ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ ស្នើ​បុរស​ដែល​ឈរ​បន្ទោបង់​នៅ​ទី​សាធារណៈ​ក្បែរ​ព្រ​លាន​យន្តហោះ ឲ្យ​ចូលខ្លួន​សុំ​ទោស​ជា​សាធារណៈ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ ស្នើ​ឱ្យ​បុរស​ឈរ​បន្ទោបង់​(​បត់ជើងតូច​)​នៅ​ទី​សាធារណៈ ត្រង់​ចំណុច​ហួស​ច្រក់ចេញ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចូលខ្លួន​មក​សុំ​ទោស​ជា​សាធារណៈ នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឬ​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោយ​ពី​វី​ដេ​អូ​បុរស​រូប​នេះ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ ស្នើ​ឱ្យ​បុរស​ឈរ​បន្ទោបង់​(​បត់ជើងតូច​)​នៅ​ទី​សាធារណៈ ត្រង់​ចំណុច​ហួស​ច្រក់ចេញ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចូលខ្លួន​មក​សុំ​ទោស​ជា​សាធារណៈ នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឬ​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោយ​ពី​វី​ដេ​អូ​បុរស​រូប​នេះ បង្ក​ឱ្យ​មានការ​រិះគន់​ពេញ​បណ្តាញ​សង្គម​យ៉ាង​ខ្លាំង ។

ការ​រិះគន់​នេះ បាន​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥​នេះ ដោយ​មាន​អ្នកខ្លះ​លើក​ឡើង​ថា «​តាម​ទី​សាធារណៈ បើ​ទ្រាំ​មិន​បាន គួរ​ណាស់​តែ រក​កន្លែង​បាំងបិទ​អោយ​អស់​លទ្ធភាព កុំមក​ឈរ​ទាំង​ននលគក​បែប​នេះ ទីតាំង​នៅ​ហួស​ច្រក់ចេញ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​បន្តិច ។

តាម​រយៈ​វី​ដេ​អូ ដែល​គេ​ថត​បាន​បុរស​ម្នាក់​នេះ អាច​មាន​អាយុ​ចាប់ពី​ជាង​៣០​ឆ្នាំ ទៅ​ជាង​៤០​ឆ្នាំ ជិះ​រថយន្ត​មួយ​គ្រឿង ម៉ាក​កា​ម៉ា​រី ពណ៌​ស ស៊េរី​៩៦ ពាក់​ស្លាក់​លេខ ភ្នំពេញ 2A-3483 បាន​ឈប់​រថយន្ត អែប​កៀន​លើ​ទ្រូងផ្លូវ រួច​ចុះ​ទៅ​បត់ជើងតូច​ដាក់​លើ​សួន ដោយ​មិន​ខ្មាស​អៀន ខណៈ​ដែល​មាន​អ្នកដំណើរ​ច្រើន មមាញឹក​បំផុត ។

ជុំវិញ​សកម្មភាព​មិនល្អ​ភ្នែក​នៅ​តាម​ទី​សាធារណៈ​នេះ លោកស្រី ដោ សម្ផស្ស នាយិការ​រង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​ឱ្យ​អ្នក​បត់ជើងតូច​នៅ​តាម​ទី​សាធារណៈ​រូប​នេះ ចូលខ្លួន​មក​សុំ​ទោស​ជា​សាធារណៈ នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឬ​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​កុំឱ្យ​ថ្ងៃក្រោយ​ធ្វើ​សកម្មភាព​មិនល្អ​បែប​នេះ​ទៀត ហើយ​ក៏​ដើម្បី​ជា​សារ​មួយ​ព្រមាន​ដល់​អ្នក​ផ្សេង​ទៀត​កុំឱ្យ​អនុវត្ត​នៅ​គំរូ​អាក្រក់​បែប​នេះ​នៅ​ថ្ងៃក្រោយ​ផង​ដែរ​។ យើង​ដឹង​ហើយ​ថា រាជធានី​ភ្នំពេញ​របស់​យើង ទទួល​បាន​ជ័យ​លា​ភី ជា​រាជធានី​បញ្ចប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល កម្រិត​ខ្ពស់ (ODF+) លើក​ទី​១ ដោយ​ជោគជ័យ​រួច​ហើយ កាលពី​ចុងខែ​ខែវិច្ឆិកា ឆ្នាំ​២០២៤ កន្លង​មកនេះ ។

គួរ​រំលឹក​ថា រាជធានី​ភ្នំពេញ ទទួល​បាន​ជ័យ​លា​ភី​ជា​រាជធានី​បញ្ចប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល កម្រិត​ខ្ពស់ (ODF+) លើក​ទី​១ ដោយ​ជោគជ័យ ដោយ​គ្រប់​ខ្នង​ផ្ទះ មាន​បង្គន់​អនាម័យ​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​មាន​បង្គន់​សាធារណៈ​ប្រើប្រាស់​រួម​គ្នា ដោយ​ពិធី​ប្រកាស​ជ័យ​លា​ភី​នោះ ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ រ៉េ​ស៊ី​ដង់​សុខា​ភ្នំពេញ ក្រោម​អធិបតីភាព ឯកឧត្ដម ឆាយ ឬ​ទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ។ ដើម្បី​ទីក្រុង​ស្អាត គឺ​ចាប់ផ្ដើម​ពី​យើង​ទាំងអស់​គ្នា ម្នាក់​ៗ​ជួយ​សម្អាត​ថែរក្សា​អនាម័យ បរិស្ថាន​បាន​ល្អ​កុំ​បន្ទោបង់​ពាស​វាល​ពាស​កាល ចេះ​ទុកដាក់​សំរាម​ឱ្យ​បាន​ល្អ កុំ​យក​ទៅ​បោះចោល​ក្នុង​លូ ឬ​ប្រឡាយ​ទឹក​នាំ​ឱ្យ​ស្ទះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