ខេត្តកំពង់ធំ ៖ អ្នកបើកបរគ្រឿងចក្រម្នាក់កំពុងតែប្រតិបត្តិការនៃការស្តារស្ទឹងស្លាប ស្ថិតនៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ក៏ស្រាប់តែប្រទះឃើញរូបបដិមាមួយអង្គ នៅត្រង់ចំណុចខាងលិចវត្តពង្រ ចម្ងាយប្រមាណ២០០ ម៉ែត្រ ។

នេះបើតាមមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ធំបានផ្សាយនាមុននេះ ៖ ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោក ហ៊ិន សោភ័ណ ប្រធានមន្ទីរព្រមទាំងការិយាល័យបេតិកភណ្ឌ សហការជាមួយការិយាល័យនគរបាលការពារបេតិកភណ្ឌ រដ្ឋបាលស្រុកសន្ទុក និងអធិការដ្ឋាននគរបាលស្រុកសន្ទុក បានចុះពិនិត្យ និងវាយតម្លៃវត្ថុសិល្បៈរកឃើញថ្មីចំនួន ១ (មួយ) ដុំ/អង្គ នៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ។

បដិមានេះ រកឃើញ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយអ្នកបើកបរគ្រឿងចក្រ ឈ្មោះ កាក់ ប៊ុនថន ត្រង់ចំណុចខាងលិចវត្តពង្រ ចម្ងាយប្រមាណ២០០ ម៉ែត្រ ក្នុងពេលប្រតិបត្តិការនៃការស្តារស្ទឹងស្លាប ស្ថិតនៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ក្រោយពីការពិនិត្យចប់សព្វគ្រប់មក ជាលទ្ធផលបានបង្ហាញថា បដិមានេះធ្វើអំពីស្ពាន់ ដែលទំនងជារូបតំណាងនៃទេព ក្នុងព្រះពុទ្ធសាសនានិកាយមហាយាន ដែលគេស្គាល់ព្រះនាមថា ព្រះពោធិសត្វអវលោតិកេស្វរ (លោកេសូរ) ឬអាចជាព្រះពោធិសត្វមៃត្រេយ (សិអារ្យមេត្រិយ) (ការសន្និដ្ឋាននេះ មិនប្រាកដទាំងស្រុង ដោយសារការបាក់បែកនៅត្រង់ចំណុចថ្ងាស និងផ្នួងសក់ ដែលជាលក្ខណៈសម្គាល់អំពីទេពទាំងពីរនេះ) ។

តាមទម្រង់ព្រះភក្ត្រ និងសំពត់របស់ទេព បដិមានេះ ទំនងស្ថិតនៅក្នុងរចនាបថបាខែង (គ.ស.៨៩៣ – ៩២៥) ក្នុងរជ្ជកាលព្រះបាទស្រីយសោវរ្ម័នទី១ ឬព្រះបាទស្រីហស៌វរ្ម័នទី១ ។ បដិមានេះ បានយកមករក្សាទុកនៅសារមន្ទីរខេត្តនៅព្រឹកថ្ងៃខែឆ្នាំដដែល ៕




ចែករំលែកព័តមាននេះ