ដាំត្រសក់ផ្អែមដាក់ក្នុងរោងកំពុងទទួលបានផលល្អ ហើយលក់បានថ្លៃទៀត
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ប្រជាកសិករដាំត្រសក់ផ្អែមតាមបែបសម័យទំនើប ដាក់រោងទទួលបានផលល្អ ហើយលក់បានថ្លៃតាមរយៈសហគមន៍ ដែលជាក់ស្តែងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅភូមិកស្វាយ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ។

ស្ត្រីម្នាក់បានប្រាប់ថា ដំណាំត្រសក់ផ្អែមបែបសម័យទំនើបនេះ ដាំដាក់រោងការពារទើបទទួលផលល្អហើយលក់បានថ្លៃទៀតតាមរយៈសហគមន៍កសិកម្មឃុំរហាត់ទឹក ដែលមានអ្នកដាំក្នុងសហគមន៍មានប្រមាណ៤ទៅ៥កន្លែងដែលមានការគាំទ្រពីមន្ទីរជំនាញ និងអង្គការដៃគូជាម្ចាស់គម្រោងដែលបានជួយធ្វើរោង៣០ភាគរយនិង៧០ភាគរយម្ចាស់ចំការ ហើយទទួលផលមានក្រុមហ៊ុនកុងត្រាទិញឆ្នាំនេះត្រសក់ផ្អែម១គីឡូក្រាមតំលៃ៦.០០០រៀល បើលក់ឯកជន១គីឡូក្រាមតំលៃបាន១ម៉ឺនរៀល ។

ស្ត្រីជាម្ចាស់ចម្ការបានបញ្ជាក់ទៀតថា ដោយឡែក គាត់បានដាំលើផ្ទៃដី២រោង៥០០ម៉ែត្រការ៉េ ១រោង២៥០ម៉ែត្រការ៉េ ត្រសក់ផ្អែមទទួលផលរយៈពេល៨០ថ្ងៃ ដែលជាប្រភេទក្រឡាសំណាញ់សាច់ខាងក្នុងពណ៌ការ៉ុត ហើយត្រសក់ផ្អែម១ផ្លែអាចមានទម្ងន់ចន្លោះ២ ទៅ៣គីឡូក្រាម ក្រោយទទួលបាន ហើយត្រូវបានលកើអោយក្រុមហ៊ុនទទួលទិញយកលក់ក្នុងទីផ្សារ ។

ស្ត្រីរូបនោះបានបញ្ជាក់ថា ការដាំត្រសក់ផ្អែមនេះ មានផលលំបាកតែមានតំលៃថ្លៃ និងលក់ស្រួលការដាំត្រូវបានធ្វើរោងគ្របដណ្តប់ដោយស្ពៃចេញ-ចូល ត្រូវមានបន្ទប់ការពារចម្លងមេរោគ ហើយដាំត្រូវមើលថែដាក់ទឹកថ្នាំជីអោយបានត្រឹមត្រូវ បើខុសបច្ចេកទេសអាចផ្ទុះខូចលក់មិនបានអាចខាតបានទើបតម្រូវការខ្ពស់ការថែទាំបន្លែត្រសក់ផ្អែមទើបទទួលផលល្អហើយលក់បានថ្លៃទៀត៕












ចែករំលែកព័តមាននេះ