រាជធានីភ្នំពេញ ៖ ក្រុមគ្រួសារមួយ បាននាំគ្នាមកទួញសោកប្រាប់កោះសន្តិភាពនៅថ្ងៃទី៨ កុម្ភៈ សូមឱ្យជួយចុះផ្សាយដើម្បីបានដឹងដល់កូនស្រីបង្កើត ដែលរស់នៅប្រទេសជប៉ុន ធ្វើយ៉ាងណាគប្បីមកប្រទេសកម្ពុជាជួបទល់មុខគ្នាដោះស្រាយបញ្ហានៅក្នុងគ្រួសារ ជាពិសេសបញ្ហាប្រាក់កាសតែម្តង ។
អ្នកស្រី ខៀវ សុខុម អាយុជាង៦០ឆ្នាំ រួមទាំងប្តី និងកូនប្រុសផងនោះ បានអះអាងថា អ្នកស្រីមានកូនស្រីបង្កើតម្នាក់ឈ្មោះ នុត សុភារ៉ា បច្ចុប្បន្នមានប្តីរស់នៅប្រទេសជប៉ុនជាយូរឆ្នាំមកហើយ ។ លុះនៅក្នុងឆ្នាំ២០០៦ ដោយសារសេដ្ឋកិច្ចមានការរីកចម្រើន ដីធ្លីឡើងថ្លៃ អ្នកស្រីរួមទាំងប្តី និងកូន បានពិភាក្សាគ្នាជាមួយកូនស្រីនៅឯប្រទេសជប៉ុន ចង់ទិញដីទុកដើម្បីលក់យកចំណេញ ។ ក្រោយពិភាក្សាគ្នារួច កូនស្រីក៏សម្រេចបោះទុនសរុបចំនួន៣៥៤.០០០ដុល្លារអាមេរិក សម្រាប់ទិញដី ហើយអ្នកស្រីក៏បានយកប្រាក់របស់កូនស្រីទៅទិញដីចំនួន៣កន្លែង រួមមានដីនៅវិហារសួគ៌ ក្នុងស្រុកខ្សាច់កណ្តាល ដីនៅអរិយក្សត្រ និងមួយកន្លែងទៀតនៅវត្តខ្សាច់ ក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល អស់ចំនួន២៣៧.៦៨៤ដុល្លារ ។ ចំណែកប្រាក់ដែលនៅសល់ អ្នកស្រីបានយកទៅសង់ផ្ទះលើដីកម្មសិទ្ធិ ដែលស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ សម្រាប់រស់នៅ សូម្បីតែកូនស្រីឈ្មោះ នុត សុភារ៉ា កាលរស់នៅស្រុកខ្មែរ ក៏រស់នៅលើដី និងលើផ្ទះនេះដែរ ។
អ្នកស្រីបានឱ្យដឹងទៀតថា ក្នុងនោះដើម្បីផ្តល់ទំនុកចិត្ត អ្នកស្រី និងកូនស្រី បានធ្វើលិខិតធានាលើការទទួលប្រាក់ ការទិញដី និងការជំពាក់ប្រាក់ចំនួន៥សន្លឹក ជាភាសាជប៉ុនទៀតផង ដោយលិខិតទី១ ពាក់ព័ន្ធការទទួលប្រាក់ លិខិតទី២ ពាក់ព័ន្ធការទិញដី លិខិតទី៣ ពាក់ព័ន្ធការផ្តល់ទំនុកចិត្តលើការគ្រប់គ្រងទ្រព្យសម្បត្តិ ។ ក្នុងនោះ បើដីដែលទិញបានពេលលក់ទៅវិញបានចំណេញ ភាគីម្ចាស់ប្រាក់នឹងផ្តល់២៥%លើប្រាក់ចំណេញមកឱ្យអ្នកស្រី និងក្រុមគ្រួសារនៅក្នុងប្រទេសដែលជាអ្នកទិញ និងមើលថែដី ។ លិខិតទី៤ បញ្ជាក់ពីការខ្ចីប្រាក់ និងកិច្ចសន្យាធានាសងប្រាក់ដោយឯកភាពថា នឹងសងប្រាក់ទៅឱ្យកូនស្រីវិញ ក្នុងរយៈពេល៣ឆ្នាំ ទៅតាមលក្ខខណ្ឌរួមមាន នៅពេលលក់ដីនៅភ្នំប្រសិទ្ធបានហើយ ក្នុងករណីមិនគ្រប់ អ្នកស្រីត្រូវយកប្រាក់សគុណ២៥% ដែលបានមកពីការលក់ដីនៅវិហារសួគ៌ ដីនៅអរិយក្សត្រ និងវត្តខ្សាច់ រួមទាំងថ្លៃឈ្នួលជួលផ្ទះ និងដីនៅឫស្សីកែវ រួមទាំងប្រាក់ផ្សេងៗទៀតមកសងបង្គ្រប់ ។
ក្នុងនោះ ដើម្បីធានាដល់សំណងឯកសារកម្មសិទ្ធិផ្ទះ និងដីនៅឫស្សីកែវ ត្រូវប្រគល់ឱ្យកូនស្រីនៅជប៉ុនជាអ្នករក្សាទុក រហូតដល់អ្នកស្រីសងប្រាក់អស់ ទើបមានសិទ្ធិយកកម្មសិទ្ធិត្រឡប់មកវិញ ។ ប៉ុន្តែនៅឆ្នាំ២០០៩ បែរជាឈ្មោះ នុត សុភារ៉ា ពឹងពាក់មេធាវីប្តឹងទៅតុលាការ ទាមទារប្រាក់ជំពាក់ចំនួន១១១.៣១៦ដុល្លារ បើគ្មានប្រាក់សង សុំឱ្យឪពុកម្តាយបង្កើត រួមជាមួយប្អូនៗ ផ្ទេរកម្មសិទ្ធិផ្ទះលេខ៧៥២ ស្ថិតនៅក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ឱ្យទៅខ្លួន ហើយចុងក្រោយ តុលាការទាំង៣ថ្នាក់ បានកាត់សម្រេចឱ្យភាគីកូនស្រីជាអ្នកឈ្នះ ដោយតម្រូវឱ្យតុលាការរឹបអូសផ្ទះលេខ៧៥២ លក់ឡាយឡុង ដើម្បីយកប្រាក់សងទៅឱ្យកូនស្រីឈ្មោះ នុត សុភារ៉ា ។ ឥឡូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសរឹបអូសផ្ទះ និងដីលក់ឡាយឡុងនៅថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០១៤ខាងមុខនេះហើយ ។ អ្នកស្រីខៀវ សុខុម បានចាត់ទុកថា ចំណាត់ការនេះវាអយុត្តិធម៌ណាស់ ព្រោះអ្នកស្រីបានទទួលស្គាល់បំណុល និងរកវិធីសងប្រាក់ទៅកូនស្រីវិញទៀតផង ដូចជាកន្លងមក ពេលលក់ដីនៅភ្នំប្រសិទ្ធ គាត់បានទូរស័ព្ទហៅកូនស្រីមកយក តែកូនស្រីមិនយកទេ ហើយបែរជាប្តឹងទាមទាររឹបអូសយកផ្ទះដែលឪពុកម្តាយ និងប្អូនៗកំពុងរស់នៅ យកទៅលក់ឡាយឡុងទៅវិញ ។ មិនតែប៉ុណ្ណោះ កន្លងមក កូនស្រីបានមកលក់ដីនៅអរិយក្សត្រ និងវត្តខ្សាច់ ស្ថិតក្នុងស្រុកល្វាឯម ខេត្តកណ្តាល ហើយបើយោងតាមកិច្ចសន្យា អ្នកស្រីត្រូវទទួលបានប្រាក់ពីការលក់ចំណេញ ចំនួន១៦៩.៦៥០ដុល្លារ តែកូនស្រីមិនព្រមឱ្យ ហើយបើយកប្រាក់ទាំងអស់នេះទៅទូទាត់ប្រាក់ដែលគាត់ជំពាក់កូនស្រី គឺអ្នកស្រីនៅសល់ប្រាក់ទៀតផង មិនតែប៉ុណ្ណោះ រឿងក្តីទាមទារប្រាក់ចំណេញនេះ កំពុងស្ថិតនៅក្នុងដៃសាលាឧទ្ធរណ៍នៅឡើយ ស្រាប់តែតុលាការសាលាដំបូងរាជធានីភ្នំពេញ រឹបអូសផ្ទះយកទៅលក់ឡាយឡុងទៅវិញ ។
