ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរស្រុកអូររាំង ក្រោមការបញ្ជាពីគណៈកម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិបានដុតកម្ទេចចោលរថយន្ត ដែលជាមធ្យោបាយដឹកបទល្មើសធនធានធម្មជាតិ ក្រោយការបង្ក្រាបបាន កាលពីថ្ងៃទី៣១ កក្កដា កន្លងទៅ ស្ថិតក្នុងភូមិសាស្ត្រភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ។

លោកសូ សំអាត មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរាំងបានឲ្យដឹងថា រថយន្តល្មើស ត្រូវបានសមត្ថកិច្ចចាប់គ្រាដែលដឹកឈើបេងចំនួន៥៦ដុំ ដែលស្មើនិង០,៩៦៧ម៉ែត្រត្រីគុណ ។ លោកថា រថយន្តនេះ ម៉ាកកាមេរីហើម ចង្កូតឆ្វេង ពុំមានស្លាកលេខ ហើយម្ចាស់បានរត់គេចខ្លួនពេលសមត្ថកិច្ចធ្វើប្រតិបត្តិការបង្ក្រាប។
លោកមេបញ្ជាការបញ្ជាក់ថា ឈើត្រូវដឹកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរាំង ដោយឡែករថយន្តត្រូវយកទៅដុតកម្ទេចចោល កាលពីម៉ោងជាង០៩ព្រឹកថ្ងៃទី០២ សីហា ។ ក្នុងខេត្តមណ្ឌលគិរីតាមសេចក្តីរាយការបឋមបានបង្ហាញថា រថយន្តដឹកបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំ(ឡានប៉ាកុង)ចំនួន៣២គ្រឿង ត្រូវបានដុតចោលរួចរាល់ ។
ជាមួយគ្នានោះ រថយន្តធុនតូច ក្នុងស្រុកកែវសីមាចំនួន០៣គ្រឿង និងស្រុកអូរាំងចំនួន០១គ្រឿង បានរងនូវការដុតកម្ទេចចោលដូចគ្នាផងដែរ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