រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ខ្ញុំអត់មាននិយាយអំពីសភាពការណ៍នយោបាយអីទេ ព្រោះដឹងថានយោបាយវាអីុចឹងទៅហើយ … មិនបាច់និយាយធ្វើអ្វីទេ ទុកឱ្យវាអីុចឹងតែម្តងទៅ…។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី១០ កុម្ភៈ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សរុបចំនួន៤.១០១នាក់ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ។
សម្តេចតេជោមានប្រសាសន៍បន្តថា និយាយឱ្យខ្លីគឺធ្វើដំណើរធម្មតា ប្រក្រតីកម្មជីវភាពប្រជាពលរដ្ឋ សេវាសាធារណៈរបស់រដ្ឋ ក្បាលម៉ាស៊ីនរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សាធម្មនុញ្ញ ។ នៅខែឧសភាមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដំណើរការធម្មតាទៅ…។ ពិបាកពេកខ្ជិលនិយាយ…។ ព្រះមហាក្សត្រ ព្រះអង្គទទួលសារតាំងឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតប្រទេសនានា ទទួលភ្ញៀវប្រទេសនានា ។ ព្រះអង្គចុះសួរសុខទុក្ខ កូនចៅប្រជារាស្ត្រក្រីក្រ ។ នាយករដ្ឋមន្ត្រីធ្វើការធម្មតា រដ្ឋមន្ត្រីធ្វើការធម្មតា សាលារៀនបង្រៀនធម្មតា មន្ទីរពេទ្យព្យាបាលធម្មតា ធម្មតាទាំងអស់ កុំឆ្ងល់ពេក ។ ក្នុងឱកាសនោះសម្តេចតេជោមានប្រសាសន៍ខ្សឹបរឿងមួយ កន្លងទៅមានចលនាទាមទារដំឡើងប្រាក់ខែ១៦០ដុល្លារ ដែលលើសពីលទ្ធភាពអាចធ្វើទៅបាន ។ មានបងស្រីម្នាក់ គាត់មានហាងលក់គុយទាវ កាហ្វេជាធម្មតា តែបងស្រីនោះស្មោះស្ម័គ្រនឹងការគាំទ្របាតុកម្ម គាត់តែងតែផ្តល់អាហារ សព្វបែបជូនទៅឱ្យបងប្អូនដែលធ្វើបាតុកម្ម ។
ស្រាប់ដល់គាត់ត្រឡប់មកវិញ អ្នកធ្វើការនៅក្នុងហាងលក់ដូររបស់គាត់ទារ១៦០ដុល្លារដែរ ។ គាត់លាន់មាត់ថា អញឈប់ហើយៗ វាឡង…ទៅគាំទ្របាតុកម្ម ចំណែកអ្នកបម្រើនៅក្នុងហាងខ្លួនឯងផ្តល់ប្រាក់ខែឱ្យគេត្រឹមតែ៨០ដុល្លារ ស្រាប់តែអ្នកលាងចានទារ១៦០ដុល្លារដែរ ។ ប្រយ័ត្នតែម្ចាស់ផ្ទះឈប់ទទួលយក ពិបាកអត់កន្លែងរស់នៅទៀត ស្លាប់… ។ សម្តេចតេជោមានប្រសាសន៍បន្តថា ត្រូវគិតឱ្យវាសមហេតុសមផល ការទាមទារឱ្យល្មមដែលគេអាចផ្តល់ឱ្យបាន គេមិនកំណាញ់ទេ គេជូនហើយ ។ ការទាមទារអ្វីមួយត្រូវទាញទឡ្ហីករណ៍ឱ្យពិតប្រាកដ កុំឱ្យមានរឿងនយោបាយទៅពាក់ព័ន្ធ កុំទៅចូលក្នុងរោងចក្រដែលគេកំពុងដំណើរការផលិតកម្ម បំផុសអីុចេះអីុចុះ…ឱ្យត្រូវទៅតាមច្បាប់ទម្លាប់ទៅ រឿងប្រាក់ខែដោយឡែកតែរឿងប្រាក់ខែទៅ កុំទៅច្របូកច្របល់វ័ណ្ឌកជាមួយនឹងនយោបាយដូច្នេះ ។ នៅក្នុងពិធីចែកសញ្ញាបត្រនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បើគ្មានការខិតខំផ្ទាល់របស់និស្សិត កុំថាឡើយមានសាលារៀនល្អ ទោះបីសាលារៀនល្អនោះមានប្រភេទកម្រិតណាក៏ដោយ គឺលទ្ធផលមិនអាចទទួលជោគជ័យបានទេ …។ ការសិក្សាមិនអាចចម្លងៗគ្នា ដូចជាការចាក់បញ្ចូលឈាមពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានទេ ហើយក៏មិនអាចទាញយកខួរក្បាលលោកសាស្ត្រាចារ្យចាក់បញ្ចូលខួរក្បាលរបស់និស្សិតបានដែរ ។
សម្តេចមានប្រសាសន៍បន្តថា បញ្ហានៅទីនេះនៅស្ថិតនៅលើបញ្ហាឱកាស តើយើងមានឱកាសឬទេ ហើយតើយើង ចេះប្រើប្រាស់ឱកាសនេះឬអត់ ? ក្នុងស្ថានភាពរបស់ប្រទេសយើង បើនិយាយអំពីប្រវត្តិទាក់ទិនជាមួយឱកាសរបស់យុវជន ឬរបស់ប្រជាជន គឺយើងបានបាត់បង់ច្រើនណាស់នៅក្នុងដំណាក់កាលជាប្រវត្តិសាស្ត្ររបស់កម្ពុជា ។ ឱកាសពិតប្រាកដដែលយើងមានឱកាស គឺនៅក្នុងចន្លោះឆ្នាំ១៩៥៣ ក្រោយឯករាជ្យមកទល់ឆ្នាំ១៩៧០ ក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបរមរតនកោដ្ឋ នោះគឺជាឱកាសមួយដែលយុវជន ប្រជាជន មានឱកាសមួយបានសិក្សា ព្រោះស្ថិតនៅក្នុងដំណាក់កាលជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ។ ប៉ុន្តែឱកាសនេះវាត្រូវបាត់បង់តាំងពីរដ្ឋប្រហារ១៨ មីនា ១៩៧០ នោះហើយជាការចាប់ផ្តើមបាត់ឱកាសរបស់យុវជន ។ អ្នកប្រវត្តិសាស្ត្រខ្ញុំ ជឿថាពិតជានឹងបំភ្លេច ហើយមើលរំលងទៅលើកត្តាប្រវត្តិសាស្ត្រនោះព្រោះមានអ្នកខ្លះមិនចង់រំលឹកកត្តាអតីតកាល ប៉ុន្តែខ្ញុំគ្រាន់តែចង្អុលប្រាប់ បើសិនជាអ្នកមិនស្គាល់អតីតកាលរបស់ខ្លួនទេ អ្នកមិនអាចដឹងខ្លួនថា ខ្លួនឈរនៅលើទីតាំងណា ហើយចេញពីប្រភពណាដែរ ។ សម្តេចតេជោបានរិះគន់ថា ប្រៀបដូចជាមនុស្សម្នាក់ ដែលបានកើតឡើង ហើយគេយកទៅបោះចោលនៅកន្លែងណាមួយ សូម្បីត្រកូល ឬប្រភពដើមក៏មិនដឹងដែរនោះ ។ ដូច្នេះប្រទេសកម្ពុជាស្ថិតក្នុងស្ថានភាពនេះ អ្នកណាជាអ្នកធ្វើឱ្យបាត់បង់ឱកាស? គឺពួក លន់ នល់ សិរីមតៈ ចេង ហេង អិុន តាំ ជាដើម ធ្វើរដ្ឋប្រហារ ដែលអាចឈានដល់សង្គ្រាមពេញផ្ទៃប្រទេស ។
ដូច្នេះយុវជនបាត់បង់ឱកាសទាំងស្រុង យុវជនដែលធ្លាប់តែកាន់ប៊ិក ខ្មៅដៃ ដីស ប្រែក្លាយទៅជាអ្នកកាន់កាំភ្លើងទៅវិញ ។ នេះហើយជាកត្តាបាត់បង់ឱកាសដ៏ធំសម្បើមណាស់សម្រាប់យុវជនកម្ពុជា ដែលត្រូវការសិក្សារៀនសូត្រ ។ នេះជាកត្តាប្រវត្តិសាស្ត្រ មនុស្សមានទស្សនៈខុសគ្នា ក៏ប៉ុន្តែខ្ញុំហា៊នអះអាងថា បើសិនអ្នកណាមួយបំភ្លេចនូវកត្តាប្រវត្តិសាស្ត្រនេះ ខ្ញុំគិតថាប្រហែលរឿងអ្វីមួយផ្សេង តែខ្ញុំមិនចាត់ទុកថា គេតិរច្ឆានទេ ប៉ុន្តែតិរច្ឆានមិនដែលស្គាល់ម៉ែឪវាទេ ។ នេះជាការបាត់បង់ឱកាស ហើយឱកាសនោះបាត់បង់ទាំងស្រុង នៅពេលដែលរបបប៉ុល ពត បានកាន់កាប់ទាំងស្រុង …។ ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ឱកាសមានជាបណ្តើរៗក្នុងក្របខ័ណ្ឌនៃប្រទេសជាតិមានសន្តិភាពផងមានសង្គ្រាមផង ។ ពិតមែនតែសន្តិភាពបានកើតមានលើចំណែកភាគច្រើនលើដែនដីនិងពេលវេលា ឯសង្គ្រាមមានដោយដាច់ដោយដុំនៅក្នុងចន្លោះឆ្នាំ១៩៧៩ និងឆ្នាំ១៩៩៨ ។ សន្តិភាពគ្របដណ្តប់ភាគច្រើននៃដែនដីនិងពេលវេលា ទោះបីវាដាច់ដោយដុំ និងពេលវេលា ខ្លះក៏ពិតមែន ក៏ប៉ុន្តែវាក៏មានឥទ្ធិពលទៅលើការអប់រំសិក្សា ក៏ដូចជាការអភិវឌ្ឍជាទូទៅរបស់ប្រទេសផងដែរ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ដូច្នេះឱកាសដែលយើងមានពេញលេញពិតប្រាកដគឺបានកើតនៅក្រោយអង្គការចាត់តាំងនយោបាយនិងយោធារបស់ប៉ុល ពត ត្រូវបានលុបបំបាត់ ការធ្វើសមាហរណកម្ម សន្តិភាវូបនីយកម្ម នៅទូទាំងផ្ទៃប្រទេសក្រោម*នយោបាយឈ្នះ=ឈ្នះ ដែលបង្កើតឱកាសពេញលេញសម្រាប់យុវជននិងប្រជាជនរបស់យើង ក្នុងនោះគឺនិយាយដោយឡែកសម្រាប់យុវជនរបស់យើង ។ ឥឡូវយុវជនមានជម្រើសច្រើនណាស់ ។ ទាំងអស់នេះផ្តើមចេញពីកត្តាសន្តិភាពរបស់ប្រទេស ។ នៅចំពោះមុខដែលយើងបានឃើញ គឺយើងត្រូវតែខំរក្សានូវសន្តិភាព ស្ថិរភាពនយោបាយរបស់ប្រទេស មិនត្រូវឱ្យអានុភាពប្រតិកិរិយា ណាមួយចាប់ប្រទេសធ្វើជាចំណាប់ខ្មាំងនោះទេ ។ ជាក់ស្តែងនៅថ្ងៃនេះ អ្នកណាចង់និយាយអីនិយាយទៅ ក៏ប៉ុន្តែទីចុងបំផុតគឺកំពុងចែកសញ្ញាបត្រដល់និស្សិតជាង៤ពាន់នាក់ ។ នេះគឺជារឿងពិតនៃប្រក្រតីភាពនៃដំណើរការជាធម្មតារបស់ស្ថាប័នរដ្ឋ ទាំងរដ្ឋសភា ទាំងព្រឹទ្ធសភា ទាំងរាជរដ្ឋាភិបាល ទាំងស្ថាប័នផ្សេងៗរបស់រដ្ឋ ក្នុងនោះដំណើរជាធម្មតា អប់រំ សុខាភិបាល ផ្នែកដទៃទៀត អ្នកណាគេថាអីគេថាទៅ វានៅតែប៉ុណ្ណឹង ។ ពួកគេចេះថា មុខនៅតែដដែលៗ ចុះបើកើតមកនៅតែដដែលប៉ុណ្ណឹង ឱ្យវាធ្វើម៉េច និយាយឱ្យឡូហ្ស៊ិកបន្តិច…។ មុខរបស់គាត់ក៏ដដែល មុខខ្ញុំក៏ដដែល តើដូរត្រង់ណាទៅ… ទាល់តែហាងកែសម្ផស្ស… ។
លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គុទ្ទេសក៍ដ៏ឆ្នើម បានកំណត់វិស័យអប់រំជាវិស័យអាទិភាពក្នុងការកសាងធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ លោកបណ្ឌិតរដ្ឋមន្ត្រីបន្តថា ដោយផ្សារភ្ជាប់នឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលនិងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០០៩-២០១៣ ក្រសួងអប់រំយុវជននិងកីឡាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០០៩ -២០១៣ ដោយផ្តោតលើគោលនយោបាយគន្លឹះសំខាន់រួមមាន ៖
១-ការធានានូវលទ្ធភាពទទួលបាននូវសេវាអប់រំប្រកបដោយសមធម៌ ។
២-ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសេវាអប់រំ ។
៣-ការអភិវឌ្ឍស្ថាប័ន និងការអភិវឌ្ឍមន្ត្រីអប់រំសម្រាប់ធ្វើវិមជ្ឈការ ។
កម្ពុជាបានរៀបចំជាស្រេច ដើម្បីធ្វើសមាហរណកម្មទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅឆ្នាំ២០១៥ ខាងមុខ ។ ក្នុងបរិការណ៍សមាហរណកម្មនេះ កម្ពុជានឹងមានលទ្ធភាព ក្នុងការចាប់យកទីផ្សារការងារបន្ថែមទៀតក្នុងតំបន់ ដែលទាំងនេះក៏ត្រូវទាមទារ ឱ្យមានកម្រិតគុណភាពចំណេះដឹងនិងជំនាញដែលអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់បាន ។
ដើម្បីសម្រេចបាននូវកំណែទម្រង់ខាងលើនេះ ក្រសួងអប់រំយុវជន និងកីឡា បាននិងកំពុងអនុវត្តគម្រោងលើកកម្ពស់គុណភាព និងប្រសិទ្ធភាព ឧត្តមសិក្សា ដែលមានរយៈពេល៥ឆ្នាំ ពី២០១០-២០១៥ ពង្រឹងសមត្ថភាពឧត្តមសិក្សាកម្ពុជា លើការងារអភិបាលកិច្ច និងការគ្រប់គ្រង ការបង្រៀន ការរៀន ការសិក្សាស្រាវជ្រាវ ព្រមទាំងការធានាសមធម៌ នៃការចូលរៀននៅឧត្តមសិក្សាតាមរយៈការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតក្រីក្រ ។ ដើម្បីឆ្លើយតបទៅនឹងកម្មវិធីកំណែទម្រង់ស៊ីជម្រៅក្នុងក្របខណ្ឌឧត្តមសិក្សា ក្រសួងបានដាក់ចេញនូវវិធានការ គោលនយោបាយសម្រាប់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងអភិបាលកិច្ចនៃគ្រឹះសា្ថានសាធារណៈ ក៏ដូចជាការពង្រឹងក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិផ្សេងៗដល់គ្រឹះស្ថានឧត្តមសិក្សា ឯកជន ក្នុងគោលបំណងដើម្បីពង្រឹងគុណភាពអប់រំកម្រិតឧត្តមសិក្សា កាត់បន្ថយគម្លាតជំនាញនិងការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ៕
ចែករំលែកព័តមាននេះ