ខេត្តប៉ៃលិន ៖ រថយន្តតូយ៉ូតាហ៊ីលុច្សម្ចាស់ស្រវឹងជោកបើករេចង្កូតពេញផ្លូវបានជ្រុលទៅបុករថយន្តសាំងយ៉ុងដឹកក្រណាត់សម្លៀកបំពាក់យ៉ាងពេញទំហឹងបង្កទៅជាអគ្គិភ័យឆាបឆេះសន្ធោរសន្ធៅ បណ្តាលឱ្យមនុស្សប្រុស ស្រី២នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី៩ កុម្ភៈ ២០១៤ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥៩ ក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
អ្នកបើករថយន្តតូយ៉ូតាហ៊ីលុច្សឈ្មោះពេជ្រ ថោង ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកលក់សាំងទល់មុខវត្តពោធិមារាម ហៅវត្តប៉ាហ៊ី រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន រងរបួសធ្ងន់សន្លប់ ចំណែកអ្នកបើករថយន្តសាំងយ៉ុងឈ្មោះម៉ាន នី ភេទប្រុស អាយុ២៤ឆ្នាំ ជាខ្មែរអ៊ិស្លាម និងម្តាយមិនរងរបួសទេ ដោយឡែកប្អូនស្រីឈ្មោះម៉ាន ផល្លី អាយុ១៩ឆ្នាំ របួសបាក់ជើងស្តាំ។ ទាំង៣នាក់រស់នៅភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាហ៊ីលុច្សពណ៌ទឹកប្រាក់ដឹកសាំងធ្វើដំណើរពីលិចទៅកើត ដោយម្ចាស់ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំបើករេចង្កូតពេញផ្លូវ លុះដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅខាងឆ្វេងដៃបុកនឹងរថយន្តសាំងយ៉ុងពណ៌សមួយគ្រឿងដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្តតូយ៉ូតាហ៊ីលុច្សឆាបឆេះជាអណ្តាតភ្លើងឡើងសន្ធោរសន្ធៅ ហើយមនុស្សជិះក្នុងរថយន្តទាំងសងខាងរងរបួសធ្ងន់។ ប្រភពបន្តទៀតថា អ្នករងរបួសទាំងសងខាងត្រូវប្រជាពលរដ្ឋជួយបើកទ្វាររថយន្តយកចេញមកក្រៅ ហើយទូរស័ព្ទហៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត តែដោយពួកគេមានសភាពធ្ងន់ធ្ងរពេកក៏ត្រូវគ្រូពេទ្យបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបងនៅល្ងាចថ្ងៃដដែល៕
ចែករំលែកព័តមាននេះ