ខេត្តស្ទឹងត្រែង ៖ ឈើប្រណីតប្រភេទធ្នុង និងនាងនួនរាប់សិបម៉ែត្រគូប ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្ទឹងត្រែង រើកកាយរឹបអូសចេញពីដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច GG World ដែលក្រុមហ៊ុនមួយនេះបានលាក់ទុកនៅចំណុចភូមិសាស្ត្ររបស់ខ្លួនជាច្រើនឆ្នាំមកហើយ តែគ្មានឱកាសនាំចេញបាន ។
មូលហេតុដែលឈានដល់ការបង្ក្រាបឈើពីសំណាក់រដ្ឋបាលព្រៃឈើនេះ គឺផ្តើមឡើងដោយបុគ្គលិកក្រុមហ៊ុន GG World ដែលបានចាប់គោយន្តដឹកឈើក្តារគ្រឿងផ្ទះរបស់ប្រជាពលរដ្ឋដាក់ក្នុងក្រុមហ៊ុនអស់រយៈពេល២ថ្ងៃក្រោយមានអន្តរាគមន៍ពីលោកអភិបាលខេត្ត ទើបដោះស្រាយជូនប្រជាពលរដ្ឋវិញរួចហើយប្រជាពលរដ្ឋក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ឈើប្រណីតរបស់ក្រុមហ៊ុននេះបានជាងជិត១០០ម៉ែត្រគុប ដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី៧ កុម្ភៈ ។ ប្រភពព័ត៌មានឱ្យដឹងថា បុគ្គលិកក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច GG World គ្រុបដែលបានចាប់ឃាត់គោយន្តដឹកឈើក្តារគ្រឿងផ្ទះរបស់ប្រជាពលរដ្ឋម្នាក់ឈ្នោះ លាន នៅភូមិកោះកី ឃុំកោះស្នែង ស្រុកថាឡាបរិវា៉ត់ យកមកលាក់ទុកនៅក្នុងស្នាក់ការក្រុមហ៊ុន GG World ស្ថិតនៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង អស់រយៈពេល២ថ្ងៃ ទើបបានអភិបាលខេត្តធ្វើកិច្ចអន្តរាគមន៍ជួយដោះស្រាយជូនវិញ កាលពីថ្ងៃទី៤ កុម្ភៈ ។
ពាក់ព័ន្ធនឹងករណីនេះ បុគ្គលិកក្រុមហ៊ុន ឈ្មោះសាយ បានចោទប្រកាន់ថា មូលហេតុដែលក្រុមហ៊ុនចាប់ឈើនោះ គឺដោយសារតែប្រជាពលរដ្ឋលួចកាប់ឈើរបស់ក្រុមហ៊ុន ។ ដោយឡែក ប្រជាពលរដ្ឋឈ្មោះលាន បានបំភ្លឺថា ឈើក្តារទាំងនេះខ្លួនបានអារច្រៀកចេញពីចំណុចជាំធំ ស្ថិតនៅព្រៃសមាគមកោះស្នែង ស្រុកថាឡាបរិវ៉ាត់ គ្មានពាក់ព័ន្ធនឹងក្រុមហ៊ុន GG World ទេ គឺគ្រាន់តែឆ្លងកាត់ផ្លូវក្រុមហ៊ុន ទៅជួបបងប្អូននៅខេត្តស្ទឹងត្រែងប៉ុណ្ណោះ ។ ដោយមានហេតុផលក្រុមហ៊ុនបំពានពលរដ្ឋយ៉ាងដូច្នេះហើយ ទើបលោកកុល សំអុល អភិបាលខេត្ត បានដាក់បទបញ្ជាឱ្យលោក ម៉ៅ ធនិន អភិបាលរងខេត្តដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានរួចផុតពីការរំលោភបំពានរបស់ក្រុមហ៊ុន ។ ដោយសារតែបុគ្គលិកក្រុមហ៊ុនបង្កឱ្យប្រជាពលរដ្ឋទាល់ច្រកយ៉ាងដូច្នេះហើយ ទើបបានប្រជាពលរដ្ឋប្តឹងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើឱ្យចាប់រឹបអូសឈើប្រណីតល្មើសច្បាប់របស់ក្រុមហ៊ុនវិញបានជិត១០០ម៉ែត្រគុប នាថ្ងៃទី៧ កុម្ភៈ ឆ្នាំ ២០១៤ នេះ ។
ពាក់ព័ន្ធករណីនេះផងដែរ លោកសិទ្ធ សំណាង នាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែងបានបកស្រាយថា ឈើទាំងនេះគឺជាឈើសល់ពីជំនាន់មុនៗ ជំនាញយើងកំពុងតែរឹបអូសពីក្រុមហ៊ុនជាបន្តបន្ទាប់យកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់រដ្ឋបាលព្រៃឈើ ។ បុ៉ន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ក្នុងខណៈដែលសមត្ថកិច្ចជំនាញចាប់រឹបអូសឈើចេញពីក្រុមហ៊ុននោះ គេឃើញថា លោកសិទ្ធ សំណាង ទូរស័ព្ទឆ្លើយឆ្លងគ្នាជាមួយនឹងឈ្មោះ ឡា អ៊ូ អគ្គនាយកក្រុមហ៊ុន តែមិនដឹងថា ពិភាក្សាដោះស្រាយយ៉ាងណានោះទេ បានជាលោកនាយផ្នែករូបនេះសម្តែងការសប្បាយចិត្តញញឹមញញែមនៅពេលបញ្ចប់ការសន្ទនា ។ ដូច្នេះប្រជាពលរដ្ឋសំណូមពរសុំឱ្យថ្នាក់ដឹកនាំធ្វើយ៉ាងណាមានចំណាត់ការត្រឹមត្រូវតាមច្បាប់ទៅលើក្រុមហ៊ុនដែលមិនមានការអភិវឌ្ឍបានត្រឹមតែកាត់ឈើលក់យ៉ាងដូច្នេះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន GG World មានផ្ទៃដីចំនួន៥ពាន់ហិកតា ដែលរដ្ឋាភិបាលបានសម្បទានដើម្បីអភិវឌ្ឍន៍លើដំណាំកសិកម្ម តែផ្ទុយទៅវិញ ក្រុមហ៊ុនមួយនេះគេកត់សម្គាល់ឃើញថា មិនមានការអភិវឌ្ឍអ្វីជាដុំកំភួនឡើយ ក្រៅពីការកាប់ និងអារឈើដឹកជញ្ជូនចេញទៅលក់នៅទីផ្សារ មិនតែប៉ុណ្ណោះ បានប្រមូលឈើប្រណីតល្អៗ ជាប្រភេទឈើត្រូវប៉ាន់លាក់ស្តុកទុកគេចវេះពីការបង់ពន្ធជូនរដ្ឋ និងស្វែងរកពេលវេលាល្អ និងឃុបឃិតជាមួយសមត្ថកិច្ចខិលខូចមួយក្តាប់តូចដើម្បីមានឱកាសដឹកជញ្ជូនចេញទៅលក់នៅទីផ្សារងងឹត ។
ពាក់ព័ន្ធជុំវិញករណីនេះ កោះសន្តិភាពបានព្យាយាមសុំការបំភ្លឺពី លោកឡា អ៊ូ ជនជាតិចិន និងអគ្គនាយកក្រុមហ៊ុន តែលោកអគ្គនាយករូបនោះមិនលើកទូរស័ព្ទ ៕
ចែករំលែកព័តមាននេះ