រាជធានីភ្នំពេញ ៖ តបតាមការអំពាវនាវរបស់សហជីពពិភពលោក ក្រុមសហជីពមួយចំនួនបានជួបជុំគ្នាជាថ្មី នៅព្រះអង្គដងកើមុខព្រះបរមរាជវាំង ដើម្បីទាមទារឡើងវិញឱ្យរដ្ឋាភិបាល បន្តដោះស្រាយបញ្ហារបស់កម្មករទោះបីជាការជួបជុំនេះមិនបានជូនដំណឹងទៅសាលារាជធានីភ្នំពេញក្តី ។
គោលបំណងសំខាន់នៃការជួបជុំនេះគឺទាមទារឱ្យមានការដោះលែងលោក វន ពៅ និងបាតុករផ្សេងៗទៀត ដែលត្រូវចាប់ខ្លួនក្នុងបាតុកម្មប្រឈមមុខគ្នាជាមួយសមត្ថកិច្ច កាលពីថ្ងៃទី២ និងថ្ងៃទី៣ មករា និងការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករឱ្យបាន១៦០ដុល្លារក្នុងមួយខែ ។ ក្រុមសហជីពកំពុងធ្វើសកម្មភាពដើម្បីទាមទារឱ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្ស និងកម្មករដែលកំពុងជាប់ឃុំ ក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម ។ ក្រុមសកម្មជនសហជីព កម្មករនិយោជិតក្នុងពិភពលោក ត្រូវបានអំពាវនាវឱ្យរួមគ្នាដើម្បីទាមទារឱ្យអាជ្ញាធរកម្ពុជាដោះលែងសកម្មជនសិទ្ធិមនុស្ស និងកម្មករខ្មែរ២៣នាក់ដែលកំពុងជាប់ពន្ធនាគារ ។ ការអំពាវនាវនេះបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្សព្វផ្សាយ កាលពីល្ងាចថ្ងៃសុក្រ ។ ការទាមទារឱ្យដោះលែងសកម្មជន និងកម្មករទាំងនោះត្រូវគេគ្រោងធ្វើឡើង នៅពីមុខស្ថានទូតខ្មែរនៅឯបរទេស នៅថ្ងៃចន្ទ ទី១០ កុម្ភៈ នេះ ។ ញត្តិទាមទារនឹងត្រូវគេដាក់ជូនទៅឯកអគ្គរាជទូតខ្មែរប្រចាំស្ថានទូតនានាទាំងនោះផងដែរ ។
ការផ្តើមធ្វើសកម្មភាពរបស់សហជីពពិភពលោក បានកើតឡើងបន្ទាប់ពីក្រុមសហជីព និងអង្គការសង្គមសីុវិលក្នុងស្រុកជាច្រើន បានជួបជុំធ្វើបាតុកម្ម និងដាក់ញត្តិជូនស្ថានទូតបរទេសនានាប្រចាំទីក្រុងភ្នំពេញ ដើម្បីសុំអន្តរជាតិជួយឱ្យអាជ្ញាធរកម្ពុជាដោះលែងសកម្មជន និងកម្មករដែលកំពុងជាប់ក្នុងមន្ទីរឃុំឃាំង ។ គួរបញ្ជាក់ថា សកម្មជនសិទ្ធិមនុស្ស និងកម្មករទាំង២៣នាក់ ត្រូវបានចាប់ខ្លួននៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សា កាលពីថ្ងៃទី២និងទី៣ មករា នៅក្នុងបាតុកម្មកម្មករដែលទាមទារដំឡើងប្រាក់ខែ១៦០ដុល្លារ ។ ក្នុងអំពើហិង្សារហូតដល់សមត្ថកិច្ចប្រើអាវុធនោះមានមនុស្ស៤នាក់ស្លាប់ ៣៩នាក់រងរបួស និង២៣នាក់ត្រូវបានចាប់ខ្លួន ។ កាលពីថ្ងៃសុក្រ ក្រុមសកម្មជនសិទ្ធិមនុស្ស និងសង្គមសីុវិលក៏បានដុតធូបបួងសួងនៅឯព្រះអង្គដងកើ មុខព្រះបរមរាជវាំង សូមឱ្យមានការដោះលែងអ្នកទាំងនោះផងដែរ ។ ហើយនៅថ្ងៃនេះក៏មានគម្រោងបួងសួងដូចគ្នានេះដែរ មុនពេលសាលាឧទ្ធរណ៍បើកសវនាការ។ ការទាមទារកន្លងមកទំនងជាមិនឥតប្រយោជន៍ទេ ព្រោះយា៉ងហោចណាស់មនុស្ស២នាក់ក្នុងចំណោម២៣នាក់ ត្រូវបានតុលាការសម្រេច ដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីថ្ងៃសុក្រ ។ ប៉ុន្តែមិនមែនលោក វន់ ពៅ ដែលជាសកម្មជនលេចធ្លោជាងគេ ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួននោះឡើយ ។
ការទាមទាររបស់សហជីពពិភពលោក គឺជាប្រតិកម្មថ្មីទៀត របស់អន្តរជាតិ ដើម្បីសេរីភាពរបស់សកម្មជនសិទ្ធិមនុស្ស និងសហជីពកម្មករ ។ លោក អាត់ ធន់ ប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាឱ្យដឹងថា ប្រធានបទដែលតំណាងសហជីពលើកយកមកពិភាក្សាគ្នាមុននេះគឺទាមទារឱ្យមានការដោះលែងអ្នក២៣នាក់ ដែលកំពុងជាប់ពន្ធនាគារ នៅខេត្តកំពង់ចាម ។ ប្រសិនបើគ្មានការចរចាពីប្រាក់ឈ្នួលជាថ្មី តំណាងសហជីពដែលមិនទទួលយកការដំឡើងប្រាក់ឈ្នួល នឹងដឹកនាំកម្មករធ្វើបាតុកម្មជាថ្មីទៀត ។ ការធ្វើបាតុកម្មនេះ នឹងទាមទារឱ្យដោះលែងអ្នកដែលត្រូវចាប់ខ្លួន និងទាមទារឱ្យរដ្ឋាភិបាលសើុបអង្កេតករណីបាញ់សម្លាប់កម្មករ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ កន្លងមកផងដែរ ។ ទាក់ទងនឹងការរៀបចំធ្វើបាតុកម្មជាថ្មីលើកទី២ នៅទូទាំងប្រទេសរបស់តំណាងសហជីពកម្មករនិយោជិតនេះ បើយោងតាមគេហទំព័រក្នុងស្រុកមួយ បានដកស្រង់សម្តីរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ ថា ប្រសិនបើសហជីពចង់ធ្វើកូដកម្ម ឬបាតុកម្ម ត្រូវសុំច្បាប់ទៅអាជ្ញាធររាជធានីភ្នំពេញ ថាតើសម្រេចឱ្យគាត់ធ្វើ ឬមិនឱ្យ ហើយកម្លាំងនគរបាល គឺជាអ្នកអនុវត្តច្បាប់ ។
លោកបានបញ្ជាក់ថា សំខាន់យើងខ្ញុំទាំងអស់គ្នា ជាកងកម្លាំងនគរបាល គឺត្រៀមខ្លួនគ្រប់ពេលវេលា ដើម្បីរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះបន្ថែមថា បើមានការអនុញ្ញាតឱ្យមានការធ្វើបាតុកម្ម កូដកម្ម យើងបង្កើនកម្លាំង ឬចាត់វិធានការ ដើម្បីការពារឱ្យអ្នកចូលរួមទាំងអស់មានសុវត្ថិភាព ហើយមានសណ្តាប់ធ្នាប់ល្អ តែប៉ុណ្ណឹង ៕
ចែករំលែកព័តមាននេះ