អ្នកស្រីបានលើកឡើងថា មិនដឹងកូនស្រីខឹងអ្នកស្រីរឿងអ្វីទេ ព្រោះតាំងពីដាក់ពាក្យបណ្តឹងមក កូនស្រីមិនដែលមកស្រុកខ្មែរទេ សូម្បីតែទូរស័ព្ទតេរចូលក៏មិនទទួលដែរ តែពេលខ្លះលើកទូរស័ព្ទនិយាយមិនស្តាប់ហេតុផល ។ បានត្រឹមតែទៅទាក់ទងជាមួយមេធាវី ពេលខ្លះសួរមេធាវីរបស់កូនស្រី គេឆ្លើយថា អត់ដឹង លែងកាន់សំណុំរឿងហ្នឹងហើយ ។ ចុងក្រោយ មុននឹងឈានដល់ការអនុវត្តសាលក្រមរឹបអូសផ្ទះលក់ឡាយឡុង អ្នកស្រីសំណូមពរ សូមឱ្យកូនស្រី នុត សុភារ៉ា ដែលរស់នៅប្រទេសជប៉ុន មកជួបដោះស្រាយជាមួយក្រុមគ្រួសារដោយផ្ទាល់ ព្រោះតាំងពីមានការប្តឹងប្តល់គ្នា កូនស្រីមិនដែលមកស្រុកខ្មែរជួបមុខនិយាយគ្នាម្តងណាឡើយ គឺប្រគល់សិទ្ធិឱ្យតែឈ្មោះ នៅ សុីណាត (ជាក្មួយស្រីបង្កើតរបស់អ្នកស្រី) ធ្វើជាតំណាងប្តឹងប្តល់ដែលបច្ចុប្បន្ន ឈ្មោះ នៅ សុីណាត បានស្លាប់ទៅហើយ និងសូមឱ្យតុលាការ មេត្តាពន្យារពេលការអនុវត្តសាលក្រមរឹបអូសផ្ទះលក់ឡាយឡុង ដើម្បីឱ្យរឿងក្តីអ្នកស្រីប្តឹងទាមទារប្រាក់១៧ម៉ឺនដុល្លារ ពីកូនស្រី ចូលជាស្ថាពរសិន ព្រោះសំណុំរឿងនោះ អ្នកស្រីឈ្នះ គឺកូនស្រីអ្នកស្រីត្រូវសងអ្នកស្រីជិត១៧ម៉ឺនដុល្លារ ដែលអាចយកមកទូទាត់ជាមួយនឹងប្រាក់ជំពាក់ជាង១១ម៉ឺនដុល្លារបាន ។
អ្នកស្រី ខៀវ សុខុម បាននិយាយទាំងស្រក់ទឹកភ្នែកថា វាពិតជាអយុត្តិធម៌ណាស់សម្រាប់អ្នកស្រី នៅពេលតុលាការសម្រេចលក់ឡាយឡុងផ្ទះរបស់អ្នកស្រី ហើយកូនស្រីអ្នកស្រីមិនដែលមានបញ្ហាជាមួយអ្នកស្រីសោះ ជាកូនដែលស្តាប់ដំបូន្មានឪពុកម្តាយ ហេតុអ្វីបានជាពេលនេះទៅជាយ៉ាងនេះ ? សូមឱ្យកូនស្រីមកនិយាយទល់មុខជាមួយអ្នកស្រី ។ អ្នកស្រីបានបញ្ជាក់បន្ថែមថា ចាប់តាំងពីពេលមានការប្តឹងប្តល់មក អ្នកស្រី និងកូនស្រី មិនបាននិយាយឱ្យដឹងពីមូលហេតុច្បាស់លាស់នោះទេ សូម្បីតែពេលទូរស័ព្ទចូល ក៏កូនស្រីមិននិយាយជាមួយដែរ ។ ពិសេសទៅទៀត នៅពេលដែលមេធាវីរបស់អ្នកស្រី ក៏ដូចជាចៅក្រមចង់និយាយជាមួយ ក៏កូនស្រីមិននិយាយជាមួយដែរ គ្រាន់តែប្រាប់ឱ្យនិយាយជាមួយមេធាវីវិញ ៕
ចែករំលែកព័តមាននេះ