ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​ដ្ឋានព្រហ្ម​ទណ្ឌធ្វើ​សន្និសីទ​ជុំវិញប្រតិ​បត្តិការ​ចាប់ខ្លួន​ចោរ​ទមិឡ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នាយក​ដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ​ ក្រោម​ឱវាទ​នាយក​ដ្ឋាន​កណ្តាល​នគរ​បាល​យុត្តិ​ធម៌​ក្រសួង​មហា​ផ្ទៃ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​១០​ កុម្ភៈ​ នឹង​មាន​ការ​រៀប​ចំ​ធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ស្តី​ពី​លទ្ធ​ផល​ពិស្តារ​នៃ​កិច្ច​ប្រតិបត្តិ​ការ​ចាប់​ចោរ​ទមិឡ​លួច​ព្រះ​សុវណ្ណ​កោដ្ឋ​ តម្កល់​ព្រះ​បរម​សារី​រិក​ធាតុ​ជា​ទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​ ដែល​តម្កល់​នៅ​ក្នុង​ព្រះ​បរម​សក្យ​មុនី​ចេតិយ​លើ​ភ្នំ​ព្រះ​រាជ​ទ្រព្យ

រាជធានីភ្នំពេញ​ ៖ នាយក​ដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ​ ក្រោម​ឱវាទ​នាយក​ដ្ឋាន​កណ្តាល​នគរ​បាល​យុត្តិ​ធម៌​ក្រសួង​មហា​ផ្ទៃ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​១០​ កុម្ភៈ​ នឹង​មាន​ការ​រៀប​ចំ​ធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ស្តី​ពី​លទ្ធ​ផល​ពិស្តារ​នៃ​កិច្ច​ប្រតិបត្តិ​ការ​ចាប់​ចោរ​ទមិឡ​លួច​ព្រះ​សុវណ្ណ​កោដ្ឋ​ តម្កល់​ព្រះ​បរម​សារី​រិក​ធាតុ​ជា​ទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​ ដែល​តម្កល់​នៅ​ក្នុង​ព្រះ​បរម​សក្យ​មុនី​ចេតិយ​លើ​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ ក្នុង​ស្រុក​ពញាឮ​ ខេត្ត​កណ្តាល​ ដើម្បី​ឱ្យ​ព័ត៌​មាន​នេះ​ចាត់​ទុក​ជា​ផ្លូវ​ការ​ កុំ​ឱ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ខុស​គ្នា​ ដែល​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ពី​មហា​ជន​ ។​

ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ ការ​ធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន​នេះ​ ស្ថិត​ក្រោម​អធិប​តី​ភាព​លោក​ឧត្តម​សេនីយ៍​ឯក​ ម៉ក់​ ជីតូ​ ប្រធាន​នាយក​ដ្ឋាន​កណ្តាល​នគរ​បាល​យុត្តិ​ធម៌​ និង​លោក​ឧត្តម​សេនីយ៍​ទោ​ អុិន​ បូរ៉ា​ ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ​ ហើយ​ក៏​អាច​មាន​ការ​ចូល​​រួម​ពី​សំណាក់​លោក​ស្នង​ការ​នគរ​បាល​ខេត្ត​តាកែវ​ និង​លោក​ស្នង​ការ​នគរ​បាល​ខេត្ត​កណ្តាល​ផង​ដែរ​ ។​ ប្រភព​ព័ត៌​មាន​បន្ត​ថា​ បាន​ជា​មាន​ការ​រៀប​ចំ​សន្និ​សីទ​សារ​ព័ត៌​មាន​នេះ​ឡើង​ មក​ពី​កន្លង​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​អស់​មិន​ទាន់​បាន​បញ្ជាក់​ឱ្យ​ចំ​គោល​ដៅ​ពី​លទ្ធ​ផល​នៃ​ការ​បង្ក្រាប​នេះ​នៅ​ឡើយ​ទេ​ និង​មិន​ទាន់​ច្បាស់​ពី​សភាព​ការណ៍​មុន​នឹង​ឈាន​ទៅ​ដល់​ចាប់​ខ្លួន​ជន​សង្ស័យ​ ព្រម​ទាំង​ដក​ហូត​វត្ថុ​តាង​ ។​
ប្រភព​ពី​មន្ត្រី​ជំនាញ​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​ ឱ្យ​ដឹង​ថា​ ក្រោយ​ពី​មាន​ការ​បាត់​បង់​ព្រះ​សុវណ្ណ​កោដ្ឋ​ភ្លាម​ លោក​នាយ​ឧត្តម​សេនីយ៍​ នេត​ សាវឿន​ អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ បាន​ដាក់​វិធាន​ការ​យ៉ាង​ក្តៅ​គគុក​ដល់​នាយក​ដ្ឋាន​កណ្តាល​នគរ​បាល​យុត្តិ​ធម៌​ ដែល​មាន​លោក​ឧត្តម​សេនីយ៍​ឯក​ ម៉ក់​ ជីតូ​ ជា​ប្រធាន​​ និង​ពិសេស​នាយក​ដ្ឋាន​ជំនាញ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​ រួម​ទាំង​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​នានា​ផង​ដែរ​ ។​

