ប្រទេសវៀតណាម ៖ យោងតាមប្រភពពីសារព័ត៌មានថៃ PBS បានរាយការណ៍កាលពីថ្ងៃទី៣ ខែសីហា កន្លងទោ ដោយដកស្រង់របាយការណ៍ពីសមាគមអ្នកនាំចេញអង្ករថៃ បានឱ្យដឹងថា ប្រទេសវៀតណាមបានវ៉ាដាច់ប្រទេសថៃជាផ្លូវការ ដើម្បីក្លាយជាប្រទេសនាំចេញអង្ករធំទី ២ របស់ពិភពលោក។ នេះបើតាមប្រភពពីសារព័ត៌មានវៀតណាម Vietnam Plus និង Znews ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។
សមាគមអ្នកនាំចេញអង្ករថៃបានកត់សម្គាល់ថា ចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២៥ឥណ្ឌាបាននាំចេញអង្ករចំនួន ១១,៦៨ លានតោន កើនឡើង ៣៦,៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយបន្តឈរជាប្រទេសនាំចេញអង្ករច្រើនជាងគេលើពិភពលោក តាមពីក្រោយដោយប្រទេសវៀតណាមនាំចេញអង្ករចំនួន ៤,៧២លានតោន កើនឡើង ៣,៦%។ ទន្ទឹមនឹងនេះ ប្រទេសថៃបាននាំចេញចំនួន ៣,៧៣លានតោន ធ្លាក់ចុះ ២៧,៣% ។ ចំណែកប៉ាគីស្ថាននាំចេញ ២,៧៦លានតោន ធ្លាក់ចុះ ២០,២% និងសហរដ្ឋអាមេរិក ១,៤លានតោន ធ្លាក់ចុះ ២៣,៥% ។
ទោះយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានបង្ហាញថា វៀតណាមមើលឃើញការកើនឡើងនៃបរិមាណនាំចេញ និងការធ្លាក់ចុះនៃតម្លៃ។ ប្រទេសនេះបាននាំចេញអង្ករប្រមាណ ៧៥ម៉ឺនតោនក្នុងខែកក្កដា ឆ្នាំ២០២៥ ជាមួយប្រាក់ចំណូល ៣៦៦,១លានដុល្លារ។ តាមរយៈនេះបាននាំឱ្យការនាំចេញអង្ករសរុបរបស់វៀតណាម សម្រាប់រយៈពេលប្រាំពីរខែដំបូង នៃឆ្នាំនេះ ឈានដល់ប្រហែល ៥,៥លានតោន ដែលបង្កើតប្រាក់ចំណូលបាន ២,៨១ពាន់លានដុល្លារ ដែលជាបរិមាណកើនឡើង ៣,១% ប៉ុន្តែតម្លៃធ្លាក់ចុះគួរឱ្យកត់សម្គាល់ ១៥,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ការធ្លាក់ចុះប្រាក់ចំណូលត្រូវបានសន្មតថា បណ្តាលមកពីតម្លៃនាំចេញមធ្យមទាប។ ជាក់ស្តែងក្នុងរយៈពេលប្រាំពីរខែដំបូង តម្លៃនាំចេញជាមធ្យមរបស់វៀតណាមបានធ្លាក់ចុះមកត្រឹម ៥១៤ដុល្លារក្នុង១តោន ពោលធ្លាក់ចុះ ១៨,៤% ធៀបនឹងឆ្នាំមុន។ ហ្វីលីពីននៅតែជាអ្នកទិញអង្ករវៀតណាមច្រើនជាងគេ ដែលស្មើនឹង ៤២,៦% នៃការនាំចេញសរុប បើ ទោះបីជាតម្លៃទៅកាន់ទីផ្សារមួយនេះបានធ្លាក់ចុះ ១៣,៥% នៅក្នុងឆមាសទី១ នៃឆ្នាំនេះយ៉ាងណាក៏ដោយ។
ទោះបីជាការពង្រឹងជំហររបស់ខ្លួនក្នុងនាមជាអ្នកនាំចេញអង្ករធំជាងគេទី ២ របស់ពិភពលោកក៏ដោយ ក៏វៀតណាមប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងពីការធ្លាក់ចុះតម្លៃពិភពលោក។ អ្នកជំនាញបានលើកឡើងថា តម្លៃអង្ករនឹងបន្តស្ថិតក្រោមសម្ពាធនាពេលខាងមុខ ដោយសារការកើនឡើងនៃការផ្គត់ផ្គង់ខ្លាំងពីប្រទេសផលិតធំៗ ខណៈដែលតម្រូវការពិភពលោកនៅទ្រឹង។ ទាំងនេះនាំឱ្យមានការប្រកួតប្រជែងតម្លៃដ៏ខ្លាំងក្លាក្នុងចំណោមអ្នកនាំចេញ ដោយបង្ខំឱ្យប្រទេសនានា រួមទាំងប្រទេសមានទម្លាប់នាំចេញយូរអង្វែងមកហើយនោះ ត្រូវកែតម្រូវយុទ្ធសាស្ត្ររបស់ពួកគេ ដើម្បីរក្សាចំណែកទីផ្សារ៕

ចែករំលែកព័តមាននេះ