ទីក្រុងកៀវ៖ ថ្មីៗនេះ អ៊ុយក្រែនបានដាក់សំណើទៅឱ្យអាមេរិកពិនិត្យមើលដែលមានទឹកប្រាក់វិនិយោគ១៥០ពាន់លានដុល្លារនៅក្នុងនោះដើម្បីជាថ្នូរនឹងការទទួលបានការធានាសន្តិសុខពីអាមេរិក។ នៅក្នុងចំណោមនោះ ថវិកា១០០ពាន់លានដុល្លារនឹងប្រមូលពីក្នុងចំណោមប្រទេសនៅអឺរ៉ុបដើម្បីទិញអាវុធពីអាមេរិក និងថវិកា៥០ពាន់លានដុល្លារទៀតជាការវិនិយោគរួមគ្នារវាងអាមេរិក និងអ៊ុយក្រែននៅក្នុងការផលិតដ្រូន។
សំណើនេះបង្ហាញថាអ៊ុយក្រែនចង់បំពេញចិត្តលោកត្រាំដែលមាននយោបាយតម្កល់ផលប្រយោជន៍មេរិកជារឿងសំខាន់ទី១។ អ៊ុយក្រែនចង់បង្ហាញថាកិច្ចព្រមព្រៀងនេះនឹងផ្ដល់ផលចំណេញសម្រាប់អាមេរិក។ អនុវត្តវិធីបែបនេះប្រសើរជាងការផ្ដល់ជំនួយដូចដែលធ្លាប់ធ្វើកាលពីពេលកន្លងមក។
ពេលវេលានៅក្នុងដំណាក់កាលនេះជាកត្តាសំខាន់ព្រោះលោកត្រាំបានផ្លាស់ប្ដូរគោលជំហររបស់គាត់ពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន។ កាលពីមុន គាត់គាំទ្រឱ្យមានបទឈប់បាញ់សិនមុននឹងឈានដល់ការចរចាសន្តិភាព។ នេះជាអ្វីដែលអ៊ុយក្រែន និងអឺរ៉ុបចង់បាន។ ប៉ុន្តែបន្ទាប់ពីជួបលោកពូទីននៅអាឡាស់ស្កាកាលពីថ្ងៃសុក្រ លោកត្រាំយល់ថាមិនចាំបាច់មានបទឈប់បាញ់ទេ។
រុស្ស៊ី និងអ៊ុយក្រែនអាចប្រើវិធីវាយប្រហារគ្នាផង និងចរចាគ្នាផង។ លោកត្រាំគាំទ្រឱ្យមានដំណោះស្រាយសន្តិភាពតែម្ដងដោយមិនចាំបាច់អន្ទង់វែងឆ្នាំងវែងទេ។ ប៉ុន្តែអនុវត្តវិធីនេះអាចធ្វើឱ្យរុស្ស៊ីមានប្រៀបក្នុងការទាមទារឱ្យអ៊ុយក្រែនកាត់ទឹកដីរបស់ខ្លួន។ អធិការបតីអាល្លឺម៉ង់ លោកម៊ែក (Merz) ចង់សង្កត់ធ្ងន់ទៅលើដំណោះស្រាយដែលគ្របដណ្ដប់ដ៏ទូលំទូលាយមិនត្រឹមតែអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែគឺទ្វីបអឺរ៉ុបទាំងមូល។ លោកម៊ែកយល់ថាគម្រោងជួបគ្នារវាងលោកពូទីន និងលោកហ្សឺលែនស្គីពាក់ព័ន្ធនឹងទ្វីបអឺរ៉ុបទាំងមូល ហើយនឹងជះឥទ្ធិពលទៅលើសណ្ដាប់ធ្នាប់នយោបាយនៅអឺរ៉ុប។
