រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចាត់ទុកចំណាត់ការផ្លូវច្បាប់របស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា មិនត្រឹមតែជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍សមភាពអធិបតេយ្យ និងការគោរពគ្នាទៅវិញទៅមក។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៩ សីហា ឆ្នាំ២០២៥ បានលើកឡើងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានកត់សម្គាល់ដោយក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ ដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រី ស្តីទីនៃប្រទេសថៃ Phumtham Wechayachai ទាក់ទងនឹងការរៀបចំអនុវត្តវិធានការផ្លូវច្បាប់ក្នុង ស្រុករបស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា ។
ក្រសួងបានចាត់ទុកចំណាត់ការផ្លូវច្បាប់របស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា មិនត្រឹមតែជាការរំលោភលើ អធិបតេយ្យភាព និងបូរណភាពនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍សមភាពអធិបតេយ្យ និងការគោរពគ្នាទៅវិញទៅមក ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងកម្ពុជា-ថៃយ៉ាងធ្ងន់ធ្ងរទៀតផង។ លើសពីនេះទៀត ប្រការនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលបានអនុវត្តកន្លងមក ដើម្បីសម្រេចបាននូវបទឈប់បាញ់ដ៏យូរអង្វែង និងដើម្បីស្តារសន្តិភាព និងប្រក្រតីភាពរវាងប្រទេសទាំងពីរ ។
ក្រសួងការបទេសកម្ពុជាថា សកម្មភាពផ្លូវច្បាប់ដែលបានគ្រោងទុកនឹងធ្វើឱ្យខូចខាតដល់ការខិតខំប្រឹងប្រែងទាំង ក្នុងការស្តារឡើងវិញនូវទំនុកចិត្ត ដែលត្រូវការជាចាំបាច់ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបទឈប់ បាញ់ដែលបានព្រមព្រៀងដោយកម្ពុជា និងថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលជាលក្ខខណ្ឌ និងជាជំហានឆ្ពោះទៅរកការបន្ថយភាពតានតឹងនៃស្ថានការណ៍ដែលបានព្រមព្រៀងគ្នា និងការចុះហត្ថលេខាដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងមក ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលថៃ ដើម្បីសម្រេចបាននូវសន្តិភាព និង ការស្តារទំនាក់ទំនងឱ្យមានភាពប្រក្រតីឡើងវិញនាពេលដ៏ខ្លីបំផុតខាងមុខនេះ ៕
ចែករំលែកព័តមាននេះ