ខេត្តស្វាយរៀង ៖ អ្នកផលិតក្រមាបានត្អូញត្អែតម្លៃក្រមាចុះថោក និងមិនសូវមានអ្នកគាំទ្រទេ ធ្វើឲ្យអ្នកផលិតក្រមាមួយចំនួនធំត្រូវបោះបង់កីឈប់ត្បាញទៅរកការងារនៅតាមរោងចក្រវិញ។
ការត្អូញត្អែរនេះ នៅព្រឹកថ្ងៃទី២០ ឧសភា ២០២៥ ស្ថិតនៅភូមិដំណាក់កន្ទួត ឃុំស្វាយយាស្រុកស្វាយជ្រំ ។

បើតាមចាស់ទុំក្នុងស្រុកស្វាយជ្រំបានលើកឡើងថា ក្រមាគឺជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ តាំងពីបុរាណកាល រហូតមកដល់បច្ចុប្បន្ន ហើយក្រមាត្រូវបានត្បាញឡើងដោយអំបោះច្នៃ រំលេចជាក្រឡាគោម ឆ្លាស់ពណ៌លាយគ្នាជាទីចាប់អារម្មណ៍របស់អ្នកប្រើប្រាស់ ហើយពីបុរាណក្រមាដែលទំហំតូច គឺគេប្រើសម្រាប់ធ្វើជាឈ្នួតក្បាលរបស់បុរស ក្រមាធុនធំគេប្រើសម្រាប់បង់.ក ។ ចំណែកស្ត្រីប្រើសម្រាប់ចងពុងពីលើអាវ និងធ្វើជារង្វេលទ្រាប់ក្បាលទូលកញ្ជើល្អី ក្រមាប្រើបានជាច្រើនយ៉ាង ទាំងចាស់ក្មេងស្រីប្រុសតាមតម្រូវការ។

បច្ចុប្បន្ន ក្រមាខ្នាតតូចគេប្រើបង់កទិញធ្វើជាកាដូរ ជូនក្នុងពិធីអាពាហ៌ពិពាហ៌និងពិធីផ្សេងៗ រីឯក្រមាខ្នាតធំ គេយកទៅចែកជាអំណោយសម្រាប់មនុស្សចាស់ប្រើប្រាស់ និងអ្នកខ្លះគេកាត់ជាសំលៀកបំពាក់។
ប្រភពបន្តថា តាំងពីបុរាណមកការតម្បាញក្រមាជាលក្ខណៈសិប្បកម្មបែបប្រពៃណីគឺធ្វើដោយដៃ ប៉ុន្តែបច្ចុប្បន្នគឺប្រើកីតម្បាញស្វយ័ប្រវត្ត ប្រើម៉ាស៊ីន ហើយការងារត្បាញក្រមារបស់អ្នកស្រុកស្វាយជ្រំ បច្ចុប្បន្ន គឺផ្លាស់ប្តូរពីប្រើកម្លាំងមនុស្សច្រើនត្រូវកាត់បន្ថយមកប្រើមនុស្សតិចប្រើដោយម៉ាស៊ីនវិញ ដើម្បីបំពេញតម្រូវការតាមទីផ្សារ។

បើតាមអ្នកស្រី សារ៉ាត់ ស្រីណែត រស់នៅភូមិ ដំណាក់កន្ទូត ឃុំស្វាយយាស្រុកស្វាយជ្រំ ជាអ្នកប្រកបមុខរបរត្បាញក្រមាបានប្រាប់ឲ្យដឹងថា អ្នកស្រីប្រកបមុខរបរត្បាញក្រមានេះពីឪពុកម្តាយ គឺប្រើកីតម្បាញបុរាណ ក្រោយមកក៏ផ្លាស់ប្តូរមកប្រើកីតម្បាញស្វ័យប្រវត្តប្រើប្រាស់ជាម៉ាស៊ីន ។
អ្នកស្រីបន្តថា ក្រោយមកគឺប្រើភ្លើងអគ្គិសនីវិញ ចាប់ផ្តើមដំបូងអ្នកស្រីត្បាញកីម៉ាស៊ីនដោយចុចភ្លើងដោយសារវាលឿន ធ្វើបានលឿនទាន់តម្រូវការ ហើយអ្នកត្បាញមួយចំនួនរស់នៅឃុំផ្សេង អ្នកខ្លះក៏នៅមានត្បាញតាមបែបប្រពៃណីបុរាណដែរ ហើយពេលត្បាញក្រមារួចរាល់ចេញជាផលសម្រេច គឺមានអ្នកមកប្រមូលទិញ គឺពួកគាត់មកលក់ផ្ទាល់នៅផ្ទះអ្នកស្រី ។

