ខេត្ដកំពង់ស្ពឺ ៖ ដោយអនុវត្ដតាមបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ កម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានចុះស្រាវជ្រាវករណីក្រុមក្មេងទំនើង បង្កហិង្សាដោយដេញវាយគ្នាមុខរោងចក្រ ក្រោយមានទំនាស់ពាក្យសម្ដីនឹងគ្នា នៅក្នុងរោងចក្រ រឿងស្នើឲ្យកែសម្រួលខោដែលខូច តែភាគីម្ខាងប្រកែកថា មិនធ្វើនោះទេ ហ្អែងថៅកែអញមែន ? ។
បើតាមគណនីហ្វេសប៊ុកឈ្មោះ «ឌីណាក្មេងតូច KH» កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ក៏បានបង្ហោះអំពីសកម្មភាពក្មេងទំនើង ២ក្រុម មានគ្នាប្រមាណ២០នាក់ បានយកមួកសុវត្ថិភាព ដុំថ្ម គប់គ្នាទៅវិញទៅមក នៅចំណុចមុខរោងចក្រហ៊ីរ៉ូតា ទីតាំងស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ជាប់ផ្លូវជាតិលេខ៤ ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានអោយដឹងថា ដោយមានកិច្ចសហការដឹកនាំពីកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងនគរបាលស្រុកសំរោងទង កំណត់បានមុខសញ្ញាជនបង្ក និងឃាត់ខ្លួនបានចំនួន៦នាក់ រួមមាន ៖
១-ឈ្មោះ អ៊ីន សុភី ហៅក្រូច ភេទប្រុស អាយុ ២២ឆ្នាំ កាន់មួកកូប សុវត្ថិភាព
២-ឈ្មោះ ណេន សុវណ្ណារី ហៅរី ភេទប្រុស អាយុ ១៩ឆ្នាំ អ្នកកាន់ដុំថ្ម
៣-ឈ្មោះ ឃ្លោក គង់ ហៅញ៉ាញ់ ភេទប្រុស អាយុ ២៦ឆ្នាំ អ្នករើសយកដុំថ្មគប់ ។
ភាគីម្ខាងទៀត រួមមាន ៖
៤-ឈ្មោះ ភឿន ភាស់ ភេទប្រុស អាយុ ២២ឆ្នាំ កាន់កាំបិតតាំងតោ
៥-ឈ្មោះ ភឿន ភ័ក្ត្រ ភេទប្រុស អាយុ ២០ឆ្នាំ កាន់មួកកូបសុវត្ថិភាព
៦-ឈ្មោះ ភឿន សុភា ភេទប្រុស អាយុ ១៨ឆ្នាំ កាន់មួកកូបសុវត្ថិភាព ។
តាមការសាកសួរ ភាគីទាំងសងខាង សុទ្ធតែទទួលស្គាល់ថា ពួកគេពិតជាមានទំនាស់ពាក្យសម្ដីប្រាកដមែន និងបានធ្វើសកម្មភាពប្រយុទ្ធគ្នាដោយចង់ដឹងថា នរណាខ្លាំងជាង ។
ប្រតិបត្ដិការខាងលើ សមត្ថកិច្ចជំនាញធ្វើការដកហូតម៉ូតូ ៤គ្រឿង និងមួកសុវត្ថិភាពចំនួន៤ និងបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដ បន្ដនីតិវិធី ៕





ចែករំលែកព័តមាននេះ