ខេត្តកំពត ៖ បុរសជាកម្មករទូកនេសាទម្នាក់ ត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌក្រុងកំពត ឃាត់ខ្លួននាំមកកាន់អធិការដ្ឋាននគរបាលក្រុងភ្លាមៗ ក្រោយពីដុតផ្ទះចោលឆេះហ្មត់សល់តែធ្យូង ។ អ្នកភូមិនិយាយថា បុរសរូបនេះមានទំនាស់ក្នុងគ្រួសាររវាងប្រពន្ធ និងម្តាយក្មេក ដោយសារឃាត់ប្រពន្ធមិនឱ្យទៅធ្វើការជានារីបម្រើនៅក្នុងហាងខារ៉ាអូខេមួយ ហើយប្រពន្ធបដិសេធមិនស្តាប់ការណែនាំរបស់ខ្លួន ។
មិនតែប៉ុណ្ណោះ ម្តាយក្មេកដែលនៅក្នុងបន្ទុកជាមួយគ្នានោះ មានគំនិតគាំទ្រមុខរបររបស់ប្រពន្ធទៀត ទើបជំរុញឱ្យបុរសរូបនេះដុតផ្ទះបំផ្លាញចោលផ្អើលទាំងយប់ បន្ទាប់ពីទិញទឹកត្នោតជូរមកអង្គុយផឹកនៅក្រោមផ្ទះម្នាក់ឯងមួយចម្អែតរួចមក ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី៨ កុម្ភៈ នៅក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ។ លោក ជួង សុផាត មេភូមិតាអង្គ ឱ្យដឹងថា កន្លងមកគ្រួសារនេះដោយសារតែជីវភាពក្រីក្រ ប្តីទៅចុះទូកធ្វើកម្មករ ម្តាយក្មេកដែលរស់នៅក្នុងបន្ទុកជាមួយកូន ទៅធ្វើកម្មករសំណង់ ។ រីឯប្រពន្ធមុនដំបូងទៅធ្វើជាកម្មការិនីរោងចក្រ តែក្រោយមក ប្រពន្ធបែកគំនិតឈប់ធ្វើការរោងចក្រ ក៏ទៅបម្រើក្នុងហាងខារ៉ាអូខេនៅក្នុងក្រុងកំពត ។ ចាប់តាំងពីប្រពន្ធទៅធ្វើជាស្ត្រីបម្រើក្នុងហាងខារ៉ាអូខេមក ប្តីប្រពន្ធមួយគូនេះ ចេះតែមានទំនាស់ផ្ទៃក្នុងគ្រួសារជាញឹកញាប់ ។
តាមស្ត្រីឈ្មោះ ចាប ប៉ុច អាយុ៤៥ឆ្នាំ ជាម្តាយក្មេក និយាយថា រូបគាត់ជាស្ត្រីមេម៉ាយ រស់នៅជាមួយកូនស្រីឈ្មោះ ណុប សុខរីណា អាយុ២៥ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះ កែវ រ័ត្ន អាយុ២៩ឆ្នាំ ជាកូនប្រសា ។ ទោះបីរូបគាត់រស់នៅជាមួយកូនក្តី ក៏គាត់មិនមែននៅស្ងៀមហូបដោយកម្លាំងពលកម្មកូនទេ ពីព្រោះទាំងកូនបង្កើត ទាំងកូនប្រសា ក្រោយពីរៀបការហើយ គ្មានផ្ទះស្នាក់នៅទេ គឺស្នាក់នៅផ្ទះរបស់គាត់ ហើយរូបគាត់ក៏ធ្វើជាកម្មករសំណង់ ដើម្បីជួយផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារនេះដែរ ។
ស្ត្រីរូបនេះបន្តថា ចំណែកកូនប្រសារបស់គាត់ ធ្វើជាកូនដៃទូកនេសាទ ក៏ពុំសូវរកប្រាក់ចំណូលបានប៉ុន្មានដែរ ។ ដោយជួបការលំបាកផ្នែកជីវភាពក្នុងគ្រួសារ កូនស្រីគាត់ក៏បានចូលធ្វើការក្នុងរោងចក្រ ។ ក្រោយពីធ្វើការក្នុងរោងចក្របានមួយរយៈ រូបគេក៏បែកគំនិតយ៉ាងណានោះ រូបគាត់ពុំបានដឹងទេ ក៏ឮថាកូនប្តូរមុខរបរទៅបម្រើការងារនៅក្នុងហាងខារ៉ាអូខេ យីហោណាយស្តារ ជាអ្នកចាក់ឌីស្ក ។
