រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារចាញ់បោកក្រុមហ៊ុនពិភពដីមាសច្រើនឆ្នាំហើយប្រមាណ១០០នាក់ បានជួបប្រមូលផ្ដុំគ្នាជាថ្មីនៅមុខសាលាដំបូងរាជធានីភ្នំពេញដើម្បីគាំទ្រតំណាង ដែលតុលាការអញ្ជើញមកចូលរួមបើកសវនាការរឿងបណ្តឹង ក្រុមហ៊ុនពិភពដីមាសគំរាមកំហែងប្រជាពលរដ្ឋរងគ្រោះ ។
នៅក្នុងឱកាសនោះប្រជាពលរដ្ឋរងគ្រោះក៍បានទទូចស្នើសុំឱ្យតុលាការពន្លឿនការដោះស្រាយ ខណៈពេលដែលពួកគាត់ជាអ្នករងគ្រោះបានជំពាក់បំណុលធនាគារវ័នករព្រោះតែខ្ចី លុយទៅទិញដីខ្យល់របស់លោកឧកញ៉ាហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាសបានការប្រាក់។
ការជួបប្រមូលផ្ដុំជាថ្មីកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី២១ ខែកក្កដាឆ្នាំ ២០២៥នេះ នៅមុខសាលាដំបូងរាជធានីភ្នំពេញដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បន្ទាប់ពីតុលាការបានអញ្ជើញតំណាងប្រជាពលរដ្ឋចូលរួមបើកសវនាការជុំវិញបណ្ដឹងដែលប្រជាពលរដ្ឋប្ដឹងក្រុមហ៊ុនដែលគំរាមកំហែង។
តាមប្រជាពលរដ្ឋរងគ្រោះបានឲ្យដឹងថា ការលើកគ្នាមកតុលាការនេះគឺដើម្បីគាំទ្រនិងលើកទឹកចិត្ត តំណាងរបស់ពួកគាត់ដែលត្រូវបានតុលាការអញ្ជើញឲ្យចូលរួមបើកសវនាការ។
ប្រជាពលរដ្ឋរងគ្រោះក៏បានទទូច ស្នើសុំតុលាការ ពន្លឿនការដោះស្រាយជូនពួកគាត់ ដែលទន្ទឹងរង់ចាំអស់ជាច្រើនឆ្នាំមកហើយ។
គួរបញ្ជាក់ថា ក្រុមហ៊ុនពិភពដីមាសមានស្នាក់ការក្រុមហ៊ុនស្ថិតនៅ ភូមិ ត្រពាំងថ្ងាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានលោកឧកញ៉ាហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន។កាលពីកំឡុងឆ្នាំ២០២១ឆ្នាំ២០២២ប្រជាពលរដ្ឋរាប់ពាន់គ្រួសារបាននាំគ្នាមកទិញដីរបស់ក្រុមហ៊ុនពិភពដីមាសនេះនៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺក្នុងមួយឡូ តិ៍១៥០០០ ដុល្លារហើយនៅក្នុងការទិញដីជិតទៀតសោត គឺបានការប្រាក់បីភាគរយជាហេតុធ្វើអោយប្រជាពលរដ្ឋបានយកប្លង់ដីនិងផ្ទះទៅដាក់ធានាគារ ដើម្បីយកលុយមកទិញដីពីក្រុមហ៊ុនបានការប្រាក់និងខ្លះទៀតយកលុយទៅដាក់អោយក្រុមហ៊ុនដើម្បីយកការក៍មានដែរតែទីបំផុតបានការតែប៉ុន្មានខែបាញ់បោកអស់ទាំងការនិងដើម។លុះក្រោយមកប្រជាពលរដ្ឋរាប់រយពាន់នាក់បានផ្ទុះការតវ៉ាដុតកង់រថយន្តជាច្រើនលើកមកហើយ។
នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ លោកឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញឃាត់ខ្លួនពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋនិងប្រើអំពើហិង្សាមកលើសមត្ថកិច្ចហើយត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។បន្ទាប់ពីជាប់ពន្ធនាគារប្រពន្ធរបស់គាត់ក៏បានអង្វរប្រជាពលរដ្ឋឲ្យនាំគ្នាផ្តិតមេដៃដើម្បីដោះលែងលោកឧកញ៉ា ហើយសន្យាថានឹងដោះស្រាយជូនពួកគាត់តែទីបំផុតគឺសន្យាខ្យល់បោកប្រាស់ដដែលហើយប្រជាពលរដ្ឋបន្តនាំគ្នាតវ៉ារហូតមកដោយនាំគ្នាផ្តិតមេដៃប្តឹងទៅតុលាការដើម្បីទាមទារប្រាក់ត្រឡប់មកវិញ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕










ចែករំលែកព័តមាននេះ