ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទាម​ទារ​​ដោះ​លែង​​អ្នក​ចាប់​​ខ្លួន​21​​នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សហ​ព័ន្ធ​សហ​ជីព​កម្ម​ករ​ និង​​ព្រះ​សង្ឃ​​រួម​គ្នា​​មាន​ប្រមាណ​ជា​២០០​នាក់​ បាន​នាំ​គ្នា​ដើរ​ ​ដង្ហែ​ក្បួន​មក​មុខ​ព្រះ​អង្គ​ដង​​កើ ដើម្បី​អុជ​​​ធូប​បួង​សួង​ និង​បង្ហោះ​ប៉េង​ប៉ោង​​​​​​ ដើម្បីស្វែង​រក​ការ​អន្ត​រា​គមន៍​ឱ្យ​មាន​ការ​ដោះ​លែង​មនុស្ស​២១​នាក់​​ដែល​កំពុង​ជាប់​ឃុំ​​នៅ​ពន្ធ​នាគារ​ត្រពាំង​ផ្លុង​ ខេត្ត​​កំពង់​ចាម​

រាជធានីភ្នំពេញ ៖ សហ​ព័ន្ធ​សហ​ជីព​កម្ម​ករ​ និង​​ព្រះ​សង្ឃ​​រួម​គ្នា​​មាន​ប្រមាណ​ជា​២០០​នាក់​ បាន​នាំ​គ្នា​ដើរ​ ​ដង្ហែ​ក្បួន​មក​មុខ​ព្រះ​អង្គ​ដង​​កើ ដើម្បី​អុជ​​​ធូប​បួង​សួង​ និង​បង្ហោះ​ប៉េង​ប៉ោង​​​​​​ ដើម្បីស្វែង​រក​ការ​អន្ត​រា​គមន៍​ឱ្យ​មាន​ការ​ដោះ​លែង​មនុស្ស​២១​នាក់​​ដែល​កំពុង​ជាប់​ឃុំ​​នៅ​ពន្ធ​នាគារ​ត្រពាំង​ផ្លុង​ ខេត្ត​​កំពង់​ចាម​ ព្រម​ទាំង​ទាម​ទារ​​ដំឡើង​​ប្រាក់​ខែ​កម្ម​ករ​១៦០​ដុល្លារ​ កាល​ពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី​១០ កុម្ភៈ ក្រោយ​ពី​ពួក​គេ​​បើក​កិច្ច​ប្រជុំ​​ពិភាក្សា​គ្នា​នៅ​សណ្ឋាគារ​អុីម​ភើរៀល រួច​មក ។

​លោក រ៉ុង ឈុន ប្រធាន​សមា​គម​គ្រូ​បង្រៀន​ឯក​រាជ្យ​ បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​​ គោល​បំណង​នៃ​ការ​​ដើរ​ដង្ហែ​ក្បួន​នា​​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ គឺ​ដើម្បី​ដាក់​ញត្តិ​ស្វែង​រក​​​អន្តរា​គមន៍​​ឱ្យ​មាន​ការ​ដោះ​លែង​​ជន​ទាំង​២១​នាក់​ ក្នុង​នោះ​មាន​ដូច​ជា​រដ្ឋ​សភា​ជាតិ ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ស្ថាន​ទូត​អាមេរិក​ ចិន និង​សហ​គមន៍​អឺរ៉ុប​ ប៉ុន្តែ​ពួក​គេ​បំបែក​ជា​ក្រុម​តូចៗ​ មិន​ឱ្យ​មាន​ការ​កក​ស្ទះ​ចរា​ចរណ៍​នោះ​ទេ​ ។ ពួក​គេ​បាន​ធ្វើ​ពិធី​សូត្រ​​ធម៌​បួង​សួង​នៅ​មុខ​ព្រះ​អង្គ​ដង​កើ​រយៈ​ពេល​ជិត​កន្លះ​​ម៉ោង​​ រួច​បង្ហោះ​ប៉េង​ប៉ោង​​ទាម​ទារ​សុំ​ឱ្យ​ដោះ​លែង​អ្នក​ដែល​ត្រូវ​អាជ្ញា​ធរ​ចាប់​ខ្លួន​២១​នាក់​ដោយ​គ្មាន​លក្ខ​ខណ្ឌ​ ។ ​ក្នុង​ញត្តិ​ដែល​ត្រូវ​បាន​ដាក់​តាម​ស្ថាន​ទូត​នានា រដ្ឋ​សភា​ជាតិ​ និង​​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​នោះ គឺ​មាន​សំណូម​ពរ​​​៧​ចំណុច​ ៖

១-​ស្នើ​ឱ្យ​ខាង​ក្រុម​ហ៊ុន​ក៏ដូច​ជា​​ខាង​រដ្ឋា​ភិបាល​​ ត្រូវ​ដោះ​លែង​អ្នក​ទាំង​២១​នាក់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ ។
២-​ស្នើ​ឱ្យ​រដ្ឋា​ភិបាល​និង​ក្រុម​ហ៊ុន​​បន្ត​ធ្វើ​ការ​ចរចា​ពិភាក្សា​គ្នា​ឡើង​វិញ​អំពី​ការ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​១៦០​ដុល្លារ​​ក្នុង​មួយ​ខែ ។
៣-​ស្នើ​ឱ្យ​រដ្ឋា​ភិបាល​និង​ក្រុម​ហ៊ុន​ត្រូវ​រក​ជន​ល្មើស​ដែល​បាន​​បាញ់​កម្ម​ករ​ឱ្យ​របួស​និង​ស្លាប់​នៅ​ផ្លូវ​វ៉េង​ស្រេង​ និង​ការ​ប្រើ​អំពើ​ហិង្សា​​​មុខ​រោង​ចក្រ​យ៉ាក​ជីន​ និង​សង​ជំងឺ​ចិត្ត​​ទៅតាមច្បាប់ ។
៤-ស្នើ​ឱ្យ​រដ្ឋា​ភិបាល​និង​ក្រុម​ហ៊ុន​​ត្រូវ​ដក​ពាក្យ​បណ្តឹង​ទាំង​អស់​ដែល​បាន​ប្តឹង​មេដឹក​នាំ​សហ​ជីព​ ឬ​ក៏​ត្រៀម​ប្តឹង​​មេដឹក​នាំ​សហ​ជីព ។
៥-​ដក​ចោល​នូវ​ការ​ដាក់​បម្រាម​​គោចរ​ដែល​មិន​អនុ​ញ្ញាត​​ឱ្យ​មាន​ការ​ជួប​ជុំ​គ្នា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ឬ​ក៏​តាម​ទី​កន្លែង​ផ្សេងៗ​ ។
៦-​ស្នើ​ឱ្យ​កម្ម​ករ​ដែល​ក្រុម​ហ៊ុន​បាន​បញ្ឈប់​ឱ្យ​ចូល​ធ្វើ​ការ​វិញ​​ និង​៧-ឱ្យ​​ខាង​​ក្រុម​ហ៊ុន​ដោះ​ស្រាយ​បញ្ហា​ដែល​បាន​កាត់​លុយ​កម្ម​ករ​ ។

គួរ​បញ្ជាក់​ថា​​ ​កម្ម​ករ​២​នាក់​​ ម្នាក់​ឈ្មោះ ប៊ូ សារិទ្ធ​ ហៅ​ទ្រី អាយុ​២៩​​ឆ្នាំ​​​ និង​​ម្នាក់​ទៀត​ឈ្មោះ យោន ជា​ ហៅ​ចាន់ អាយុ​១៧​ឆ្នាំ ក្នុង​ចំណោម​​២៣​នាក់ ត្រូវ​បាន​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​​៧ កុម្ភៈ ចេញ​ដី​កា​បង្គាប់​​ឱ្យ​ដោះ​លែង​​នៅ​ក្រៅ​ឃុំ​ ។ ​នៅ​ព្រឹក​​ថ្ងៃ​ទី​​​៨ កុម្ភៈ​ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ខាង​ពន្ធនាគារ​ដោះ​លែង​ឱ្យ​​មាន​សេរី​ភាព​ឡើង​វិញ​ហើយ​​​ ។ ដោយ​ឡែក​នៅ​ថ្ងៃ​ចន្ទ​នេះ​ដែរ​ ​អ្នក​​តវ៉ា​មក​ពី​​បឹង​កក់​ សហ​គមន៍​ថ្ម​គោល​ សហ​គមន៍​បុរី​កីឡា​ និង​លោក​សង្ឃ​ប្រមាណ​ជា​៦០​នាក់​ ដឹក​នាំ​ដោយ​អ្នក​ស្រី​ ទេព​ វន្នី​ បាន​នាំ​គ្នា​ប្រមូល​ផ្តុំ​នៅ​មុខ​ក្រសួង​យុត្តិ​ធម៌​ និង​សាលា​ឧទ្ធរណ៍​ដោយ​មាន​កាន់​បដា​ពាក្យ​ស្លោក​ជា​ច្រើន​ដើម្បី​ដាក់​ញត្តិ​ទាម​ទារ​ឱ្យ​មាន​ការ​ដោះ​លែង​លោក​ ចាន់​ ពុទ្ធិ​ស័ក្ត ជា​អ្នក​ការ​ពារ​សិទ្ធិ​​លំ​នៅ​ឋាន​ ក្នុង​តំបន់​បឹង​កក់​, លោក​ វន់​ ពៅ​ លោក ថេង សាវឿន​ ដែល​ជា​​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ ព្រម​ទាំង​កម្ម​ករ​១៨​នាក់​ទៀត​ ឱ្យ​រួច​ខ្លួន​ចេញ​ពី​ពន្ធ​នា​គារ​នៅ​ថ្ងៃ​ទី​១១​ កុម្ភៈ ឆ្នា​ំ​២០១៤​ ខាង​មុខ​នេះ​ ដែល​សាលា​ឧទ្ធរណ៍​បើក​សវនា​ការ​ ។