ម្តាយក្មេកនិយាយថា តាំងពីកូនស្រីគាត់ធ្វើការក្នុងហាងខារ៉ាអូខេនោះមក ពួកគេទាំងពីរនាក់ ចេះតែឈ្លោះប្រកែកគ្នារហូត ពុំសូវលស់ទេ រូបគាត់ក៏បានណែនាំទាំងសងខាង ដើម្បីឱ្យកូនស្រុះស្រួលគ្នា ប៉ុន្តែពួកគេពុំសូវស្តាប់ការណែនាំរបស់គាត់ទេ ។ រហូតនៅថ្ងៃមួយមុនបុណ្យចូលឆ្នាំចិនពីរថ្ងៃ កូនទាំងពីរនាក់មានទំនាស់គ្នាយ៉ាងខ្លាំង ហើយកូនស្រីរបស់គាត់បានចេញពីផ្ទះ ទៅជួលផ្ទះគេស្នាក់នៅជាមួយមិត្តភក្តិនារីៗបម្រើក្នុងហាងខារ៉ាអូខេជាមួយគ្នាអស់មួយរយៈ ។ ចំណែកកូនប្រសាឃើញដូច្នេះ ក៏ឱ្យរូបគាត់ទៅហៅកូនស្រីមកនិយាយគ្នា ដើម្បីជម្រាបអាជ្ញាធរដោះស្រាយសុំលែងលះគ្នា ប៉ុន្តែពេលកូនស្រីរបស់គាត់មកដល់ផ្ទះវិញ កូនប្រសាមិនបានសុំលែងលះទេ បែរជាសុំឱ្យប្រពន្ធឈប់ធ្វើការនៅក្នុងហាងខារ៉ាអូខេទៀតទៅ រីឯប្រពន្ធមិនព្រមស្តាប់ទេ ។ ដោយសារប្រពន្ធមិនស្តាប់ការណែនាំ ប្តីក៏ទៅទិញទឹកត្នោតជូរមកអង្គុយផឹកនៅក្រោមផ្ទះម្នាក់ឯង ។ លុះពេលស្រវឹង ក៏ទាញកាំបិតរកកាប់ប្រពន្ធ តែត្រូវអ្នកជិតខាងជួយចាប់ ជម្លៀសចេញពីផ្ទះ ដើម្បីឱ្យប្រពន្ធដោះខ្លួនទៅពួនលាក់ខ្លួននឹងផ្ទះអ្នកជិតខាង ។
ក្រោយពីរូបគាត់ និងកូនស្រីគេចខ្លួនផុត អ្នកឃាត់កូនប្រសា ក៏លែងតាមដាន នៅពេលនោះ កូនប្រសានេះរត់មកដល់ផ្ទះ ក៏ចាក់ប្រេងម៉ាស៊ូតដុតផ្ទះចោលតែម្តង ។
មន្ត្រីនគរបាលព្រហ្មទណ្ឌក្រុង ឱ្យដឹងថា ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនហៅមកសួរនាំ បុរសនេះនិយាយថា ដោយសារតែខឹងនិយាយប្រពន្ធមិនស្តាប់ពីរឿងទៅធ្វើជាស្រីខារ៉ាអូខេ ហើយម្តាយក្មេកកាន់ជើងប្រពន្ធទៀត ទើបខ្លួនស្រវឹងផង ក៏ដុតផ្ទះតែម្តងទៅ ។ ការខូចខាតមានផ្ទះទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ ដំបូលស័ង្កសី ជញ្ជាំងស្លឹកចាក រនាបក្តារ ឆេះកង់២គ្រឿង ម៉ូតូសេ១២៥ចិន ស៊េរី២០១៣ មួយគ្រឿង និងសម្ភារប្រើប្រាស់មួយចំនួន ។ ពេលមានអគ្គិភ័យ គេឃើញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បានមកជួយពន្លត់ ប៉ុន្តែនៅសល់តែសសរផ្ទះប៉ុណ្ណោះ ។ ចំណែកបុរសជាប្តី ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ត ។
មន្ត្រីនគរបាលមួយរូបនិយាយថា បុរសៗដែលចូលច្រៀងខារ៉ាអូខេ មានដៃដូចដៃមឹក នៅអត់ស្ងៀមទេ ។
ដូច្នេះហើយ ទើបប្តីដែលមានប្រពន្ធបម្រើនៅហាងខារ៉ាអូខេ តែងតែមិនឯកភាពឱ្យធ្វើ ។ មិនមែនត្រឹមតែដៃមឹកទេ ខ្លួនក៏មឹកដែរ ៕
ចែករំលែកព័តមាននេះ