ព្យាករត្រឹមត្រូវឥតខ្ចោះ
ស្រីស្អាត ចយ អាយ៉ាដ ជាហោរាជំនាន់ក្រោយរបស់ប្រទេសអេហ្ស៊ីប ។ នារីក្មេងម្នាក់នេះភ្ជាប់ខ្លួនជាមួយពិភពហោរាសាស្ត្រតាមបែបផ្សេងពីអ្នកជំនាន់មុន ដោយសម្លឹងមើល អ្វីៗក្រោមពន្លឺវិទ្យាសាស្ត្រ គួបផ្សំនឹងហោរាសាស្ត្រ ។ នាងមានបរិញ្ញាបត្រសិល្បៈស្រុកបារាំង ។ អ្វីដែលធ្វើឱ្យអ្នកផងភ្ញាក់ផ្អើលបំផុត គឺនាងបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន និយាយពីការដួលរលំរបស់លោក ម៉ូហាម៉េដ ម័រស៊ី ប្រធានាធិបតីអេហ្ស៊ីប ដោយបង្ហាញតាំងពីពេលវេលានៃហេតុការណ៍ នីមួយៗ ទំហំហេតុការណ៍ និងដំណាក់កាលចុងក្រោយនៃហេតុការណ៍ ។
ចយ អាយ៉ាដ ប្រាប់មុនបានត្រឹមត្រូវឥតខ្ចោះពីការវាយប្រហារភេរវកម្មលើវិហារធំ Al-Qiddissin នៅក្រុងអាឡិចសានដ្រា ពីមរណភាពអនុប្រធានាធិបតីអេហ្ស៊ីប អូម៉ា ស៊ូឡេម៉ាន ពីការរញ្ជួយដីនៅអីុរ៉ង់, ព្យុះនៅសហរដ្ឋអាមេរិក…។
មុននោះ ក្នុងការផ្តល់បទសម្ភាសន៍មួយ ចយ អាយ៉ាដ និយាយថា មិនយូរទេនឹងមានបដិវត្តន៍ផ្ទុះឡើងនៅប្រទេសទុយនីស៊ី, មានការផ្លាស់ប្តូរធំនៅលីប៊ី, មានការប្រែប្រួលធាតុអាកាសធ្លាក់ព្រិលខ្លាំងក្នុងប្រទេសអេហ្ស៊ីប មានទឹកជំនន់ធំនៅប្រទេសអារ៉ាប៊ីសាអូឌីត ។ «ចូលដល់ឆ្នាំ២០១៤ ពិភពលោកមានការប្រែប្រួលច្រើន ។ រុស្ស៊ីក៏ត្រូវទប់ទល់បែកញើស ហូរញើសជាមួយការវាយប្រហារភេរវកម្ម ធំៗ» ។
ការធ្លាក់ព្រិលធ្ងន់ធ្ងរនៅទីក្រុងគែរប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី១៣ ធ្នូ ២០១៣ ជាការធ្លាក់ព្រិលខ្លាំងមិនធ្លាប់មានក្នុងរយៈពេល១២០ឆ្នាំកន្លងមក ជាហេតុការណ៍ធ្វើឱ្យជនជាតិអេហ្ស៊ីបនឹកឃើញដល់ការព្យាកររបស់ស្រីស្អាត ចយ អាយ៉ាដ ដែលនិយាយពេលផ្តល់បទសម្ភាសន៍កាលពីជិត១០ឆ្នាំមុន ហេតុអីស្រីក្មេងម្នាក់នេះនិយាយត្រូវម៉្លេះ ។ អ្វីគ្រប់យ៉ាងដែល ចយ អាយ៉ាដ និយាយពីដំបូង មិនទាន់មានអ្នកណាចាប់អារម្មណ៍ប៉ុន្មានឡើយ លុះដល់ហេតុការណ៍ផ្ទុះឡើងទើបច្រហមាត់គ្រប់គ្នា ហេតុនេះពួកគេក៏ផ្តល់រហស្សនាមនាងជា «រាជិនីហោរា» រហូតដល់សព្វថ្ងៃ ។
សហរដ្ឋអាមេរិកប្រឈមការដួលរលំក្នុងឆ្នាំ២០១៤
