រាជធានីភ្នំពេញ ៖ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម -ព្រែកប្រា) សាងសង់បាន៤១% ហើយខណៈស្ពាននេះនឹងជួយសម្រួលវិស័យចរាចរណ៍ និងដឹកជញ្ជូនបានច្រើន ។ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ថា ពេលសាងសង់រួចស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ជួយអ្វីខ្លះដល់ការធ្វើចរាចរណ៍ និងការដឹកជញ្ជូន?។
ដោយគិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែ ក្រោម-ព្រែកប្រា)សាងសង់បាន៤១% ហើយ ។

អ្នកនាំពាក្យក្រសួងបានបន្តថា ស្ពាននេះបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ។
អ្នកនាំពាក្យ ក៏បានលើកឡើងថា ពេលនេះ ការដ្ឋានកំពុងសម្រុកខ្លាំងដោយគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេស ប្រកបដោយគុណភាព និងសោភណ្ឌ័ភាព ។
អង្គភាពគ្រប់គ្រងគម្រោងបានពន្លឿនការងារសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ១ និងបន្តពង្រឹងសុវត្ថិភាពការងារ ដោយហេតុថា រដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំដោយបំពាក់បន្ថែមពោងសុវត្ថិភាពលើទឹក ធានាសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ឆ្លងទីតាំងការដ្ឋាននោះ ។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងសាធារណការក៏បានឲ្យដឹងថា បច្ចុប្បន្នការងារស្ពានផ្នែកខាងកើតស្ពានសម្រេចបាន៖ ១.ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ៦១,៥០% ក្នុងនោះសសរគ្រឹះចំនួន១៥៦ដើម សម្រេចបាន១៣៧ដើម ២០ជើងតាង សម្រេចបានចំនួន៩ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម ។ ២.រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន២៦,១២% រួមមាន ៖ តួសរសរស្ពាន១២ សម្រេចបាន៦សរសរ, សរសរស្ពាន ៥២ សម្រេចបាន២៤ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត ។

គិតត្រឹមដើមខែសីហា ឆ្នាំ២០២៥នេះ ការងារសម្រេចបាន១៧ខែហើយ ស្មើនឹង៤០% នៃផែនការសាងសង់៤២ខែ ដោយមិនយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ។ គម្រោងនេះ ត្រៀមបញ្ចប់នៅដើមឆ្នាំ២០២៨ខាងមុខ ។

ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យក៏បានលើកឡើងថា ពេលសាងសង់រួចស្ពាននេះនឹងជួយ ៖ -កាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ។ – ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ ។ -កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ៕
ចែករំលែកព័តមាននេះ