រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យមានការជ្រើសរើសមន្ត្រីកិច្ចសន្យាក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់និស្សិត និងគរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា៖« សម្តេចទើបតែចុះហត្ថលេខាលើអនុក្រឹត្យថ្មីមួយ ដើម្បីផ្តល់អាទិភាពដល់វិស័យអប់រំ និងសុខាភិបាល ក្នុងការជ្រើសរើសមន្ត្រីកិច្ចសន្យាដែលជាក្របខណ្ឌកិច្ចសន្យាពិសេស ឬកិច្ចសន្យាបច្ចេកទេសដែលអាចទទួលបានអត្ថប្រយោជន៍នានា ដូចទៅនឹងមន្ត្រីក្របខណ្ឌទូទៅផងដែរ» ។
ការសម្រេចឱ្យមានការជ្រើសរើស និងផ្តល់ក្របខណ្ឌកិច្ចសន្យាដែលមានអត្ថប្រយោជន៍ច្រើនបែបនេះត្រូវបានសម្តេច ធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជាការសាកល្បងលើវិស័យអាទិភាព២ ដែលសំខាន់ គឺវិស័យអប់រំ និងសុខាភិបាល តែសម្រាប់បញ្ចូលក្នុងលក្ខខណ្ឌនៅមូលដ្ឋានតំបន់ដាច់ស្រយាល និងជនបទតែប៉ុណ្ណោះ ។

សម្ដេចបវរធិបតី បានលើកឡើងថា៖ «ល្ងាចមិញនេះ ខ្ញុំបានចុះហត្ថលេខាលើអនុក្រឹត្យមួយកិច្ចការងារនេះ យើងបានធ្វើតាំងពីដើមអាណត្តិមក ដែលគិតគូនៅក្នុងការកង្វះនូវវិស័យអាទិភាព២ គឺអប់រំ និងសុខាភិបាល នៅមូលដ្ឋាន ចឹងយើងរៀបចំនិយាមថ្មី នៅក្នុងការបើកច្រកបន្ថែមទៀតសម្រាប់ជ្រើសរើស អ្នកដែលមានគុណវុឌ្ឍ ចូលជាក្របខណ្ឌកុងត្រា ដូចកិច្ចសន្យា ប៉ុន្តែជាកិច្ចសន្យាបច្ចេកទេសដែលយើងគិតគូរពីក្របខណ្ឌបៀវត្សរ៍ គិតគូពីក្របខណ្ឌអត្ថប្រយោជន៍អ្វីស្រដៀងនឹងមន្ត្រីក្របខណ្ឌ តែមិនមែនក្របខណ្ឌនោះទេ ហើយក៏មិនជាប់នៅក្នុងលក្ខន្តិកៈអាចលើសអាយុ៣០, ៤០ឆ្នាំ ឬមួយអីបើសិនគាត់មានគុណវុឌ្ឍ ហើយយើងសាកល្បងនៅក្នុងវិស័យ២នេះឱ្យអនុវត្តចាប់ផ្តើមដំបូង ដោយផ្តោតទៅលើវិស័យអប់រំពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ ខាងសុខាភិបាល គឺសម្រាប់ប៉ុស្តិ៍សុខភាព រហូតដល់ពេទ្យបង្អែកស្រុក» ។
ដោយឡែក សម្តេចមហាបវរធិបតី បានបញ្ជាក់ដែរថា ចំពោះការប្រើប្រាស់រូបមន្តសព្វថ្ងៃក្នុងការជ្រើសរើស គឺមានការពិបាកក្នុងការទាញអ្នកដែលមានគុណវុឌ្ឍចូល ដោយសារការផ្តល់ក្របខណ្ឌអាចលើសអាយុ ចំណែកបើឱ្យកិច្ចសន្យាធម្មតា ប្រាក់ខែទាបពេកក៏មិនមានអ្នកទៅដែរ ។
ក្នុងនោះ សម្តេចមហាបវរធិបតី បានបញ្ជាក់ថា ត្រូវបានសាកល្បងហើយនៅក្នុងខេត្តប៉ៃលិន ដែលជាកម្មវិធីសាកល្បងមួយសម្រាប់វិស័យអប់រំ និងសុខាភិបាល ។ បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា បើសិនអនុវត្តទៅជោគជ័យនឹងកែសម្រួល ដើម្បីបំពេញមុននឹងអនុវត្តលើវិស័យផ្សេងៗទៀត ខណៈកិច្ចការទាំងអស់នេះ គឺដើម្បីធានាបរិមាណ និងគុណភាពដោយមិនអាចគិតពីគុណភាពតឹងរឹងពេក ហើយនាំឱ្យខ្វះបរិមាណ៕
ចែករំលែកព័តមាននេះ