ខេត្តបាត់ដំបង ៖ អាជ្ញាធរខេត្ត និងក្រុងបាត់ដំបង ដែលគេសង្ស័យថា មានការសមគំនិតពីមន្ទីរពាក់ព័ន្ធមួយចំនួនផង បានបើកដៃឲ្យអ្នកម៉ៅការប្រមូលភាស៊ីផ្សារធំបាត់ដំបង(ផ្សារណាត់) ដើរទារភាស៊ីពីក្រុមអាជីវករក្នុងផ្សារជាពិសេសអ្នកលក់ម្ហូបអាហារខាងក្រៅផ្សារក្នុងតម្លៃខ្ពស់៣ដងលើសពីសៀវភៅបន្ទុកដែលកំណត់ដោយច្បាប់ ។
អ្នកលក់ដូរនៅផ្សារធំបាត់ដំបងបាននិយាយថា ក្រុមអ្នកដើរទារភាស៊ីនៅផ្សារធំនេះបានដំឡើងថ្លៃភាស៊ីពី២.០០០រៀល រហូតដល់ចំនួន៨.០០០រៀល សម្រាប់ទីតាំងដាក់គ្រែ ឬដាក់ឆត្រក្រាលលក់ផ្ទាល់ដី១កន្លែង ។ ក្នុង១ថ្ងៃពួកគេដើរទារភាស៊ី២លើក ខណៈពីមុនធ្លាប់តែដើរទារ១លើកប៉ុណ្ណោះ ។ ក្រុមអាជីវករបានបញ្ជាក់ថា ការដំឡើងថ្លៃភាស៊ីនេះមានរយៈពេលជាង១ខែកន្លងមកហើយពោលគឺចាប់តាំងពីដើមខែមករា ឆ្នាំ២០១៤ នេះរហូតមក ។ មិនតែប៉ុណ្ណោះសូម្បីតែប្រាក់បង់ថ្លៃកន្លែងលក់ដូរប្រចាំឆ្នាំ ក៏ត្រូវគេដំឡើងទ្វេដងដែរ ដែលពីមុនធ្លាប់បង់២ម៉ឺនរៀល ឥឡូវត្រូវបង់ដល់ទៅ៤ម៉ឺនរៀលឯណោះក្នុង១ឆ្នាំ ហើយគ្មានវិក្កយបត្របញ្ជាក់ពីការបង់ប្រាក់នេះទេ ។
គួររំលឹកថា បើតាមប្រភពពីមន្រ្តីម្នាក់ដែលធ្លាប់ពាក់ព័ន្ធនឹងការងារនេះបាននិយាយអំពីដំណើររឿងរបស់ក្រុមហ៊ុនដែលទទួលបានសិទ្ធិប្រមូលភាស៊ីក្នុងផ្សារណាត់នេះថា ការប្រមូលភាស៊ីពីអ្នកលក់ដូរនៅផ្សារធំបាត់ដំបង(ផ្សារណាត់)នេះអាជ្ញាធរខេត្តដែលកាលណោះស្ថិតក្រោមការគ្រប់គ្រងរបស់អតីតអភិបាលខេត្តចាស់គឺលោក ប្រាជ្ញ ចន្ទ បានផ្ដល់ឲ្យក្រុមហ៊ុនរបស់លោក ណៃ គឹមសុន ជាអ្នកទទួលបានសិទ្ធិប្រមូលភាស៊ីក្នុងផ្សារនេះ ជាថ្នូរនឹងការសាងសង់អគារសាលាខេត្តថ្មី ។ ប្រភពនេះនិយាយថា ក្នុងកិច្ចសន្យារវាងភាគីទាំង២ ការប្រមូលភាស៊ីជាថ្នូរនឹងការសាងសង់អគារសាលាខេត្តថ្មីនេះលោក ណៃ គឹមសុន ដែលបច្ចុប្បន្នបានលាចាកលោកទៅហើយនោះតែនៅភរិយារបស់លោកទទួលភារកិច្ចនេះបន្តមានសិទ្ធិប្រមូលភាស៊ីរយៈពេល១៤ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៨ ទើបផុតអាណត្តិ ។
មន្រ្តីដដែលបានបញ្ជាក់ថា នៅក្នុងសៀវភៅបន្ទុកច្បាប់បានកំណត់ឲ្យលោក ណៃ គឹមសុន ប្រមូលភាស៊ីពីអ្នកលក់ដូរនានាមួយកន្លែងតែ២.០០០រៀលប៉ុណ្ណោះក្នុង១ថ្ងៃ និងបង់ប្រចាំឆ្នាំមួយកន្លែង២ម៉ឺនរៀលក្នុង១ឆ្នាំ ។ ប៉ុន្តែនៅថ្ងៃទី១ មករា ២០១៤ នេះ ភរិយាលោកណៃ គឹមសុន ដែលជាអ្នកទទួលខុសត្រូវបន្តនោះបានផ្ដាច់ពីអ្នកម៉ៅការភាស៊ីចាស់ប្រគល់ទៅឲ្យអ្នកម៉ៅការប្រមូលភាស៊ីថ្មីដែលមានលោក ឡាញ់ នី ជាប្រធាន ។ ប្រភពនេះបន្តថា ក្រោយពីទទួលបានសិទ្ធិប្រមូលភាស៊ីនេះ លោកឡាញ់ នី ក៏បានផ្ដល់សិទ្ធិទៅឲ្យលោកជូន ប៊ុនធួក ជាអ្នកម៉ៅការបន្តដើម្បីប្រមូលភាស៊ីនេះ ។ ដោយសារមានការម៉ៅការបណ្ដាក់គ្នាច្រើនដំណាក់កាលបែបនេះហើយទើបតម្លៃទារភាស៊ីត្រូវបានគេដំឡើងថ្លៃតាមទំនើងចិត្តលើសពីច្បាប់កំណត់ក្នុងសៀវភៅបន្ទុក ។
