ខេត្តកំពង់ឆ្នាំង ៖ បុរសចំណាស់អាយុ៦៣ឆ្នាំម្នាក់ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ចាប់ឃាត់ខ្លួន នៅថ្ងៃទី៨ កុម្ភៈ ដោយចោទប្រកាន់ពីបទចាប់រំលោភកូនស្រីដើម អាយុ១៥ឆ្នាំ បានសម្រេចចំនួន៥ដង ក្នុងអំទ្បុងខែមករា ឆ្នាំ២០១៤ នៅលំនៅឋានរបស់ខ្លួន ក្នុងស្រុកកំពង់លែង ។ មន្ត្រីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឱ្យដឹងថា បុរសម្នាក់នេះឈ្មោះ ភុំ ផៃ អាយុ៦៣ឆ្នាំ ចំណែកកុមារីរងគ្រោះ ជាកូនទី៣ ។
ប្រភពដដែលបានបន្ត ដោយស្រង់សម្តីកុមារីរងគ្រោះថា ក្នុងអំទ្បុងខែមករា នាងមិនចាំ ខែ ខណៈម្តាយនាងមិននៅផ្ទះ ឪពុកចុងនាងបានបើកមុងមកចាប់នាងរំលោភរហូតបានសម្រេច ដោយគំរាមមិនឱ្យស្រែក និងមិនឱ្យប្រាប់អ្នកណាជាដាច់ខាត បើហ៊ានតែប្រាប់គេ គាត់នឹងវាយធ្វើបាប ។ លុះក្រោយៗមកទៀត ឪពុកចុងនាងតែងតែមកលួចចាប់នាងរំលោភបានសម្រេចបន្តបន្ទាប់ចំនួន៥ដង ។ មានថ្ងៃមួយដោយសារគិតថា មិនអាចទ្រាំនឹងការចាប់រំលោភរបស់ឪពុកចុងនេះបាន នាងក៏បានសុំឪពុកចុងនេះ ចេញទៅធ្វើការនៅរោងចក្រ តែឪពុកចុងនាងមិនឱ្យទៅណាជាដាច់ខាត ។ មុនពេលមានការចាប់ខ្លួនជនសង្ស័យខាងលើនេះ គឺនៅថ្ងៃទី៧ កុម្ភៈ ខណៈនាងនិយាយលេងជាមួយចាស់ៗក្នុងភូមិនៅផ្ទះរបស់នាង ស្រាប់តែឪពុកចុងនាងមកដល់ និងសង្ស័យថា នាងនិយាយរឿងរា៉វខាងលើនេះ ប្រាប់អ្នកជិតខាង ។ លុះពេលអ្នកជិតខាងចេញអស់ឪពុកចុងបានរករឿងនាង ធ្វើឱ្យនាងរឹតតែខឹង ក៏សម្រេចប្រាប់រឿងរ៉ាវទាំងប៉ុន្មាន ដល់ម្តាយនាងហើយម្តាយនាងបានទៅប្តឹងសមត្ថកិច្ច ទើបមានការចាប់ឃាត់ខ្លួនតែម្តង ។
នៅចំពោះមុខមន្ត្រីនគរបាល បុរសជាជនសង្ស័យសារភាពថា ខ្លួនពិតជាបានដេកជាមួយកូនស្រីពិតមែន ប៉ុន្តែមិនបានចាប់បង្ខំទ្បើយ គឺនាងមិនបានស្រែកនោះទេ ។ ទោះបីជាយ៉ាងណាក្តី ក៏មន្ត្រីនគរបាលនិយាយថា ការរួមរ័កជាមួយអនីតិជន ទោះបីមានការព្រមព្រៀងក៏ដោយ ក៏ត្រូវមានទោសដែរ ។ មិនត្រឹមតែប៉ុណ្ណោះ បុរសរូបនេះ បានចាប់កូនស្រីឯងរំលោភទៅទៀត ដោយហេតុនេះហើយ ទើបនគរបាលកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