ខេត្តកំពង់ធំ ៖ អាវុធកែច្នៃរបស់ប្រជាពលរដ្ឋចំនួន ១២៩ដើម រួមមាន ធ្នូ និងកាំភ្លើងឈើច្នៃ ត្រូវបានធ្វើពិធីប្រគល់ជូនសមត្ថកិច្ច និងអាជ្ញាធរ កាលពីព្រឹកថ្ងៃទី១០ កុម្ភៈ ២០១៤ នៅលើសាលាឆាន់ ស្ថិតក្នុងភូមិដូនឈូក ឃុំនីពេជ ស្រុកកំពង់ស្វាយ ក្រោមវត្តមាន លោក អ៊ឹម ថន អភិបាលស្រុកកំពង់ស្វាយ ដោយមានការចូលរួមពីប្រជាពលរដ្ឋសរុបចំនួន ៧៤នាក់ ស្រី ៣៤នាក់។
បន្ទាប់ពី លោកអនុសេនីយ៍ទោ ស៊ុន ចាន់រិទ្ធ នាយប៉ុស្តិ៍នីពេជ បានឡើនធ្វើសេចក្តីរាយការណ៍អំពីសុវត្ថិភាពក្នុងភូមិ-ឃុំ និងណែនាំដល់ប្រជាពលរដ្ឋពីការលួចលាក់ប្រើប្រាស់អាវុធកែច្នៃរួចមក លោកវរសេនីយ៍ត្រី ខេន ឈុនគ័រ អធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ បានអានសេចក្តីណែនាំស្តីពីការប្រមូល និងដកហូតអាវុធកែច្នៃរបស់អគ្គស្នងការនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លេខ១១១១ ស.ណ.ន ឲ្យបានជ្រាបថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានលួចលាក់ប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ នឹងត្រូវមានទោសចាប់ពី ៦ខែ ដល់ ២ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ៥.០០០០រៀល ទៅដល់ ២.០០០.០០០រៀល។
ប្រសិនណាបើសមត្ថកិច្ចរកឃើញ ហើយបើបានប្រព្រឹត្តទៅលើអ្នកដទៃដោយចេតនា ឬអចេតនាក្តី នឹងត្រូវមានទោសព្រហ្មទណ្ឌតាមការប្រព្រឹត្តកំហុសធំ ឬតូច។ អាស្រ័យហេតុដូច្នេះ ក្នុងនាមសមត្ថកិច្ចសូមអំពាវនាវបើបងប្អូនណានៅមានសេសសល់អាវុធកែច្នៃ ដែលលាក់ទុក សូមបងប្អូននាំគ្នាយកមកប្រគល់ជូនសមត្ថកិច្ចយើងយកទៅរក្សាទុក ដើម្បីកុំឲ្យមានទុក្ខទោសទៅថ្ងៃក្រោយ។
លោក អ៊ឹន ថន អភិបាលស្រុកកំពង់ស្វាយ បានមានប្រសាសន៍ថា ដូចបងប្អូនបានស្តាប់រួចមកហើយនូវសេចក្តីណែនាំនេះ ដើម្បីចូលរួមចំណែកនៅក្នុងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង ៩ចំណុច នោះ ទាល់តែយើងទាំងអស់គ្នាចូលរួមចំណែក។ ជាចុងក្រោយមានពិធីប្រគល់អាវុធកែច្នៃចំនួន ១០ដើម ជានិមិត្តរូបផងដែរ៕
ចែករំលែកព័តមាននេះ