មនុស្សជាច្រើនកាន់តែចាប់អារម្មណ៍ចំពោះការនិយាយពីសហរដ្ឋអាមេរិករបស់រាជិនីហោរា ចយ អាយ៉ាដ ព្រោះមុននោះពេលនាងនិយាយថា សង្គមអាមេរិកផ្ទុះការបែកបាក់ធ្ងន់ គ្មានអ្នកណាជឿទេ លុះដល់ពេលគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យកាច់កុងគ្នាដល់ថ្នាក់រដ្ឋបាលសហព័ន្ធស្ទើរបិទទ្វារដោយអស់ប្រាក់ចំណាយ ទើប ម្នាក់ៗច្រហមាត់ស្រែកថា ត្រូវអីក៏ត្រូវេម្ល៉ះ ។ ឥឡូវគេចាំមើលតទៅទៀតចំពោះសហរដ្ឋអាេមរិកក្នុងឆ្នាំ២០១៤ តើនឹងទៅជាយ៉ាងណា ។ ចយ អាយ៉ាដ បាននិយាយមុនហើយថា ឆ្នាំ២០១៤ ពលរដ្ឋអាមេរិកមិនបានសុខកាយសប្បាយចិត្តប៉ុន្មានទេ ព្រោះជាឆ្នាំដែលគ្រោះថ្នាក់ធំ អាចមកដល់ពេលណាក៏បាន នោះគឺគ្រោះបណ្តាលមកពីមហាភ្នំភ្លើង Yellow stone ស្ថិតនៅឧទ្យានជាតិក្នុងរដ្ឋ Wyoming ។ បើភ្នំភ្លើង Yellowstone ផ្ទុះឡើង គ្រោះថ្នាក់មិនត្រឹមតែសហរដ្ឋអាមេរិកទេ គឺរាលដាលដល់ប្រទេសនានាជាច្រើនក្នុងលោក ។ មហាភ្នំភ្លើងមួយនេះភ្ញាក់ពីដំណេកពេលណា សហរដ្ឋអាមេរិកត្រូវរលំរលាយស្ទើរអស់មួយប្រទេស ។
ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រគណនាឃើញថា បើមហាភ្នំភ្លើង Yellowstone ផ្ទុះឡើង នឹងបណ្តាលឱ្យបរិយាកាសផែនដីត្រូវហ៊ុមព័ទ្ធដោយអាស៊ីដស៊ុលហ្វូរិច, ផ្សែង និងធូលី ។ ផែនដីទាំងមូលត្រូវជ្រមុជក្នុងភាពត្រជាក់រណ្តំថ្គាម នាំដល់អរិយធម៌របស់មនុស្សជាតិវិលត្រឡប់ថយក្រោយដល់ចំណុចចាប់ផ្តើម ។ ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របង្ហាញថា វដ្តភ្នំភ្លើង Yellowstone ផ្ទុះ ម្តងៗ គឺរយៈពេលប្រមាណ៦សែនទៅ៧សែនឆ្នាំ ។ វាធ្លាប់ផ្ទុះយ៉ាងតិច១០០ដងមកហើយ ក្នុងនោះមាន៣ដងខ្លាំងក្លា ។ ការផ្ទុះចុងក្រោយរបស់វា គឺកាលពីជាង៦៤ម៉ឺនឆ្នាំមុន ។ បើគិតតាមវត្ដនេះ បានសេចក្តីថាពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលរង់ចាំ ការផ្ទុះម្តងទៀតរបស់វា ។
ការព្យាកររបស់រាជិនី ចយ អាយ៉ាដ កាន់តែមានមូលដ្ឋានច្រើនឡើង ខណៈពួកអ្នកវិទ្យាសាស្ត្រក្នុងអង្គការណាសា ទើបតែរកឃើញមណ្ឌលក្តៅមួយនៅភ្នំ Yellowstone នោះគឺមណ្ឌលកម្អែភ្នំភ្លើងកំពុងឆេះ គ្រុកៗនៅខាងក្នុង ដែលមានទំហំប៉ុនរាជធានីតូក្យូរបស់ជប៉ុន ។ តាមអ្នកវិទ្យាសាស្ត្រអង្គការណាសា នេះជាសញ្ញាបង្ហាញថា ចំណុចចាប់ផ្តើមផ្ទុះគឺមណ្ឌលហ្នឹងតែម្តង ។ វាស្ថិតក្នុងជម្រៅដីត្រឹមតែ២០គីឡូម៉ែត្រប៉ុណ្ណោះ គឺប្រមាណ១ភាគ១០ នៃមណ្ឌលកម្អែភ្នំភ្លើងឯទៀត ។ ប្រសិនបើពួកភេរវករលួចគប់គ្រាប់បែកមានកម្លាំងខ្លាំងកៀកមណ្ឌលកម្អែភ្នំភ្លើងលើភ្នំ Yellowstone បាន ប្រហែលកម្លាំងគ្រាប់បែកនោះជួយជំរុញឱ្យភ្នំភ្លើងមហាប្រល័យផ្ទុះមុនកំណត់មិនខាន ៕
ចែករំលែកព័តមាននេះ