រាជធានីភ្នំពេញ ៖ និស្សិតឆ្នាំទី៤ម្នាក់ ត្រូវចោរភ្ជង់ប្លន់យកម៉ូតូធុនធំមួយគ្រឿង ខណៈពេលចេញពីច្រៀងខារ៉ាអូខេ ហើយជូនមិត្តភក្តិត្រឡប់មកផ្ទះ កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ កុម្ភៈ នៅម្តុំត្រឡោកបែកតាមបណ្តោយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូខាងលើឈ្មោះ អ៊ាង វិច្ឆិកា អាយុ២៤ឆ្នាំ ជានិស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យមួយ ស្នាក់នៅផ្ទះលេខ៨ ផ្លូវលេខ២២ ក្រុម១១ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកម៉ូតូធុនធំដែលត្រូវចោរប្លន់យកទៅបាត់នោះម៉ាក DUK ពណ៌ទឹកក្រូចលាយ.ស អត់ស្លាកលេខ ដែលមានតម្លៃជាង៤ពាន់ដុល្លារ ។ តាមយុវជនដែលជាម្ចាស់ម៉ូតូធុនធំ បានរៀបរាប់ប្រាប់ប៉ូលិសនិងក្រុមអ្នកកាសែតទាំងទឹកមុខភ័យស្លេកស្លាំងថា មុនពេលកើតហេតុ រូបគេបានទៅផឹកស៊ីជាមួយមិត្តភក្តិបួនប្រាំនាក់នៅក្នុងហាងខារ៉ាអូខេញូវស្តារ ទល់មុខផ្សារហេងលី តាំងពីម៉ោង១០យប់ ហើយរហូតដល់ម៉ោង២និង១៥នាទីរំលងអធ្រាត្រទើបចប់។ ពេលនោះរូបគេបានជូនមិត្តភក្តិម្នាក់ដែលស្រវឹងខ្លាំងជាងគេ ត្រឡប់ទៅផ្ទះនៅម្តុំវត្តសំរោងអណ្តែត ។
ក្រោយពីជូនមិត្តភក្តិដល់ផ្ទះហើយ ក៏ជិះម៉ូតូម្នាក់ឯងត្រឡប់មកវិញដោយធ្វើដំណើរតាមផ្លូវលេខ១៩៨៦ ក្នុងទិសដៅពីលិចមកកើត លុះមកដល់ផ្លូវលេខ៥៩៨ ក៏មានជនពីរនាក់ ជិះម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងដេញតាមម៉ូតូគេពីក្រោយរហូតដល់ផ្លូវរទេះភ្លើងម្តុំត្រឡោកបែកជាកន្លែងស្ងាត់ ក្រុមនោះក៏ដកកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាកចេញពីចង្កេះភ្ជង់ និងស្រែកគំរាមឱ្យឈប់ម៉ូតូ ព្រមទាំងព្រមានថាបើមិនព្រមឈប់នឹងបាញ់សម្លាប់ចោលភ្លាម ។ ខណៈឮដូច្នេះដើម្បីរក្សាជីវិត ក៏ព្រមឈប់ម៉ូតូ ពេលនោះជនសង្ស័យម្នាក់ដែលជិះពីក្រោយ បានដកកាំភ្លើងភ្ជង់ ហើយយកម៉ូតូរបស់ខ្លួនជិះទៅបាត់ស្រមោល ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ។ អ្វីដែលជាការកត់សម្គាល់គឺ អ្នកប្រើប្រាស់ម៉ូតូធុនធំ កំពុងក្លាយជាមុខសញ្ញាត្រូវចោរប្លន់នៅពេលបច្ចុប្បន្ន ដែលកន្លងមកថ្មីៗនេះនៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ យុវជនម្នាក់ពេលជិះម៉ូតូធំម៉ាក DUK ដូចគ្នានេះ ដល់មុខផ្ទះ ក៏ត្រូវចោរបាញ់សម្លាប់ប្លន់យកម៉ូតូទៅបាត់ ដែរ ៕
ចែករំលែកព័តមាននេះ