ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​អ្នក​ដាំ​បន្លែ នៅ​ស្រុក​ស្វាយ​ជ្រំ រីករាយ​ព្រោះ​បន្លែ​មាន​ទីផ្សារ​ល្អ លក់​បាន​ថ្លៃ​គួរសម

1 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ ប្រជា​កសិករ សប្បាយ​រីករាយ នា​រដូវប្រាំង​នេះ ព្រោះ​បន្លែ​មាន​ទីផ្សារ​ល្អ ដោយ​មាន​ឈ្មួញ​មក​ប្រមូល​ទិញ​ដល់​ចំការ ហើយ​បាន​តម្លៃ​ថ្លៃ​គួរសម ។ បើ​តាម​បុរស់​ម្នាក់…

ខេត្តស្វាយរៀង ៖ ប្រជា​កសិករ សប្បាយ​រីករាយ នា​រដូវប្រាំង​នេះ ព្រោះ​បន្លែ​មាន​ទីផ្សារ​ល្អ ដោយ​មាន​ឈ្មួញ​មក​ប្រមូល​ទិញ​ដល់​ចំការ ហើយ​បាន​តម្លៃ​ថ្លៃ​គួរសម ។

បើ​តាម​បុរស់​ម្នាក់ អ្នក​ដាំ​បន្លែ នៅ​ភូមិ​តា​ឃិ​ន​ឃុំ​ចំឡង ស្រុក​ស្វាយ​ជ្រំ បាន​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ​ថា នៅ​រដូវប្រាំង​នេះ បន្លែ​មាន​ទីផ្សារ​ល្អ ជាង​ខែវស្សា ហើយ​តម្លៃ ក៏​បាន​ថ្លៃ​គួរសម ត្រសក់ ១​គីឡូក្រាម តម្លៃ​២,៥០០​រៀល ឈ្មួញ​យក​ដល់​ផ្សារ លក់រាយ​១​គីឡូ ៣,០០០​រៀល​។ ននោង ១​គីឡូ តម្លៃ​៣,០០០​រៀល (​លក់រាយ ១​គីឡូ ៤,០០០​រៀល​)​។ សណ្តែក​គួរ ១​គីឡូ ៥,០០០​រៀល (​លក់រាយ ១​គីឡូ ៦,០០០​រៀល​)
ត្រឡាច ១​គីឡូ ២,៥០០​រៀល លក់​លើ​ទីផ្សារ ១​គីឡូ ៣,០០០​រៀល ។

ប្រភព​បន្ត​ថា នៅ​ខែវស្សា មានទឹក​គ្រប់គ្រាន់ គឺ​មាន​អ្នក​ដាំ​ដំណាំ​បន្លែ​ច្រើន ហើយ​ក៏​មាន​ឈ្មួញ​ខាង​វៀតណាម ដឹក​បន្លែ ពី​ប្រទេស​វៀតណាម ឆ្លង​ដែន​ចូល​មក​លក់​បោះ​ដុំ ដល់​ផ្សារ​វាល​យន្ត និង​ផ្សារ​នៅ​តាម​បណ្តា​ស្រុក និង​ទីប្រជុំជន​ផ្ទាល់ ទើប​បន្លែ​មាន​តម្លៃ​ទាប ធ្វើ​ឲ្យ​បន្លែ​ប្រជា​កសិករ​យើង ដែល​ដាំ​ជា​លក្ខណៈ​គ្រួសារ ពិបាក​ប្រកួតប្រជែង ក៏​ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​គាត់​ជួយ​ទិញ​បន្លែ​ខ្មែរ​យើង ដោយ​ពួក​គាត់​គិត​ថា ខ្មែរ​យើង​ដាំ​បន្លែ​ធម្មជាតិ មិន​ប្រើ​ជីគីមី​ច្រើន ដូច​បន្លែ ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង រីឯ​អ្នកខ្លះ​គាត់​មិន​គិត​ថា បន្លែ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ឬ​ប្រភព​មកពីណា​ទេ ពួក​គាត់​មើល​តែ​សម្រស់​បន្លែ​ខ្ចី​ល្អ ហើយ​តម្លៃ​ថោក គាត់​ទិញ​យក​ទៅ​បរិភោគ​ហើយ មិន​បាន​គិត​ថា គាត់​យក​បន្លែ ដែល​គ្មាន​ប្រភព​ច្បាស់លាស់ គេ​ប្រើ​គីមី​ច្រើន គេ​ទើបតែ​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​រួច គេ​បេះ ឬ​កាត់​យក​មក​លក់ ទេ ពេល​ពួក​គាត់​យក​ទៅ​ធ្វើ​ម្ហូប​ពិសារ​ទៅ​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព ។

បើ​តាម​អាជ្ញារ​ធរ​ភូមិ​តា​ឃិ​ន បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​តា​ឃិ​ន គឺ​មាន​អ្នក​ប្រកប​មុខរបរ​ដាំ​បន្លែ ជា​លក្ខណៈ​គ្រួសារ សម្រាប់​លក់ មាន​៣០​គ្រួសារ និង​អ្នក​ដាំ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ស្ទើរ​គ្រប់​ផ្ទះ នៅ​រដូវវស្សា ហើយ​នៅ​ក្នុង​រដូវប្រាំង នេះ​អ្នក​ដាំ​តាម​គ្រួសារ​នៅ​តិច​ទួ​ច ដោយ​ខ្វះ​ទឹក​ស្រោច​ស្រប់ ចំណែក​អ្នក​ប្រកប​មុខរបរ​ដាំ​បន្លែ​លក់ គឺ​ពួក​គាត់​នៅ​តែ​ដាំ ដាំ​វិល​ជុំ ដោយ​រដូវប្រាំង គាត់​បូមទឹក​អណ្តូងស្នប់ ដាក់​តាម​ចង្អូរ​រង​បន្លែ គឺ​ដំណាំ​ពួក​គាត់​ដាំ​តាម​បច្ចេកទេស លើក​រង ហើយ​គ្រប​ថង់​ផ្លាស់​ស្ទិ​ច មិន​ឲ្យ​ស្មៅ​ដុះ និង​រក្សារ​គុណភាព​ជី​បាន​ល្អ ទឹក​ស្រោច​ស្រប់​តាម​ចង្អូរ​រង​ធ្វើ​ឲ្យ​ដី សើម​រហូត​។ ហើយ​បន្លែ នៅ​រដូវប្រាំង មាន​ទីផ្សារ ហើយ​មាន​តម្លៃ​ថ្លៃ​គួរសម ឲ្យ​តែ​មាន​បន្លែ​មាន​អ្នក​មក​ទទួល​ទិញ​ដល់​ចំការ អ្នកខ្លះ​គេ​ចង់បាន​ចំណេញ​ច្រើន គឺ​គេ​ដឹក​យក​ទៅ​បោះ​ដុំ ឬ​លក់រាយ​នៅ​ក្នុង​ផ្សារ​ខ្លួនឯង​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