ជុំវិញបញ្ហាប្រមូលភាស៊ីដំឡើងថ្លៃតាមទំនើងចិត្តរបស់ក្រុមឈ្មួញឆក់ឱកាសខាងលើនេះ កោះសន្តិភាពមិនអាចស្វែងរកការបំភ្លឺពីអាជ្ញាធរឬស្ថាប័នពាក់ព័ន្ធនិងលោកឡាញ់ នី ដែលទទួលបានសិទ្ធិប្រមូលភាស៊ីបន្តពីភរិយាលោក ណៃ គឹមសុន បានភា្លមៗទេនៅរសៀលថ្ងៃទី៧ កុម្ភៈ នេះ ។ ប៉ុន្តែលោកជូន ប៊ុនធួក ដែលជាមេការនិងជាអ្នកម៉ៅការបន្តពីលោក ឡាញ់ នី ក្នុងការប្រមូលភាស៊ីនៅផ្សារធំបាត់ដំបងនេះបានបំភ្លឺប្រាប់តាមទូរស័ព្ទដោយទទួលស្គាល់ថា ការទារភាស៊ីពីអ្នកលក់ដូរនៅផ្សារណាត់ខាងលើនេះគឺពិតជាមានការដំឡើងថ្លៃមែន ។ លោកបានបញ្ជាក់ថា ក្នុងមួយថ្ងៃលោកត្រូវរកលុយឲ្យលោកឡាញ់ នី ចំនួន១,៤លានរៀល ដូច្នេះហើយទើបលោកប្រឹងប្រែងប្រមូលភាស៊ីលើសពីសៀវភៅបន្ទុក ដើម្បីរកឲ្យបានគ្រប់ចំនួនតាមការកំណត់នេះ ។ គេសង្កេតឃើញថា បច្ចុប្បន្នគ្រប់ក្រុមហ៊ុន អ្នកម៉ៅការ ដែលទទួលបានសិទ្ធិប្រមូលភាស៊ីតាមបណ្ដាស្រុកនានា ជាពិសេសដូចជានៅផ្សារបឹងឈូក ផ្សារថ្មី និងផ្សារធំបាត់ដំបងក្នុងក្រុងបាត់ដំបងនេះជាដើម ត្រូវគេដឹងថា សុទ្ធតែបានប្រមូលភាស៊ីលើសពីសៀវភៅបន្ទុកទាំងអស់ ទាំងភាស៊ីថ្លៃតូប និងគ្រែលក់ ទាំងភាស៊ីផ្ញើកង់ ម៉ូតូ និងភាស៊ីតូបលក់តាមចិញ្ចើមថ្នល់សាធារណៈ ។ល។
រីឯអាជ្ញាធរខេត្ត ក្រុង ឬស្ថាប័នពាក់ព័ន្ធហាក់មិនបានអើពើនឹងការប្រព្រឹត្តអំពើពុយរលួយរបស់ក្រុមអ្នកម៉ៅការប្រមូលភាស៊ីទាំងនេះឡើយ។ផ្ទុយទៅវិញអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ ត្រូវគេមើលឃើញថា បានធ្វើមិនដឹងមិនឮចំពោះសកម្មភាពនេះនិងហាក់ដូចជាបានបិទភ្នែកសមគំនិតផ្ដល់ឱកាសឲ្យអ្នកប្រមូលភាស៊ីទាំងនេះប្រព្រឹត្តអំពើពុករលួយគាបសង្កត់អាជីវករលក់ដូរតាមទំនើងចិត្ត ដើម្បីផលប្រយោជន៍បុគ្គល និងបក្សពួកខ្លួន។ រីឯអ្នកដែលទទួលរងគ្រោះនិងឈឺចាប់មានតែប្រជាពលរដ្ឋឬអាជីវករ និងអ្នកលក់ដូរតូចតាចតែប៉ុណ្ណោះ ។ ទោះជាយ៉ាងណា ក្រុមអាជីវករស្ទើរគ្រប់បណ្ដាផ្សារទាំងអស់នៅក្នុងក្រុងបាត់ដំបងបានស្នើឲ្យរាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាពិសេសលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ដែលទើបចូលកាន់តំណែងថ្មីបានជិត១សប្ដាហ៍នេះ ជួយអន្តរាគមន៍ចាត់វិធានការចំពោះក្រុមអ្នកម៉ៅការប្រមូលភាស៊ីខាងលើនេះឲ្យអនុវត្តតាមផ្លូវច្បាប់ផង ។
សង្ឃឹមថា ចំណាត់ការរបស់លោកអភិបាលខេត្តថ្មីនេះនឹងមានប្រសិទ្ធភាពអាចកែទម្លាប់ចាស់របស់ក្រុមឈ្មួញឱកាសនិយមខាងលើនេះបានជាមិនខានតាមរយៈគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងអាណត្តទី៥នេះ៕
ចែករំលែកព័តមាននេះ