើកំហុសបែបនេះ ក្នុងនាមជាថ្នាក់ដឹកនាំប្រទេសមួយ ។ ប៉ុន្តែបើសិនជាចិញ្ចឹមចិត្តចង់បានដីខ្មែរតជំនាន់ គឺមេដឹកនាំថៃ ប្រជាជនថៃ មួយអន្លើណានោះ បច្ចុប្បន្ន គួរតែហ៊ានទទួលស្គាល់ពីភាពចាស់ទុំ របៀបធ្វើនយោបាយដ៏ឈ្លាសវៃរបស់មេដឹកនាំខ្មែរ និងសិក្សាឱ្យច្បាស់ពីមេដឹកនាំកម្ពុជាជាមុន ដែលលោកពោរពេញដោយនយោបាយសីលធម៌ វិន័យការទូត និងច្បាប់អន្តរជាតិ មានក្លិនក្រអូបក្នុងតំបន់ និងឆាកអន្តរជាតិ ។
ទោះមិនបង្ហាញដោយចំហ អ្នកនយោបាយថៃ បច្ចុប្បន្នមួយចំនួននោះ ក៏គួរឆ្លាត ចេះលួចសង្កេត លួចស្វ័យពិចារណា រៀនសូត្រពីបទពិសោធជាក់ស្ដែង និងឥរិយាបថនយោបាយដ៏លេចធ្លោ ជាពិសេស ពីសម្ដេចតេជោ ហ៊ុន សែន និងភាពជាអ្នកបន្តវេនប្រកបដោយទំនុកចិត្តសម្រាប់ជាតិ និងប្រជាជនខ្មែរ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកឡើងបន្តថា មែនទែនទៅ យុវជន ប្រជាជន អ្នកវិភាគ និងអ្នកនយោបាយថៃ បានចេញសារតាមបណ្ដាញសង្គមរួចទៅហើយ ទទួលស្គាល់សមត្ថភាពសម្ដេចតេជោ ថ្នាក់ដឹកនាំកម្ពុជា និងកម្ពុជាទាំងមូលថា ខ្លាំង ដើរមុនថៃ និងមានពិសោធន៍ឆ្លាតជាងអ្នកនយោបាយថៃ ដែលសុំរំលេចតែលោកស៊ិនធិលឹមថងគុល ជាអ្នកនយោបាយស្និទនឹងលោក ថាក់ស៊ីន ចាកចេញពីគណបក្សភឿថៃ ទៅរួមជីវភាពនយោបាយជាមួយក្រុមអាវលឿងម្នាក់ទៅចុះ ដែលថ្មីៗនេះ បានផ្ដល់បទសម្ភាសន៍តាមទូរទស្សន៍ថៃ វាយតម្លៃខ្ពស់លើសម្ដេចតេជោ និងដាក់ពិន្ទុទាបលើលោក ថាក់ស៊ីន ។
សួរត្រឡប់ទៅវិញ ក្រៅពីប្រជាជនខ្មែរ គឺមានតែអ្នកនយោបាយមួយក្ដាប់តូច ដែលកំពុងដឹកនាំប្រទេសថៃ តាមវិធីក្បត់សំឡេងម្ចាស់ឆ្នោត និងប្រជាជនថៃជ្រុលនិយមដ៏រញ៉េរញ៉ៃដូចសព្វថ្ងៃនេះឬ ដែលស្គាល់សម្ដេចតេជោ និងសម្ដេចធិបតី? ចុះមេដឹកនាំប្រទេស និងប្រជាជនក្នុងតំបន់ ក៏ដូចជាលើពិភពលោក ដ៏ធំទូលាយនេះ គេមិនស្គាល់សម្ដេចតេជោ គេមិនស្គាល់សម្ដេចធិបតី ទេឬយ៉ាងម៉េច? ច្បាស់ណាស់! មជ្ឈដ្ឋានអន្តរជាតិជាទូទៅ គេគ្មានវាសនាអាក្រក់ដូចអ្នកនយោបាយ និងប្រជាជនជ្រុលនិយមថៃ ដែលបណ្ដោយខ្លួនឱ្យក្លាយជាកង្កែបក្នុងអណ្ដូងនោះឡើយ ។
ឯកឧត្តមក៏បានដាក់សំណួរថា តើជាការសុខចិត្តទទួលស្បែកសត្វសុនខ ដើរកាត់ភូមិក្រោមក្រសែភ្នែកសហគមន៍អន្តរជាតិ ដើម្បីបំប៉ោងខ្លួន បំភាន់ប្រជាជនឯងឬយ៉ាងណា? ទើបបានជាម្ដងហើយម្ដងទៀត មេដឹកនាំនយោបាយថៃ មិនថាផ្លូវការ ឬស្ដីទីរួមទាំងមេយោធាងប់សង្គ្រាមផងនោះ បានដើរនិយាយប្រើភាសាយកជាការពុំបាន និងថែមទាំងជ្រុលហួសលើសកម្រិតភាសាការទូត ហួសព្រំដែននៃបញ្ហា ហួសពីច្បាប់និងនិយាមអន្តរជាតិ រាល់ពេលពួកគេ អត្ថាធិប្បាយប្រធានបទពាក់ព័ន្ធនឹងប្រទេសកម្ពុជា។
ជាក់ស្ដែងណាស់ សម្ដេចតេជោ ហ៊ុន សែន ក៏មិនខុសពីជនរួមជាតិខ្មែរទូទាំងប្រទេសដែរ។ សម្ដេចបានបង្ហាញការហួសចិត្តចំពោះនាយករដ្ឋមន្ត្រីស្ដីទីថៃដែលបាននិយាយប្រាប់ក្រុមអ្នកកាសែតអំពីកិច្ចខិតខំប្រឹងប្រែងដ៏វង្វេងវង្វាន់របស់ខ្លួន ដើម្បីប្រើវិធានការច្បាប់ មកលើសម្ដេចតេជោ និងសម្ដេចធិបតី ។ តាមរយៈទំព័រហ្វេសប៊ុកសម្ដេចតេជោបានសរសេរបញ្ជាក់ថា ប្រសិនបើការចុះផ្សាយរបស់កាសែត ជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទី ជិតផុតអាណត្តិនោះ វាជាការបង្ហាញឱ្យឃើញថា នាយករដ្ឋមន្ត្រីបណ្ដោះអាសន្នរូបនេះ ជា«មនុស្សព្រៃជាអ្នកនយោបាយមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ ហើយថែមទាំងមិនចេះការទូតទៀតផង”។
ឯកឧត្តមស សុខា ក៏បានលើកជាសំណួរទៀតថា តើនាយករដ្ឋមន្ត្រីស្ដីទីថៃរូបនោះ យកមុខទៅទុកឯណា? តើប្រជាជនថៃជ្រុលនិយម ដែលគាំទ្រសម្ដីមេដឹកនាំឡើងបុណ្យតាមខ្យល់គ្មានទិសរូបនេះ យកមុខទៅទុកឯណា? បើយុវជន ប្រជាជន បញ្ញវន្តថៃ ផ្សេងទៀត ដែលមានការយល់ដឹង និងថ្លៃថ្នូរយកខ្លឹមសារបង្ហោះរបស់សម្ដេចតេជោ ទៅចោទសួរ? គឺខ្លឹមសារដែលសម្ដេចលោកបានសរសេរឆ្លើយតបងាយៗថា «ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបានកម្ពុជា ក៏អាចចាប់មេដឹកនាំថៃមួយចំនួន ដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ» ។
ចែករំលែកព័តមាននេះ