ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ ដែលធ្វើសកម្មភាពលក់ចែកចាយគ្រឿងញៀនចំនួន៩ថង់ (ស្មើ៤១៧,៤០ក្រាម) ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា ជនសង្ស័យមានឈ្មោះ ចាង យូលុន ហៅហេមាន ភេទប្រុស អាយុ២៦ឆ្នាំ (ជនជាតិចិនតៃវ៉ាន់) ស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

លោកបានបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានស្រាវជ្រាវ ហើយកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាជនជាតិចិនតៃវ៉ាន់ និងរឹបអូសវត្ថុតាងមានគ្រឿងញៀនប្រភេទម្សៅក្រាម.សថ្លាចំនួន៩ថង់ ស្មើ៤១៧,៤០ក្រាម និងជញ្ជីថ្លឹងគ្រឿងញៀន១គ្រឿង និងសម្ភារមួយចំនួនដែលឃាត់ កាលពីថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោករសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនតៃវ៉ាន់ម្នាក់ និងវត្ថុតាងគ្រឿងញៀន ត្រូវបាននាំយកសាកសួរតាមចម្លើយសារភាពគឺជនសង្ស័យជាមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមច្បាប់ ៕
ចែករំលែកព័តមាននេះ