ខេត្តបន្ទាយមានជ័យ ៖ អ្នកបើកបរអេស្កាទ័រម្នាក់ជិះម៉ូតូពេលយប់ធ្លាក់លូកំពុងសាងសង់ស្លាប់ លុះនៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី១០ កុម្ភៈ ២០១៤ ទើបប្រទះឃើញសពនៅតាមបណ្តោយផ្លូវជាតិ៥៦A ត្រង់ចំណុចលូត្រពាំងរាំង ស្ថិតក្នុងភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។
លោកអនុសេនីយ៍ឯក សោម សារ៉េត អធិការរងក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ ផុន ចាន់ធឿន ភេទប្រុស អាយុ ២៤ឆ្នាំ (អ្នកបើកអេស្កាទ័រក្រុមហ៊ុនឯកជន) មានស្រុកកំណើតភូមិអង់ស្វាយចេក ឃុំចារ ស្រុកព្រែកកប្បាស ខេត្តតាកែវ។ លោកបន្តថា នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី១០ កុម្ភៈ ពេលអ្នកធ្វើដំណើរឆ្លងកាត់ក៏បានឃើញ ហើយរាយការណ៍ជូនកម្លាំងនគរបាលជំនាញ ចុះទៅពិនិត្យមើលជនរងគ្រោះ គឺបានស្លាប់ទៅហើយ និងឃើញមានម៉ូតូហង់ដាសេ១០០ ឆ្នាំ២០០២ ពណ៌ក្រហម គ្មានស្លាកលេខ។
លោកអនុសេនីយ៍ឯក សោម សារ៉េត បានបន្តថា តាមការពិនិត្យសាកសព ជនរងគ្រោះបានស្លាប់នៅអំឡុងម៉ោង ១១ ទៅ ១២យប់ ថ្ងៃទី០៩ កុម្ភៈ ហើយសពត្រូវបានយកមករក្សាទុកនៅវត្ត រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕
ចែករំលែកព័តមាននេះ