កិច្ចព្រមព្រៀងនេះអាចនឹងជះឥទ្ធិពលទៅលើអនាគតនៃទំនាក់ទំនងអាមេរិក-អ៊ុយក្រែន។ ពោលគឺកែសម្រួលពីការផ្ដល់ជំនួយទៅឱ្យអ៊ុយក្រែនទៅជាការចាប់ដៃគូសហការជាលក្ខណៈរកស៊ីចូលហ៊ុនគ្នាវិញម្ដង។ ម៉្យាងទៀត កិច្ចព្រមព្រៀងនេះក៏ដោះស្រាយបញ្ហាកង្វល់របស់ទ្វីបអឺរ៉ុបពាក់ព័ន្ធនឹងការធានាសន្តិសុខរយៈពេលវែងសម្រាប់ពួកគេផងដែរ។
សំណើរបស់លោកហ្សេឡិនស្គីខាងលើនេះត្រូវអាមេរិក និងអឺរ៉ុបបានដឹងឮជាបណ្ដើរៗតាំងពីមុនពេលមានកិច្ចជំនួបហ្សេឡិនស្គី និងត្រាំនៅសេតវិមានកាលពីយប់មិញទៅទៀត។ នេះបើតាមការផ្សាយរបស់សារព័ត៌មានហ្វាយណាន់សល ថាមស៍ (Financial Times)។ នៅពេលអ្នកសារព័ត៌មានសួរថាតើអាមេរិកត្រៀមផ្ដល់ជំនួយយោធាបន្ថែមទៀតទៅឱ្យអ៊ុយក្រែនដែរឬទេ? លោកត្រាំឆ្លើយតបថា «យើងមិនផ្ដល់ឱ្យទេ ប៉ុន្តែយើងលក់អាវុធទៅឱ្យអ៊ុយក្រែនវិញម្ដង»។
សំណុំឯកសារដែលកាសែតហ្វាយណាន់សល ថាមស៍ ទទួលបាននោះនិយាយអំពីការអំពាវនាវឱ្យមានបទឈប់បាញ់, ការច្រានចោលសំណើរបស់លោកពូទីនដែលចង់ឱ្យអ៊ុយក្រែនកាត់ទឹកដីរបស់ខ្លួន។ សំណើនេះចង់សង្កត់ធ្ងន់ថាបើចង់បានសន្តិភាពដ៏យូរអង្វែងមិនមែនចាំតែកាត់ដីឱ្យគេ និងជូនកាដូទៅលោកពូទីនទទេៗនោះឡើយ។ ប៉ុន្តែសន្តិភាពអាចកើតមានទៅបានត្រាតែរៀបចំប្រព័ន្ធសន្តិសុខដ៏រឹងមាំមួយដែលទប់ស្កាត់ការឈ្លានពាននាពេលអនាគត។
ឥឡូវនេះ អ៊ុយក្រែនសម្រេចចិត្តបែបណាអាស្រ័យទៅលើលោកហ្សេឡិនស្គីជាអ្នកសម្រេចទៅចុះនៅពេលលោកជួបគ្នាតតួតែ២នាក់ជាមួយលោកពូទីន។ ដូចអ្វីដែលលោកធ្លាប់បានសន្យាកាលពីពេលថ្មីៗនេះអីចឹងគឺថាលោកត្រាំពេលនេះទុកឱ្យអ៊ុយក្រែនជាអ្នកសម្រេចលើបញ្ហាបូរណភាពទឹកដីដោយខ្លួនឯងចុះ។ ក្រោយពេលជួបហ្សេឡិនស្គី និងសម្ព័ន្ធមិត្តនៅក្នុងអង្គការណាតូរួច ត្រាំបង្ហោះសារនៅលើបណ្ដាញសង្គមថាលោកបាននិយាយជាមួយលោកពូទីនរួចហើយ។ លោកពូទីនយល់ព្រមជួបលោកហ្សេឡិនស្គីឆាប់ៗនេះ។ ដូច្នេះ លោកត្រាំក៏ចាប់ផ្ដើមរៀបចំគម្រោងជួបគ្នានេះជាបណ្ដើរៗផងដែរ៕
ចែករំលែកព័តមាននេះ