រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ ឯកឧត្តម ឈុំ សុជាតិ បានច្រានចោលចំពោះការចោទប្រកាន់របស់របាយការណ៍ភាគីសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងមូលដ្ឋានសមុទ្ររាមនៃកងទ័ពជើងទឹកកម្ពុជា ។

ការច្រានចោលរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីវិទ្យុអាស៊ីសេរីនៅក្រៅប្រទេស នាថ្ងៃ២០ ឧសភា បានចេញផ្សាយថា «មជ្ឈមណ្ឌលស្រាវជ្រាវមួយរបស់សហរដ្ឋអាមេរិកបានរកឃើញថា យោធាចិនកំពុងមានសិទ្ធិផ្ដាច់មុខប្រើប្រាស់ផ្នែកខ្លះនៃមូលដ្ឋានទ័ពរាម ហើយចិន ក៏កំពុងពង្រីកវត្តមានយោធារបស់ខ្លួនលើសពីមូលដ្ឋានទ័ពរាម»។
អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងនៅព្រឹកថ្ងៃ២១ ឧសភា បានទាត់ចោលថា «សូមប្រកាសច្រាលចោលទាំងស្រុងចំពោះ ការចោទប្រកាន់យ៉ាងគឃ្លើន ដោយមានលក្ខណៈញុះញង់ និងចេតនាទុច្ចរិត ដែលនាំឲ្យមានការភ័ន្តច្រឡំ ពាក់ព័ន្ធនឹងមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងដោយសារព័ត៌មានបរទេសមួយចំនួននាថ្មីៗនេះ»។
អ្នកនាំពាក្យបន្តថា រាជរដ្នាភិបាល និងក្រសួងការពារជាតិកម្ពុជា បានប្រកាសជាញឹកញាប់រួចមកហើយថា កម្ពុជាជាប្រទេសអព្យាក្រឹត ហើយរដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតបរទេសណាយកទឹកដីកម្ពុជាធ្វើជាមូលដ្ឋានយោធាដាច់ខាត។
ឯកឧត្តម ឈុំ សុជាតិ អះអាងថា ក្រោយការដាក់ឲ្យដំណើរការប្រើប្រាស់កន្លងមក កម្ពុជា បានអនុញ្ញាតឲ្យនាវាបរទេសចូលមកសំចតជាហូរហែនៅកំពង់ផែសមុទ្ររាម ដែលក្នុងនោះ មាននាវាកងទ័ពជប៉ុនត្រូវបានអនុញ្ញាតចូលចតមុនគេបង្អស់ បន្ទាប់ពីកំពង់ផែសមុទ្ររាមត្រូវបានសម្ពោធជាផ្លូវការ បន្ទាប់មកមាននាវាកងទ័ពវៀតណាម នាវាចិនជាដើម។
ដោយពួកគេបានប្រើប្រាស់កំពង់ផែសមុទ្ររាមដោយរីករាយ ដែលនេះជាភស្តុតាងជាក់ស្តែងគ្រប់គ្រាន់អាចបញ្ជាក់ពីការគ្រប់គ្រងប្រើប្រាស់កំពង់ផែសមុទ្ររាមរបស់កម្ពុជា។ បើតាមឯកឧត្តមអ្នកនាំពាក្យក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវ មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍រាល់បណ្តាកងទ័ពប្រទេសជាមិត្តទាំងអស់ ដែលចង់មកចូលចតនៅកំពង់ផែរាមកម្ពុជា ដើម្បីធ្វើការហ្វឹកហ្វឺនរួមគ្នា។
ឯកឧត្តមថា ប៉ុន្តែទោះជាយ៉ាងនេះក្តី រាល់នាវាកងទ័ពបរទេស ដែលចង់ចូលមកចតនៅកំពង់ផែរាម ត្រូវតែជូនដំណឹងមកកម្ពុជាដែលជាម្ចាសផ្ទះជាមុន រួមទាំងនាវាកងទ័ពរបស់ប្រទេសចិនផងដែរដែលសង្ឃឹមថា នៅថ្ងៃខាងមុខ នឹងមាននាវាកងទ័ពប្រទេសជាមិត្តជាបន្តបន្ទាប់ទៀត នឹងចូលចតនៅកំពង់ផែរាមនេះ៕
ចែករំលែកព័តមាននេះ