អ្នកស្រី សា សារ៉ាត់ ស្រីណែត បានឱ្យដឹងទៀតថា បច្ចុប្បន្ន នេះ អ្នកស្រីមានកីតម្បាញស្វាយប្រវត្តគឺម៉ាស៊ីនត្បាញចំនួន៣០គ្រឿង ដែលកំពុងដំណើរក្រៅពីនេះមានប្រជាពលរដ្ឋក្នុងភូមិ មានកីតម្បាញជាង៤០គ្រឿងផ្សេងទៀត ហើយពេលត្បាញក្រមាចេញជាលទ្ធផលសម្រេច អ្នកត្បាញក្រមាទាំងនោះបានប្រមូលគ្នាយកមកលក់ឲ្យអ្នកស្រី ហើយអ្នកស្រីធ្វើជាឈ្មួញកណ្តាលទិញយកទៅលក់បន្តនៅស្រុកកៀនស្វាយខេត្តកណ្តាលនិងរាជធានីភ្នំពេញ។

អ្នកស្រីសារ៉ាត់ ស្រីណេត ក៏បានអំពាវនាវស្នើសុំឲ្យអាជ្ញាធរ និងមន្ទីរក្រសួងពាក់ពន្ធ័មេត្តាជួយរកទីផ្សារ ធ្វើយ៉ាងណាឲ្យក្រមាខ្មែរមានតម្លៃ ថ្លៃជាងនេះបន្តិច ដោយបច្ចុប្បន្នអ្នកស្រីលក់បោះដុំលក់ចេញក្រមាខ្នាតតូចមួយលក់បានក្នុងតម្លៃ២,០០០រៀល ទៅ២,៥០០រៀលនិងក្រមាខ្នាតធំមួយតម្លៃ៣,០០០ ទៅ៣,៥០០៛ប៉ុណ្ណោះ។ អ្នកស្រីបន្តទៀតថា បើផលិតផលក្រមាមានទីផ្សារល្អ មានតម្លៃថ្លៃគួរសមគឺបានផ្តល់ការងារជួយដល់ប្រជាពលរដ្ឋក្នុងភូមិមានការងារធ្វើចៀសវាងធ្វើចំណាកស្រុកទៅក្រៅខេត្តឆ្ងាយ ។

ទាក់ទិនករណីនេះដែរ លោក មេភូមិ ដំណាក់កន្ទូត ឃុំស្វាយយា បានឱ្យដឹងថា ប៉ុន្មានឆ្នាំមុនផ្ទុះជំងឺកូវីដ១៩នៅស្រុកស្វាយជ្រំ គឺមានកីត្បាញក្រមាជិត៤០០កី ក៏ប៉ុន្តែដោយ បច្ចុប្បន្ន ក្រមាលក់ពុំសូវបានថ្លៃ ក្រមាមិនសូវមានទីផ្សារ អ្នកតម្បាញក្រមា ជិត៣០០កីត្រូវបានបោះបង់ឈប់ត្បាញ ហើយស្របពេលបច្ចុប្បន្ន ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស បង្កើតរោងចក្រសហគ្រាសច្រើន ទើនប្រជាពលរដ្ឋបោះបង់ការងារត្បាញក្រមានេះអស់មួយចំនួនធំទៅប្រកបមុខរបរជាកម្មករកម្មការនីរោងចក្រវិញ៕






ចែករំលែកព័តមាននេះ