ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តប៉ៃលិនជំរុញឱ្យមន្ត្រីជំនាញបន្តចុះត្រួតពិនិត្យ និងទប់ស្កាត់សំណង់ខុសបច្ចេកទេស និងសង់រំលោ.ភលើដីចំណីផ្លូវ

3 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ អភិបាលខេត្ត​ប៉ៃលិន ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ​បន្ត​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​សំណង់​ខុស​បច្ចេកទេស និង​សង់​រំលោភ​លើ​ដី​ចំណី​ផ្លូវ​ធារ​ណៈ​ទូ​ទាំង​ខេត្ត​ប៉ៃលិន ។ នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៥…

ខេត្ត​ប៉ៃលិន ៖ អភិបាលខេត្ត​ប៉ៃលិន ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ​បន្ត​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​សំណង់​ខុស​បច្ចេកទេស និង​សង់​រំលោភ​លើ​ដី​ចំណី​ផ្លូវ​ធារ​ណៈ​ទូ​ទាំង​ខេត្ត​ប៉ៃលិន ។

នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៥ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​បាន​អញ្ជើញដឹកនាំ​កិច្ចប្រជុំ​ស្តី​ពី​ការ​ត្រួតពិនិត្យ​វឌ្ឍនភាព ការងារ​គ្រប់គ្រង​សំណង់​នានា ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន និង​បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​សំណង់​ខុស​បច្ចេកទេស និង​សង់​រំលោភ​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ​ទូ​ទាំង​ខេត្ត​ប៉ៃលិន ។

លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ មាន​ប្រសាសន៍​លើក​ឡើង​ថា ៖ បច្ចុប្បន្ន​រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​កំពុង​ពង្រឹង​នូវ​យន្តការ​ទាំងឡាយ​ដែល​ទាក់ទង​ទៅ​នឹង​ច្បាប់​សាងសង់ ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​ខេត្ត​មាន​សំណង់​ប្រកប​ទៅ​ដោយ​សុវត្ថិភាព សោ​ភ័​ណ្ឌ​ភាព ព្រមទាំង​បាន​ខិតខំ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​នានា រួម​ទាំង​ការ​ដាំ​ដើមឈើ ការ​ដាំ​ផ្កា​លំអ​បន្ថែម និង​ការ​ថែទាំ ព្រមទាំង​ការ​កែរ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សួនច្បារ សួន​ពុះ​ចែក​ទ្រូងផ្លូវ​ឱ្យ​បាន​កាន់តែ​ល្អ​ឡើង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​លើ​ផ្នែក​បរិស្ថាន សុខភាព ក៏​ដូច​ជា​បន្ថែម​ក្រវាត់​ពណ៌​បៃតង​ក្នុង​ទីក្រុង ប្រកបដោយ​សោភ័ណ​ភាព​ស្រស់បំព្រង ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​កំសាន្ត​ក្នុង​ខេត្ត​ប៉ៃលិន​យើង ឱ្យ​បាន​កាន់តែ​ច្រើន​ឡើង ដែល​ជា​កត្តា​មួយ​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ។

លោក​ជំទាវ បាន​មាន​ប្រសាសន៍​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​ទាំងអស់ ត្រូវ​រួម​គ្នា​គោរព​ច្បាប់ ហើយ​ប្រសិនបើ​មានការ​សាងសង់​ផ្ទះ ឬ​សាងសង់​កន្លែង​អាជីវកម្ម​ផ្សេង​ៗ ត្រូវ​សុំ​ច្បាប់​សាងសង់​ជា​មុន​សិន ជៀសវាង​មាន​បញ្ហា​ប្រឈម​មុខ​នានា​ដូច​ជា​សំណង់​គ្មាន​ច្បាប់​អនុញ្ញាត សំណង់​ខុស​បច្ចេកទេស និង​ការ​សង់​រំលោភ​លើ​ដី​ចំណី​ផ្លូវ​តាម​សាធារណៈ​ដែល​បណ្តាល​ឱ្យ​ខាត​ពេលវេលា និង​ថវិកា​។

សូម​បញ្ជាក់​ថា ៖ រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​ផែនការ​អភិវឌ្ឍ​ខេត្ត​ប៉ៃលិន ជា​ដែនដី​កែវ​មណី​ជាតិ នៃ​មាតុភូមិ​យើង ប្រកបដោយ​សុខដុមរមនា ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព តាម​ចក្ខុវិស័យ​សម្រាប់​អភិវឌ្ឍន៍​ខេត្ត ឆ្នាំ​២០៤៥ រួម​មាន​៥​គោលដៅ​សំខាន់​ៗ​គឺ ៖ កែ​លម្អរ និង​អភិវឌ្ឍ​ទីក្រុង​កែវ​បៃតង​ទំនើប ប្រកបដោយ​សុខដុមរមនា ច្រកចេញ​-​ចូល អន្តរជាតិ និង​ភស្តុ​ភា​កម្ម​ប្រចាំ​តំបន់ មជ្ឈមណ្ឌល​ផលិតកម្ម ឧ​ហ្សា​ហ​កម្ម សេដ្ឋកិច្ច ធុរកិច្ច ពាណិជ្ជកម្ម កសិកម្ម និង​ទេសចរណ៍​គ្រាប់ពេជ្រ​បៃតង រមណីយដ្ឋាន​គុ​ជ​ទេសចរណ៍ធម្មជាតិ និង​ក​សិ​ទេសចរណ៍ អភិបាលកិច្ច​ល្អ និង​ការ​ផ្តល់​សេវា​សាធារណៈ​ប្រកបដោយ​សមធម៌ តម្លាភាព ប្រសិទ្ធភាព​និង​ទាន់​ពេលវេលា​៕