ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ខឹងបងប្អូនមិនបបួលទៅលេងទីក្រុងបាងកក ប្រទេសថៃ បានគិតខ្លីលេបថ្នាំងងុយគេងសម្លាប់ខ្លួន ទុកឲ្យកូន ២នាក់ នៅកំព្រា ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ទៀបភ្លឺ ចូលថ្ងៃទី១០ កុម្ភៈ ២០១៤ នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកអនុសេនីយ៍ត្រី សោម សារ៉េត អធិការរងក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹងថា ស្រ្តីខាងលើមានឈ្មោះ វែង លីសៀន អាយុ ៣២ឆ្នាំ រស់នៅភូមិកើតហេតុ មានប្តីឈ្មោះ សួរ ប៊ុនលេង អាយុ ២៦ឆ្នាំ មុខរបរបើកបររថយន្តដឹកដី មានកូន ២នាក់ ស្រី១។
តាមសម្ដីប្តីបានឲ្យដឹងថា រយៈពេល ២ ទៅ ៣ថ្ងៃមុន បងប្អូនខាងប្រពន្ធបានបបួលទៅលេងបាងកក ប្រទេសថៃ តែនៅពេលដែលបងប្អូនទៅមិនបានប្រាប់ ហើយនាងខឹងមិននិយាយស្តីអ្វីឡើយ។ លុះពេលគាត់ជាប្តីទៅបើកបររថយន្តដឹកដីបាត់ ពេលមកផ្ទះវិញម៉ោង ៩យប់ ថ្ងៃទី០៩ កុម្ភៈ ក៏បានឃើញប្រពន្ធទាក់ដៃទាក់ជើងរកខ្យល់បែកពពុះមាត់ ព្រោះតែបានលេបថ្នាំងងុយគេង។
ភ្លាមៗ គាត់បានបញ្ជូនប្រពន្ធទៅមន្ទីរពេទ្យ ហើយគ្រូពេទ្យបានលាងក្រពះ តែថ្នាំបានជ្រាបធ្វើទុក្ខក្នុងខ្លួនស្តូកស្តឹង រហូតដល់ម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១០ កុម្ភៈ ទើបបានដាច់ខ្យល់ស្លាប់ដឹកត្រលប់មកផ្ទះធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