ប្រទេសវៀតណាម ៖ តាមសេចក្តីរាយការណ៍ពីសារព័ត៌មានវៀតណាម Tuoi Tre បានឱ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាមបានស្នើឱ្យចាប់យកឱកាស និងពន្លឿនការនាំចេញអង្ករបន្ថែមទៀត ជាពិសេសអង្ករមានគុណភាពខ្ពស់ និងអង្ករសរីរាង្គ ភ្ជាប់ជាមួយប្រព័ន្ធតាមដានសុវត្ថិភាព និងកសាងម៉ាកសញ្ញាវៀតណាមជាអង្ករជាតិ ដើម្បីបង្កើនតម្លៃបន្ថែមក្នុងការនាំចេញអង្ករ។ គួររំលឹកថា វៀតណាមវ៉ាដាច់ថៃ ក្លាយជាប្រទេសនាំចេញអង្ករធំទី ២ របស់ពិភពលោក
ការិយាល័យរដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានចេញឯកសារបង្ហាញសេចក្តីណែនាំរបស់នាយករដ្ឋមន្ត្រី ផាំ មិញជិញ (Pham Minh Chinh) ទាក់ទងនឹងការនាំចេញអង្កររបស់ប្រទេសវៀតណាម។ តបតាមរបាយការណ៍ថ្មីៗនេះរបស់សមាគមអ្នកនាំចេញអង្កររបស់ប្រទេសថៃបានបង្ហាញថា វៀតណាមបានវ៉ាដាច់ថៃដើម្បីក្លាយជាប្រទេសនាំចេញអង្ករធំទី ២ របស់ពិភពលោក នៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ តាមពីក្រោយឥណ្ឌាដែលឈរលេខ ១ ពិភពលោក។ សមិទ្ធិផលនេះ កំពុងឆ្លុះបញ្ចាំងកាន់តែខ្លាំងឡើងពីការផ្លាស់ប្តូរពីការនាំចេញច្រើនទៅជាការនាំចេញជាមួយនឹងតម្លៃ ដើម្បីបង្កើតឱ្យមានគុណសម្បត្តិប្រកួតប្រជែងច្បាស់លាស់។
ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីរក្សាជំហររបស់ខ្លួន ឧស្សាហកម្មអង្ករវៀតណាមនៅតែត្រូវដកចេញនូវឧបសគ្គមួយចំនួន និងប្រឈមមុខនឹងហានិភ័យសំខាន់ៗពីផលប៉ះពាល់នៃការហូរចូលទឹកអំបិល គ្រោះរាំងស្ងួត និងការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឱ្យទិន្នផលស្រូវមានការប្រែប្រួល។ ទន្ទឹមនឹងនោះ គោលនយោបាយគ្រប់គ្រងការនាំចេញ និងឧបសគ្គបច្ចេកទេសពីទីផ្សារដែលមានតម្រូវការខ្ពស់ដូចជា សហភាពអឺរ៉ុប (EU) និងជប៉ុន នៅតែជាបញ្ហាប្រឈមចម្បង។
នៅក្នុងបរិបទនៃតម្រូវការសកលខ្សោយ ឬការទម្លាក់តម្លៃខ្លាំងពីដៃគូប្រកួតប្រជែងនោះ ទាំងនេះតម្រូវឱ្យមានយុទ្ធសាស្ត្ររយៈពេលវែង ដោយផ្លាស់ប្តូរពីការផ្តោតលើការបង្កើនទិន្នផលទៅជាការកែលម្អតម្លៃផលិតផល។ នៅក្នុងរយៈពេលវែង ទិសដៅត្រូវតែប្តូរទៅជាការនាំចេញអង្ករមានគុណភាពខ្ពស់ អង្ករសរីរាង្គ ការតាមដានសុវត្ថិភាព ព្រមទាំងការកសាងម៉ាកសញ្ញាជាតិលើឆាកអន្តរជាតិ។ បើពុំដូច្នេះទេ តំណែងលេខ ២ បច្ចុប្បន្នអាចគ្រាន់តែជារលកមួយឆាវ ដែលមានអាយុកាលខ្លី ចំពេលកំពុងជួបវិបត្តិនៃការផ្គត់ផ្គង់លើសតម្រូវការ និងការប្រែប្រួលអាកាសធាតុសកល។
ទាក់ទិននឹងបញ្ហានេះ នាយករដ្ឋមន្ត្រីវៀតណាមបានចាត់ឱ្យក្រសួងកសិកម្ម និងបរិស្ថាន សិក្សាព័ត៌មានខាងលើ ហើយដឹកនាំ និងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីមានផែនការជាក់លាក់មួយដោះស្រាយភ្លាមៗតាមសមត្ថកិច្ច។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើដល់ក្រសួងកសិកម្ម និងបរិស្ថាន ពន្លឿនការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដីដាំដុះស្រូវគុណភាពខ្ពស់ និងបញ្ចេញឧស្ម័នទាប លើផ្ទៃដី១លានហិកតា ដែលពាក់ព័ន្ធជាមួយនឹងកំណើនបរិស្ថានបៃតងនៅតំបន់ដីសណ្តទន្លេមេគង្គនៅឆ្នាំ២០៣០។
យោងតាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាមបានឱ្យដឹងថា ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ វៀតណាមបាននាំចេញអង្ករចំនួន ៥,៥លានតោន ទទួលបានប្រាក់ចំណូលចំនួន ២,៨១ពាន់លានដុល្លារអាមេរិក កើនឡើង ៣,១% សម្រាប់បរិមាណ ប៉ុន្តែធ្លាក់ចុះជិត ១៦% សម្រាប់តម្លៃ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ប្រទេសហ្វីលីពីន គឺជាទីផ្សារទិញអង្ករធំបំផុតរបស់វៀតណាមដែលមានចំណែកទីផ្សារជិត ៤៣% ប្រទេសហ្គាណា និងកូតឌីវ័រជាទីផ្សារធំបន្ទាប់ ដែលមានចំណែកទីផ្សារ ១១,១% និង ១០,៦% រៀងខ្លួន។ ក្នុងចំណោមទីផ្សារនាំចេញធំជាងគេទាំង ១៥ តម្លៃនាំចេញអង្ករវៀតណាមបានកើនឡើងច្រើនបំផុតក្នុងទីផ្សារបង់ក្លាដែស ដោយមានការកើនឡើងរហូតដល់ ១៨៨ ដង និងធ្លាក់ចុះច្រើនបំផុតនៅទីផ្សារម៉ាឡេស៊ីដោយមានការថយចុះ ៥៨,៥%៕

ចែករំលែកព័តមាននេះ