រាជធានីភ្នំពេញ ៖ ដើម្បីធានាការបើកប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការស៊ីវិលឱ្យបានឆាប់រហ័សទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំដល់ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្ទីរ-សាលារាជធានី-ខេត្ត មន្ទីរនិងអង្គភាពចំណុះ ។
យោងតាមសារាចរដែលចុះហត្ថលេខាដោយសម្តេចតេជោនាយករដ្ឋមន្ត្រី និងមាន កម្រាស់៣ទំព័រ បានចេញជូនដល់គ្រប់ស្ថាប័ន ក្រសួងពាក់ព័ន្ធទាំងអស់ និងដែលកោះសន្តិភាពទទួលបានមានខ្លឹមសារដូចតទៅ ៖
១-ការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសារមន្ត្រីរាជការក្នុងតារាងទូទាត់បៀវត្សរ៍ប្រចាំខែនីមួយៗ ៖ គ្រប់ស្ថាប័ន សាលារាជធានី-ខេត្ត មន្ទីរ និងអង្គភាពចំណុះ ត្រូវផ្តល់ឯកសារស្នើសុំផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសារមន្ត្រីរាជការមកក្រសួងមុខងារសាធារណៈឱ្យបានមុនដំណាច់សប្តាហ៍ទី១នៃខែនីមួយៗ ។ ក្រសួងមុខងារសាធារណៈ ត្រូវធ្វើរបាយការណ៍ណែនាំលម្អិតអំពីបែបបទឯកសារតម្រូវ និងទម្រង់ឯកសារពាក់ព័ន្ធនឹងការស្នើសុំផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការក្នុងតារាងទូទាត់បៀវត្សរ៍ប្រចាំខែដល់គ្រប់ក្រសួង-ស្ថាប័ន សាលារាជធានី-ខេត្ត មន្ទីរនិងអង្គភាពចំណុះ ។ ២-ការផ្តល់តារាងទូទាត់បៀវត្សរ៍ប្រចាំខែ និងតារាងកាត់ពន្ធលើបៀវត្សរ៍ប្រចាំខែដល់ក្រសួង ស្ថាប័ន សាលារាជធានី-ខេត្ត មន្ទីរនិងអង្គភាពចំណុះ ៖ ក្រសួងមុខងារសាធារណៈ ត្រូវផ្តល់តារាងទូទាត់បៀវត្សរ៍ប្រចាំខែ និងតារាងកាត់ពន្ធលើបៀវត្សរ៍ទៅឱ្យគ្រប់ក្រសួង ស្ថាប័ន សាលារាជធានី-ខេត្ត មន្ទីរនិងអង្គភាពចំណុះ យ៉ាងយូរត្រឹមដំណាច់សប្តាហ៍ទី២នៃខែនីមួយៗ ដើម្បីរៀបចំអាណត្តិបើកប្រាក់បៀវត្សរ៍ប្រចាំ ខែ ។ ក្រសួងមុខងារសាធារណៈ ត្រូវផ្តល់ឯកសារចម្លងមួយច្បាប់នៃតារាងទូទាត់បៀវត្សរ៍ប្រចាំខែ និងតារាងកាត់ពន្ធលើបៀវត្សរ៍ប្រចាំខែទៅឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានរតនាគារជាតិ និងរតនាគាររាជធានី-ខេត្ត)។
៣-ការរៀបចំអាណត្តិបើកប្រាក់បៀវត្សរ៍ប្រចាំខែ ក្រសួង-ស្ថាប័ន សាលារាជធានី-ខេត្ត មន្ទីរនិងអង្គភាពចំណុះ ត្រូវរៀបចំអាណត្តិលើប្រាក់បៀវត្សរ៍ប្រចាំខែ ផ្អែកតាមតារាងទូទាត់បៀវត្សរ៍ ដោយក្រសួងមុខងារសាធារណៈ ។ អាណត្តិបើកប្រាក់បៀវត្សរ៍ប្រចាំខែ ត្រូវរៀបចំសម្រាប់តែចំណាយលើបៀវត្សរ៍តែប៉ុណ្ណោះ ។ ៤-ពិនិត្យ និងចុះហត្ថលេខាលើអាណត្តិបើកប្រាក់បៀវត្សរ៍ប្រចាំខែ ក្រោមថ្នាក់ក្រសួង-ស្ថាប័ន ៖ ប្រធានស្ថាប័នក្នុងនាមជាអាណាប័កដើមខ្សែ ពិនិត្យនិងចុះហត្ថលេខាដោយផ្ទាល់លើអាណត្តិបើកប្រាក់បៀវត្សរ៍ប្រចាំខែ ។ ប្រធានអាចធ្វើប្រតិភូកម្មដល់អាជ្ញាធរក្រោមបង្គាប់ ដើម្បីពិនិត្យ និងចុះហត្ថលេខាលើអាណត្តិបើកប្រាក់បៀវត្សរ៍ប្រចាំខែក្នុងនាមជាអាណាប័កផ្ទេរសិទ្ធិ ។ អគ្គនាយក ឬអគ្គលេខាធិការទទួលបន្ទុក នាយកដ្ឋានហិរញ្ញវត្ថុ ឬអង្គភាពគ្រប់គ្រងហិរញ្ញវត្ថុនៃក្រសួង ស្ថាប័ន ឬប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ឬប្រធានអង្គភាពគ្រប់គ្រងហិរញ្ញវត្ថុនៃក្រសួងស្ថាប័ន ។ សារាចរឱ្យដឹងទៀតថា អាណត្តិបើកប្រាក់បៀវត្សរ៍ប្រចាំខែ ដែលត្រូវបានចុះហត្ថលេខាដោយអាណាប័ក និងទទួលបានទិដ្ឋាការហើយពីមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុអមក្រសួង ស្ថាប័ន ត្រូវបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានរតនាគារជាតិ) យា៉ងយូរត្រឹមថ្ងៃទី៤នៃសប្តាហ៍ទី៣នៃខែនីមួួយៗ ។
ក្នុងករណីពុំមានមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុប្រចាំនៅក្រសួងស្ថាប័ន អាណត្តិបើកប្រាក់បៀវត្សរ៍ប្រចាំខែដែលត្រូវបានចុះហត្ថលេខាដោយអាណាប័ករួចហើយ ត្រូវបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានថវិកា) យា៉ងយូរត្រឹមថ្ងៃទី៣ នៃសប្តាហ៍ទី៣នៃខែនីមួយៗ ។ ថ្នាក់រាជធានី-ខេត្ត អភិបាលនៃគណៈអភិបាលក្នុងនាមជាអាណាប័កដើមខ្សែ ពិនិត្យចុះហត្ថលេខាដោយផ្ទាល់ ឬប្រគល់សិទ្ធិដល់អភិបាលរងដើម្បីពិនិត្យ និងចុះហត្ថលេខាលើអាណត្តិបើកប្រាក់បៀវត្សរ៍ប្រចាំខែ សម្រាប់មន្ត្រីរាជការបម្រើការងារនៅសាលារាជធានី-ខេត្ត សាលាខណ្ឌ ក្រុង ស្រុក ឃុំ និងសង្កាត់ ។ ប្រធានមន្ទីរឬអង្គភាពពាក់ព័ន្ធ ក្នុងនាមជាអាណាប័ក ផ្ទេរសិទ្ធិពីប្រធានស្ថាប័ន ពិនិត្យ និងចុះហត្ថលេខាដោយផ្ទាល់ឬប្រគល់សិទ្ធិដល់អនុប្រធានដើម្បីពិនិត្យចុះហត្ថលេខា លើអាណត្តិបើកប្រាក់បៀវត្សរ៍ប្រចាំខែសម្រាប់មន្ត្រីរាជការបម្រើការងារក្នុងមន្ទីរឬអង្គភាព ។ អាណត្តិបើកប្រាក់បៀវត្សរ៍ប្រចាំខែ ត្រូវបញ្ជូនទៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ យា៉ងយូរត្រឹមថ្ងៃទី៤នៃសប្តាហ៍ទី៣ នៃខែនីមួយៗ ។
