ខេត្តកំពង់ចាម ៖ «ដោយសារតែសង្គ្រាមឈ្លានពានពីសំណាក់ទ័ពសៀមបាញ់ផ្លោងទាំងកាំភ្លើងធំ និងគ្រាប់ទម្លាក់ពីលើយន្តហោះចម្បាំងធ្វើឲ្យជនភៀស សឹកនិងគ្រួសារវីរយុទ្ធជនមកកាន់ខេត្តកំពង់ចាមកើនដ៏ជាង៦០០០គ្រួសារហើយ ។ នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តក្នុងឱកាសផ្ដល់ស្បៀងជូនបងប្អូនជនភៀសសឹក និងគ្រួសារវីរយុទ្ធជនជួរមុខចំនួន៦៤គ្រួសារ ធ្វើឡើងនាព្រឹកថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២៥ នៅបរិវេណសាលាក្រុងកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា ជាការពិតណាស់អារម្មណ៍របស់បងប្អូនដែលមកទទួលស្បៀងនាពេលនេះ គឺកំពុងតែគិតពីផ្ទះរបស់ខ្លួនដែលត្រូវបានបិទទ្វារទុកចោលនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សំខាន់យើងត្រូវគិតពីសុវត្ថិភាពអាយុជីវិត ធ្វើយ៉ាងណាដោយនាំគ្នារត់គេចពីគ្រាប់ផ្លោង ដោយប្រឹងធ្វើដំណើរមកកាន់តំបន់សុវត្ថិភាពនៅក្រុងកំពង់ចាម ។

ជាមួយនោះ សូមឱ្យចៅសង្កាត់ទាំងបួនត្រូវឧស្សាហ៍ចុះតាមដានមើលពីស្ថានភាពការរស់នៅរបស់ពួកគាត់ ដោយមានតម្រូវការអ្វីខ្លះដែលយើងត្រូវជួយដើម្បីកុំឲ្យមានការខ្វះខាត ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា សូមផ្ដាំផ្ញើការនឹករលឹកពីសំណាក់សម្ដេចបវរអធិបតី និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ចាម ។

តាមការពិនិត្យជាក់ស្ដែង បងប្អូនរត់យកតែរួចខ្លួន សូម្បីតែសត្វចិញ្ចឹមមិនបានយកមកជាមួយនោះទេ ធ្វើយ៉ាងណា ឱ្យសមាជិកក្រុមគ្រួសារទាំងអស់រួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ។ សម្រាប់ការងារចំពោះមុខដែលត្រូវដោះស្រាយជាមួយបងប្អូនភៀសសឹកនិងគ្រួសារវីរកងទ័ព ក្នុងនោះ ធ្វើយ៉ាងណា រក្សាសន្តិសុខជូនដល់បងប្អូននៅក្នុងមូលដ្ឋានក្រុងកំពង់ចាម ដោយមិនឱ្យមានការរំខានពីជនណាមួយ ។ ត្រូវគិតគូរពីជីវភាពប្រចាំថ្ងៃរបស់បងប្អូន ។
គ្រូពេទ្យត្រូវពិនិត្យសុខភាពពិសេសមនុស្សចាស់ៗ ដែលធ្វើដំណើរឆ្ងាយ និងមានការព្រួយបារម្ភអាចធ្លាក់ខ្លួនមានជំងឺ ហើយការព្យាបាលនៅមន្ទីរពេទ្យនោះ អាជ្ញាធរអ្នករ៉ាប់រងចេញទាំងអស់ ។ ចំពោះក្មេងតូចៗ ដែលរត់មកតាមឪពុកម្ដាយមិនបានរៀនសូត្រចាប់ពីថ្នាក់មត្តេយ្យដល់កម្រិតវិទ្យាល័យ គឺអាជ្ញាធរខេត្តកំពង់ចាម បានផ្ដល់បរិក្ខាសិក្សាសរុបជាង១០០០នាក់ ដោយឲ្យពួកគេបានទទួលការសិក្សាតាមសាលានានាក្នុងស្រុក-ក្រុងទាំង១០ ។

អភិបាលខេត្តកំពង់ចាមបញ្ជាក់ថាចំពោះសង្គ្រាមឈ្លានពានពីសំណាក់ទ័ពសៀមដែលបង្កឡើងនេះគឺបាញ់គ្រាប់ប្លោងដោយឥតរើសមុខលើហេដ្ឋារចនាសម្ព័ន្ធនានាសំដៅឱ្យប្រជាជនចាកចេញចោលផ្ទះសម្បែងបន្ទាប់មកពួកវានឹងវាទីយកដីរបស់យើង។តាមមើលទៅសង្គ្រាមនេះអាចអូសបន្លាយរយៈពេលវែងដូច្នេះសូមបងប្អូនត្រូវពិនិត្យមើលមុខរបរលក់ដូរណាមួយក្នុងក្រុងកំពង់ចាមអាចធ្វើទៅបាន ដើម្បីដោះស្រាយជីវភាពគ្រួសារ។
ដោយហេតុតែទ័ពសៀមវាយជាមួយវីរៈកងទ័ពជួរមុខថ្មើជើងមិនឈ្នះយើងគឺសៀមបានប្រើប្រាស់កាំភ្លើងបាញ់ប្លោងពីចម្ងាយនិងយន្តហោះទម្លាក់គ្រាប់បែកមិនរើសមុខ បណ្ដាលឱ្យពលរដ្ឋស្លាប់ខូចខាតផ្ទះសម្បែងព្រមទាំងស្ពាន ផ្លូវ ថ្នល់ជាដើម។ជាក់ស្ដែងនៅខេត្តកំពង់ចាមគ្រាន់តែជនភៀសសឹកនិងគ្រួសារវីរៈយុទ្ធជនបានកើនដល់ជាង៦០០០ គ្រួសារ គឺអាជ្ញាធរខេត្តបានប្រឹងប្រែងដោះស្រាយស្បៀងអាហារជូនពួកគាត់ជាបន្តបន្ទាប់។





ចែករំលែកព័តមាននេះ