រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ទោ ជឿន សារួន អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ អត្តលេខ៨៣៨១២ ដែលពាក់ព័ន្ធនិងបញ្ហាដីឡូត៍ ត្រូវបានស្នើសុំបណ្តេញចេញក្របខណ្ឌ ។

យោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការរដ្ឋាននគបាលជាតិនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥បានលើកឡើងថា កាលពីពេលថ្មីៗនេះ តាមបណ្តាញព័ត៌មានសង្គមបានផ្សព្វផ្សាយថា មានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បានធ្វើការតវ៉ាពាក់ព័ន្ធបញ្ហាទិញដីឡូត៍ពីលោក ជឿន សារួនអធិការរងនគរបាលខណ្ឌព្រែកព្នៅ ស្ថិតនៅភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោយបង់លុយរួចហើយ និងកំពុងបង់លុយបន្តតែមិនទទួលបានដី ហើយនឹងប្លង់ដែលអធិការរងខណ្ឌព្រែកព្នៅ បានរត់គេចខ្លួនទៅក្រៅប្រទេសបាត់ហើយ ។

ចំពោះករណីលោកវរសេនីយ៍ទោ ជឿន សារួន អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ អត្តលេខ៨៣៨១២ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តទណ្ឌកម្មវិន័យក្រោមរូបភាពបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ ពាក់ព័ន្ធនឹងមន្ត្រីរូបនេះ បានល្មើសវិន័យកងកម្លាំង
នគរបាលជាតិអវត្តមានបាត់មុខគ្មានមូលហេតុ ដោយមិនបានមកបំពេញភារកិច្ចនៅអង្គភាពជាច្រើនថ្ងៃមកហើយ មិនទទួលខុសត្រវចំពោះតួនាទីភារកិច្ចជានគរបាលជាតិ។ ដូចនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រជុំក្រុមប្រឹក្សាវិន័យ ហើយបានសម្រេចសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។
សូមបញ្ជាក់ថា ករណីអធិការរងខណ្ឌព្រែកព្នៅ លោកវរសេនីយ៍ទោ ជឿន សារួន ដែលបានធ្វើសកម្មភាពបង្កបញ្ហាពាក់ព័ន្ធនិងរឿងរ៉ាវដីធ្លីជាមួយប្រជាពលរដ្ឋ ជារឿងបុគ្គល មិនជាប់ពាក់ព័ន្ធជាមួយនិងអង្គភាពនោះឡើយ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