មន្ត្រី​សាលា​ខណ្ឌ​ដូន​ពេញ​បាន​និយាយ​ថា ការ​ដើរ​ដង្ហែ​ក្បួន​របស់​​អ្នក​តវ៉ា​មក​ពី​បឹង​កក់​ដែល​ដឹក​នាំ​ដោយ​អ្នក​ស្រី​ ទេព​ វន្នី​ មក​ជួប​ជុំ​មុខ​ក្រសួង​យុត្តិ​ធម៌​ និង​សាលា​ឧទ្ធ​រណ៍​ និង​លោក​ រ៉ុង​ ឈុន​ លោក​ អាត់​ ធន់​ ដែល​​ជា​តំណាង​សហ​ជីព​ ហើយ​ដង្ហែ​ក្បួន​មក​ព្រះ​អង្គ​ដង​កើ​គឺ​មិន​មាន​ការ​អនុ​ញ្ញាត​ពី​សាលា​រាជ​ធានី​ភ្នំពេញ​នោះ​ទេ​ សូម្បី​តែ​ធ្វើ​លិខិត​ជូន​ដំណឹង​ក៏​ពួក​គេ​មិន​ធ្វើ​ផង​ តែ​ទោះ​ជា​​យា៉ង​ណា​ ពុំ​មាន​ការ​រា​រាំង​ពី​កម្លាំង​សមត្ថ​កិច្ច​ក្នុង​ការ​ដង្ហែ​ក្បួន​នេះ​ទេ ។ អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​២៣​នាក់​(២​នាក់​បាន​ដោះ​លែង​​ហើយ​) ដែល​មាន​ក្រុម​សកម្ម​ជន​សិទ្ធិ​មនុស្ស​ សកម្ម​ជន​ដី​ធ្លី​ និង​កម្ម​ករ​ ​ត្រូវ​បាន​​អាជ្ញាធរ​​មា​ន​សមត្ថ​កិច្ច​​ចាប់​ឃាត់​ខ្លួន​​ នៅ​កន្លែង​​ផ្សេង​ៗ​ពី​គ្នា​ គឺ​ក្រុម​​លោក​ វន់​ ពៅ​ រួម​ទាំង​​កម្ម​ករ​សរុប​ទាំង​អស់​១០​នាក​់ ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​ចំណុច​​រោង​ចក្រ​ យ៉ា​ក​ ជី​ន​ ជិត​តំបន់​​សេដ្ឋ​កិច្ច​​ពិសេស​ភ្នំពេញ​ កាល​ពី​រសៀល​ថ្ងៃ​ទី​២​ មករា​ និង​១៣​នាក់​ផ្សេង​ទៀត​ ​ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​ចំណុច​សួនឧស្សាហ​កម្ម​ កា​ណា​ឌី​យ៉ា​ ​ផ្លូវ​វ៉េង​ស្រេង​ កាល​ពី​ថ្ងៃ​ទី​​​៣ មករា​ ឆ្នាំ​២០១៤​ ក្នុង​អំទ្បុង​​ពេល​តវ៉ា​​ដំ​ទ្បើង​​ប្រាក់​ខែ​កម្ម​ក​រ​​កាត់​ដេរ​ និង​មានការ​ប៉ះ​ទង្គិច​គ្នា​ដ៏​ធ្ងន់​ធ្ងរ​ ​ដែល​បណ្តាល​ឱ្យ​​មនុស្ស​៣​នាក់​​ស្លាប់​ ខ្លះ​ទៀត​​ថា​ស្លាប់​ដល់​ទៅ​៥​នាក់​ និង​២​៣​នាក់​ ត្រូវ​ចាប់​ខ្លួន​​បញ្ជូន​ទៅ​ឃុំ​ខ្លួន​​នៅ​ពន្ធ​នា​គារ​​ត្រពាំង​​ផ្លុង​ ខេត្ត​កំពង់​ចាម​ ។

នៅ​ព្រឹក​​ថ្ងៃ​អង្គារ​នេះ​ សាលា​ឧទ្ធរណ៍​នឹង​បើក​សវនា​ការ​លើ​ពាក្យ​​បណ្តឹង​រប​ស់​មេ​ធាវី​​ការ​ពារ​ក្តី​​ឱ្យ​លោក​ វន់​ ពៅ​, ​លោក​ ថេង​ សាវឿន ​សកម្ម​ជន​ការ​ពារ​សិទ្ធិ​មនុស្ស​ លោក​ ចាន់​ ពុទ្ធិ​ស័ក្ត​ សកម្ម​ជន​​ការ​ពារ​ដី​ធ្លី​តំបន់​បឹង​កក់​​ និង​កម្ម​ករ​​១៨​នាក់​ទៀត​ ដើ​ម្បីសុំ​ឱ្យ​នៅ​ក្រៅ​​ឃុំ​ ៕