រាជធានីភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១០ កុម្ភៈ ២០១៤ នេះបានសម្រេចផ្តន្ទាទោសស្ត្រីជាប់ចោទម្នាក់ឈ្មោះសុខ បញ្ញា ហៅវង អាយុ៣៦ឆ្នាំ ដាក់ពន្ធនាគារចំនួន៥ឆ្នាំពីបទនាំនារីខ្មែរ៣នាក់ទៅបម្រើផ្លូវភេទនៅម៉ាឡេស៊ី។
គួររំលឹកផងដែរថា ស្ត្រីជាប់ចោទរូបនេះបាននាំនារីខ្មែរចំនួន៣នាក់ចេញពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២០ សីហា ២០១៣ ដើម្បីបម្រើផ្លូវភេទក្នុងហាងខារ៉ាអូខេមួយស្ថិតនៅកណ្តាលទីក្រុងគូឡាឡំពួ។
លោកសួស សំអាត ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានថ្លែងថា ស្ត្រីជាប់ចោទឈ្មោះសុខ បញ្ញា អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានប៉ូលិសប្រឆាំងការជួញដូរនៃក្រសួងមហាផ្ទៃចាប់ខ្លួនកាលពីថ្ងៃទី ២៦ សីហា ២០១៣ក្នុងផ្ទះសំណាក់មួយក្នុងរាជធានីភ្នំពេញ ដោយយោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះឈ្មោះស្វាយ សោភ័ណ្ឌ អាយុ២២ឆ្នាំ ជាអតីតនិស្សិតឆ្នាំទី២នៃសាកលវិទ្យាល័យបៀលប្រាយ ដែលបានរត់ចេញពីផ្ទះបនក្នុងទីក្រុងគូឡាឡំពួប្រទេសម៉ាឡេស៊ី។
នារីរងគ្រោះបាននិយាយថា នាងត្រូវចាញ់បោកស្ត្រីឈ្មោះសុខ បញ្ញា ដោយសារតែនាងមានបំណងចង់រកលុយឱ្យបានច្រើនដើម្បីជួយក្រុមគ្រួសារ៕
ចែករំលែកព័តមាននេះ