រាជធានីភ្នំពេញ ៖ នារីម្នាក់ជាអ្នកសម្អាងការបានជិះរថយន្តតាក់ស៊ីពីខេត្តកំពត មកទីក្រុងភ្នំពេញ ស្រាប់តែបាត់កាបូបខោអាវ ដែលមានសម្ភារសម្អាងមួយចំនួនក្នុងនោះ ហើយទាមទារឲ្យម្ចាស់រថយន្តតាក់ស៊ីសងចំនួន ៥០០ដុល្លារ តែមិនត្រូវរ៉ូវគ្នា ក៏រត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយដោះស្រាយ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង ១០នាទី រសៀលថ្ងៃទី១០ កុម្ភៈ ២០១៤ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នារីខាងលើមានឈ្មោះ រស់ ស្រីល័ក្ខ អាយុ ២៥ឆ្នាំ ជាអ្នកសម្អាងការ រស់នៅភូមិស្វាយធំ ស្រុកទឹកឈូ ខេត្តកំពត បានអះអាងថា ក្នុងកាបូបដែលបាត់មានសំពត់ហូល ស្បែកជើង និងសម្ភារសម្អាងការមួយចំនួនទៀត។ ចំណែកអ្នកបើកបររថយន្តតាក់ស៊ីមានឈ្មោះ គង់ ចាន់ ភេទប្រុស អាយុ ៤៦ឆ្នាំ និងព្រូម្នាក់ឈ្មោះ ចាន់ ចិត្រ ភេទប្រុស អាយុ ២២ឆ្នាំ ជាកូនអ្នកបើកបររថយន្តខាងលើ។ ឯរថយន្តម៉ាកសាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2N-0520។
បន្ទាប់ពីដឹងថា បាត់កាបូបសម្លៀកបំពាក់នារីរងខាងលើបានទាមទារឲ្យម្ចាស់រថយន្តតាក់ស៊ី សងចំនួន ៥០០ដុល្លារ តែម្ចាស់រថយន្តសុំសងតែ ១០០ដុល្លារ លុះពុំត្រូវរ៉ូវគ្នា ទើបនាំគ្នាទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ តែត្រូវបានសមត្ថកិច្ចឲ្យទៅប្តឹងនៅប៉ុស្តិ៍ទឹកថ្លាវិញ៕
ចែករំលែកព័តមាននេះ