ខេត្តកំពង់ចាម ៖ បុរសពោះម៉ាយកូន២ម្នាក់ឈ្មោះ ធុច សាថាត អាយុ៤៩ឆ្នាំ ជាមន្ត្រីបម្រើការងារនៅធនាគារជាតិសាខាខេត្តកំពង់ចាម ត្រូវបានមិត្តភក្តិរបស់ខ្លួនចាក់សាំងដុតទាំងរស់នៅក្នុងបន្ទប់ផ្ទះជួលមួយស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម បណ្តាលឱ្យរលាករលួយពេញខ្លួនប្រាណ ដើម្បីប្លន់យកខ្សែកមាស១ខ្សែ ហើយរត់គេចខ្លួនបាត់ ។
ហេតុការណ៍ដ៏ឃោរឃៅនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៩ កុម្ភៈ ហើយក្រោយមកជនរងគ្រោះបានស្លាប់នៅពាក់កណ្តាលផ្លូវ ពេលបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ ។ តាមម្ចាស់ផ្ទះជួលឈ្មោះ កើត គឹមស្រុី ភេទប្រុស អាយុ៥២ឆ្នាំ បានឱ្យដឹងថា កាលពីវេលាម៉ោងជាង៧យប់ បុរសម្នាក់ដែលជាមិត្តភក្តិរបស់អ្នករងគ្រោះ បានទូរស័ព្ទហៅទៅផឹកស៊ីនៅកន្លែងមួយក្នុងក្រុងកំពង់ចាម តែមិនដឹងថានៅត្រង់ណាទេ រហូតដល់ម៉ោងជាង៩យប់ទើបឃើញត្រឡប់មកវិញ រួមទាំងមិត្តប្រុសម្នាក់នោះដែលមានអាយុប្រហាក់ប្រហែលគ្នាមកអង្គុយនិយាយលេងក្នុងបន្ទប់ ។ បុរសម្ចាស់ផ្ទះបន្តទៀតថា គាត់ក៏មិនបានស្គាល់មិត្តភក្តិរបស់អ្នករងគ្រោះនោះថាជានរណាដែរ គ្រាន់តែឃើញអង្គុយលេង ។ រហូតដល់វេលាម៉ោង១១និង៣០នាទីយប់ ស្រាប់តែប្រពន្ធគាត់ឃើញភ្លើងឆេះចេញពីបន្ទប់លេខ៦ នៅជាន់ក្រោមនោះ និងឃើញបុរសដែលមកជាមួយជនរងគ្រោះរត់គេចខ្លួនចេញទៅខាងក្រៅផ្ទះបាត់ ។
ភ្លាមៗនោះរូបគាត់បានស្ទុះទៅយកបំពង់ពន្លត់អគ្គិភ័យ១បំពង់មកបាញ់ទៅលើភ្លើងដែលកំពុងឆេះហុយផ្សែងទ្រលោមពេញក្រោមផ្ទះ។ ដោយមានស្មារតីរឹង គាត់បានទាញទុយោទឹកនៅមុខផ្ទះមកតបាញ់ពន្លត់ភ្លើង ។ ក្នុងហេតុការណ៍នេះ អ្នកជិតខាងក៏បាននាំគ្នាជួយបាញ់ទឹកពន្លត់ដែរ និងទប់ស្កាត់ភ្លើងមិនឱ្យឆេះរាលដាលទៅដល់ផ្ទះឈើ និងបន្ទប់ផ្សេងទៀតនៅក្បែរនោះ។ ក្នុងពេលបាញ់ទឹកពន្លត់ភ្លើង ស្រាប់តែឃើញបុរសរងគ្រោះដើរចេញពីបន្ទប់ទឹកដោយមានស្នាមរបួសរលាកពេញខ្លួនប្រាណ ក៏បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ហើយបញ្ជូនបន្តទៅរាជធានីភ្នំពេញ ក៏ស្លាប់នៅពាក់កណ្តាលផ្លូវ ។ ចំណែកខ្សែកមាស១ខ្សែពាក់នៅកថ្មីៗបានបាត់ ដូច្នេះពិតជាត្រូវមិត្តភក្តិដែលមកជាមួយប្លន់យកទៅបាត់ហើយមើលទៅ ។ ម្ចាស់ផ្ទះឱ្យដឹងថា ចំពោះបន្ទប់ដែលបុរសរងគ្រោះមកជួលស្នាក់នៅនេះក្នុងមួយខែតម្លៃ៣៥ដុល្លារ ទើបតែនៅបាន៥ថ្ងៃបុ៉ណ្ណោះ ក៏ជួបនឹងហេតុការណ៍គ្រោះថ្នាក់នេះ ។ សពបុរសពោះម៉ាយត្រូវបានយកទៅធ្វើបុណ្យនៅស្រុកកំណើតឯស្រុកព្រៃឈរ ។
លោកវរសេនីយ៍ត្រី សំ ផាត អធិការនគរបាលក្រុងកំពង់ចាមប្រាប់ឱ្យដឹងថា បុរសរងគ្រោះបានហៅមិត្តភក្តិជាបុរសម្នាក់មកដេកនៅបន្ទប់ផ្ទះជួលជាមួយគ្នា ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ បានចំនួនមួយយប់ លុះនៅយប់ថ្ងៃទី៩ កុម្ភៈ ក៏ចេញទៅផឹកស៊ីជាមួយគ្នានៅខាងក្រៅ ។ ពេលត្រឡប់មកវិញនៅម៉ោងជាង១១យប់ ក៏កើតមានករណីប្លន់យកខ្សែកមាសទម្ងន់២តម្លឹង ដោយចាក់សាំងដុតជនរងគ្រោះ ហើយរត់គេចខ្លួនបាត់ ។ រហូតមកដល់ម៉ោង១១ព្រឹកថ្ងៃទី១០ កុម្ភៈ ជនសង្ស័យរូបនោះនៅមិនទាន់ត្រូវចាប់ខ្លួនបាននៅឡើយទេ ៕
ចែករំលែកព័តមាននេះ