៤-ការបើកផ្តល់បៀវត្សរ៍ដល់មន្ត្រីរាជការ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានរតនាគារជាតិ និងរតនាគាររាជធានី-ខេត្ត) ត្រូវចាត់ចែងការត្រួតពិនិត្យ និងរៀបចំបើកផ្តល់បៀវត្សរ៍ដល់ក្រសួង សា្ថាប័ន សាលារាជធានី ខេត្ត មន្ទីរ និងអង្គភាពចំណុះឱ្យបានទាន់ក្នុងសប្តាហ៍ទី៤នៃខែនីមួយៗ បន្ទាប់ពីទទួលបានអាណត្តិបើកប្រាក់បៀវត្សរ៍ប្រចាំខែតាមកាលកំណត់ខាងលើពីក្រសួងស្ថាប័ន សាលារាជធានី-ខេត្ត មន្ទីរនិងអង្គភាពចំណុះ ។ ក្នុងករណីក្រសួង ស្ថាប័ន សាលារាជធានី ខេត្ត មន្ទីរ និងអង្គភាពចំណុះ មិនបានបញ្ជូនអាណត្តិបើកប្រាក់បៀវត្សរ៍ប្រចាំខែដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមការកំណត់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានរតនាគារជាតិ និងរតនាគាររាជធានី-ខេត្ត) ត្រូវតែបើកបៀវត្សដល់ក្រសួង ស្ថាប័ន សាលារាជធានី ខេត្ត មន្ទីរ និងអង្គភាពចំណុះ ដោយធ្វើបុរេប្រទានសាច់ប្រាក់ផ្អែកតាមតារាងទូទាត់បៀវត្សរ៍ប្រចាំខែ ដែលផ្តល់ដល់ក្រសួងមុខងារសាធារណៈឱ្យបានទាន់ពេលវេលាកំណត់ ដោយចាត់ទុកថា ក្រសួងស្ថាប័ន សាលារាជធានី-ខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធ បានឯកភាពជាប្រវត្តិសាស្ត្រលើការទូទាត់ បើកបៀវត្សរ៍ ប្រចាំខែ នេះ ។ ប៉ុន្តែក្រសួង ស្ថាប័ន សាលារាជធានី ខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធ ត្រូវផ្តល់លិខិតយុត្តិការ និងអាណត្តិបើកប្រាក់បៀវត្សរ៍ប្រចាំខែ ដែលចុះហត្ថលេខារួចដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្អែកតាមករណីពាក់ព័ន្ធនីមួយៗ ដើម្បីធ្វើការទូទាត់ជម្រះបញ្ជីបុរេប្រទានតាមក្រោយ ឱ្យស្របតាមនីតិវិធីហិរញ្ញវត្ថុ ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវរៀបចំកំណត់ពេលវេលានៃការបើកផ្តល់បៀវត្សរ៍ដោយកំណត់ថ្ងៃជាក់លាក់សម្រាប់ក្រសួង-ស្ថាប័ន សាលារាជធានី-ខេត្ត មន្ទីរនិងអង្គភាពចំណុះតាមលំដាប់លំដោយ ក្នុងសប្តាហ៍ទី៤ នៃខែនីមួយៗ។
សារាចរលើកឡើងទៀតថា គណនេយ្យភាព និងការទទួលខុសត្រូវ អាជ្ញាធរដែលមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យ និងចុះហត្ថលេខាលើអាណត្តិបើកប្រាក់បៀវត្សរ៍ប្រចាំខែ ដូចដែលបានចង្អុលបង្ហាញខាងលើ ត្រូវតែចាត់ចែងបំពេញភារកិច្ចដោយផ្ទាល់ ឬធ្វើប្រតិភូកម្មដល់អាជ្ញាធរស្ថិតក្រោមបង្គាប់ដើម្បីបំពេញការងារឱ្យទាន់ពេលកំណត់ ។ អាជ្ញាធរមានសមត្ថកិច្ចដែលត្រូវអនុវត្តភារកិច្ចតាមខ្លឹមសារនៃសារាចរនេះ ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន សាលារាជធានី-ខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធផ្អែកតាមកម្រិតឋានានុក្រម និងមន្ត្រីរាជការ ដែលត្រូវទទួលបានបៀវត្សរ៍ក្នុងខែនីមួយៗ ព្រមទាំងត្រូវមានការទទួលខុសត្រូវផ្សេងទៀតជាយថាហេតុ តាមបទប្បញ្ញត្តិច្បាប់ជាធរមាន ៕
ចែករំលែកព័តមាននេះ