ប្រទេសថៃ-មីយ៉ាន់ម៉ា ៖ បណ្តាអ្នកនាំចេញ ព្រមទាំងអាជីវកម្មនៅតាមបណ្តោយព្រំដែន ថៃ-មីយ៉ាន់ម៉ា កំពុងតែប្រឈមនឹងវិបត្តិធ្ងន់ធ្ងរ បន្ទាប់ពីអាជ្ញាធរមីយ៉ាន់ម៉ាបានបិទស្ពានមិត្តភាពទី២ រវាងប្រទេសទាំងពីរភ្លាមៗដោយឯកតោភាគី។ ការបិទនេះ ត្រូវបានរាយការណ៍ថានឹងប៉ះពាល់ដល់ប្រាក់ចំណូលពាណិជ្ជកម្ម ដោយសារតែលំហូរនៃទំនិញត្រូវបញ្ឈប់ និងកំពុងគំរាមកំហែងដល់ពាណិជ្ជកម្មដែលមានតម្លៃប៉ាន់ស្មាន ១៣០ពាន់លានបាត ឬស្មើ៤ពាន់លានដុល្លារអាមេរិក។ នេះបើតាមប្រភពពីសារព័ត៌មាន The Straits Times របស់សិង្ហបុរីចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។
តាមសេចក្តីរាយការណ័ពី The Straits Times មន្ត្រីប្រចាំក្រុងមីយ៉ាវឌី (Myawaddy) រដ្ឋកៃអ៊ីន (Kayin) ប្រទេសមីយ៉ាន់ម៉ា ដែលទល់មុខស្រុកម៉ែសុត (Mae Sot) ខេត្តតាក (Tak) ប្រទេសថៃ បានសម្រេចបិទច្រកព្រំដែនភា្លមៗមិននឹកស្មានដល់ចំពោះយានយន្តខ្នាតធំ និងរថយន្តដឹកទំនិញពាណិជ្ជកម្មទាំងអស់របស់ថៃបណ្តាលឱ្យជាប់គាំងនៅត្រើយម្ខាងថៃនៃស្ពានមិត្តភាពទី ២ ខណៈដែលវិធានការនេះបានធ្វើឡើងដោយគ្មានការជូនដំណឹងជាមុនដល់អាជ្ញាធរ និងមន្ត្រីគយរបស់ថៃនោះទេ។ ហើយបើតាមប្រភពពី Burma News International របស់មីយ៉ាន់ម៉ាបានឱ្យដឹងថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ រថយន្តដឹកទំនិញរបស់ថៃប្រហែល ៥០០គ្រឿងបានជាប់គាំងនៅទីនោះ។
ឈ្មួញម្នាក់បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី៥ ខែសីហា រថយន្តដឹកដែលផ្ទុកទំនិញថៃ បានចតនៅដេប៉ូក្នុងស្រុកម៉ែសុតជាក្រុងព្រំដែនថៃ ដោយរង់ចាំការអនុញ្ញាតចូលប្រទេសមីយ៉ាន់ម៉ា។ ហើយគិតត្រឹមថ្ងៃទី១៦ ខែសីហា ការផ្អាកទំនិញថៃចូលមីយ៉ាន់ម៉ាតាមស្ពានមិត្តភាពទី២ នៅតែអនុវត្តដដែល។ ទោះយ៉ាងណា ការនាំចេញពីមីយ៉ាន់ម៉ា រួមមាន ខ្ទឹមបារាំង ម្ទេស សណ្តែក អង្ករ បន្លែ សាច់ និងត្រី នៅតែបន្តចូលទៅ ថៃដូចធម្មតា។
តាមរបាយការណ៍បានឱ្យដឹងថា បទបញ្ជានេះមានប្រភពពីរបបយោធាមីយ៉ាន់ម៉ា ដែលជាផ្នែកមួយនៃការបង្ក្រាបក្នុងគោលបំណងបង្វែរប្រាក់ចំណេញបានពីពាណិជ្ជកម្មតាមព្រំដែនទៅកាន់រដ្ឋាភិបាលកណ្តាល។ ដ្បិតអស់ជាច្រើនឆ្នាំមកនេះ ផ្នែកដ៏សំខាន់នៃប្រាក់ចំណូលទាំងនេះ បានផ្ដល់ផលប្រយោជន៍ដល់ក្រុមប្រដាប់អាវុធជនជាតិភាគតិចជាច្រើន រួមទាំងកងកម្លាំងការពារព្រំដែន (BGF) ដែលជាកម្លាំងយោធាលេចធ្លោនៅក្នុងតំបន់។
ឥឡូវនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាកំពុងស្វែងរកការបង្កើតការគ្រប់គ្រងឡើងវិញ និងបង្កើនប្រាក់ចំណូលរបស់ខ្លួន ខណៈពេលដែលស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី ២ ដែលជាស្ពានពាណិជ្ជកម្មដ៏សំខាន់រវាងប្រទេសទាំងពីរនៅតែបិទនោះ ស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី ១ នៅតែដំណើរការដដែលសម្រាប់អ្នកថ្មើរជើង និងពាណិជ្ជកម្មក្នុងស្រុកខ្នាតតូច។ ទោះជាយ៉ាងណាក៏ដោយ ស្ពានទី២ គឺជាផ្លូវចម្បងសម្រាប់ការនាំចូល និងនាំចេញទ្រង់ទ្រាយធំ ហើយការបិទស្ពានដ៏សំខាន់នេះ បានបង្កឱ្យមានការរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុនជាច្រើន ព្រមទាំងក្រុមហ៊ុនសេវាដឹកជញ្ជូន និងអាជីវករផងដែរ។
ដើម្បីឆ្លើយតបនឹងវិបត្តិនេះ សភាពាណិជ្ជកម្មខេត្តតាករបស់ថៃ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃទី១៨ ខែសីហា ដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃការបិទច្រកព្រំដែនរវាងមីយ៉ាន់ម៉ា ដោយកិច្ចប្រជុំបានស្នើឱ្យក្រសួងពាណិជ្ជកម្មថៃចរចាបន្ទាន់ជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយ។
ទោះយ៉ាងណាក៏ដោយ ស្ថានការណ៍កាន់តែស្មុគស្មាញ ដោយសារតែវិធានការដ៏តឹងរ៉ឹងថ្មីពីអាជ្ញាធរថៃ។ ចាប់ពីថ្ងៃទី២០ ខែសីហា តទៅ អភិបាលខេត្តតាក បានបញ្ជាឱ្យក្រុមហ៊ុននាំចេញផ្តល់ការជូនដំណឹងជាមុនចំនួន២ថ្ងៃសម្រាប់ទំនិញទាំងអស់ ដែលបន្ទាប់មកនឹងត្រូវត្រួតពិនិត្យដោយមន្ត្រីយោធា រដ្ឋបាល និងមន្ត្រីគយ។ ម្ចាស់អាជីវកម្មបារម្ភថា ការរឹតបន្តឹងនេះ នឹងបង្កើតការពន្យារពេលបន្ថែមទៀត និងការខូចខាតជាច្រើនដែលអាចកើតមានចំពោះទំនិញ ដោយបង្កើនការព្រួយបារម្ភថា ប្រព័ន្ធពាណិជ្ជកម្មតាមព្រំដែនទាំងមូលអាចខ្វិន។
បើតាមទិន្នន័យផ្លូវការពីគយស្រុកម៉ែសុតរបស់ថៃបានបង្ហាញពីផលប៉ះពាល់ធ្ងន់ធ្ងរនៃការធ្លាក់ចុះនៃការនាំចេញ។ ជាក់ស្តែង តម្លៃនៃការនាំចេញរបស់ថៃទៅមីយ៉ាន់ម៉ាតាមរយៈច្រកដ៏សំខាន់នេះ បានធ្លាក់ចុះពីជិត ៥០ពាន់លានបាត ឬជាង ១,៥ពាន់លានដុល្លារក្នុងមួយត្រីមាសនោះ មកនៅត្រឹមជាង ១០ពាន់លានបាត ឬ៣០៧លានដុល្លារប៉ុណ្ណោះ ដែលតួលេខថ្មីៗនេះ បានបង្ហាញពីភាពប្រែប្រួលនៃសេដ្ឋកិច្ចតាមព្រំដែន៕


ចែករំលែកព័តមាននេះ