នៅ​ពេល​មាន​បទ​បញ្ជា​នោះ​ នាយក​ដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ​ មិន​បណ្តោយ​ឱ្យ​ពេល​វេលា​កន្លង​ហួស​ដោយ​ឥត​ប្រយោជន៍​នោះ​ឡើយ​ គឺ​តែង​តែ​ចុះ​ស៊ើប​អង្កេត​ស្រាវ​ជ្រាវ​ និង​ក្តាប់​ព័ត៌​មាន​តាម​មូល​ដ្ឋាន​ជាប់​ជា​ប្រចាំ​ ។​ លុះ​ដល់​ថ្ងៃ​ទី​៤​ កុម្ភៈ​ នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​ទទួល​បាន​ព័ត៌​មាន​ពី​ប្រជា​ពល​រដ្ឋ​ នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ទ្រាំង​ ខេត្ត​តាកែវ​ សមត្ថ​កិច្ច​ក៏​មាន​ការ​សង្ស័យ​លើ​ជន​ម្នាក់​ ដែល​អាច​ជា​ជន​គួរ​ឱ្យ​សង្ស័យ​បំផុត​ ។​ តាម​ព័ត៌​មាន​នោះ​ កម្លាំង​ជំនាញ​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​ ដែល​ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី​ ឡឹក​ វណ្ណៈ​ ក៏​បាន​ធ្វើ​ការ​ងារ​នេះ​ភ្លាម​ គឺ​ការ​តាម​ឃាត់​ខ្លួន​ជន​សង្ស័យ​រូប​នោះ​ ដោយ​មាន​ការ​ព័ទ្ធ​ចាប់​ពី​ក្នុង​រថយន្ត​ដ៏​ទំនើប​១គ្រឿង​មក​សាក​សួរ​ ព្រោះ​មុន​នេះ​ ជា​ជន​ញៀន​ថ្នាំ​រក​បាយ​សុី​មិន​បាន​ផង​ ម៉េច​ក៏​ក្លាយ​ជា​អ្នក​មាន​ឆាប់​ម៉្លេះ​ ។​ ជន​សង្ស័យ​ឈ្មោះ​ កែវ​ រស្មី​ បាន​សារភាព​ពី​រឿង​លួច​ព្រះ​សុវណ្ណ​កោដ្ឋ​ និង​ព្រះ​បដិមា​ធ្វើ​ពី​មាស​ច្រើន​ទៀត​ នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ​ និងបាន​ឈាន​ទៅ​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ទៀត​ដែល​ទទួល​ទិញ​ដុំ​មាស​ពី​ជន​នេះ​ និង​ទាក់​ទិន​ការ​រំលាយ និង​ធ្វើ​ជា​អលង្ការ​ផងដែរ​ ។​

ផ្តើម​ចេញ​ពី​បទ​បញ្ជា​ឱ្យ​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​២​នាក់​នេះ​ ​អង្គ​ហេតុ​គឺ​កាល​ពី​យប់​ថ្ងៃទី​៩ ឈាន​ចូល​ថ្ងៃទី​១០ ​ធ្នូ​ ២០១៣​ នៅ​វត្ត​ព្រៃ​ប្រសិទ្ធិ៍​ ស្រុក​ទ្រាំង​ មាន​ករណី​ចោរ​ចូល​លួច​ព្រះ​បដិមា​អស់​២​ព្រះ​អង្គ​ ​និង​កោដ្ឋ​ធ្វើ​អំពី​ស្ពាន់​មួយ​ចំនួន ។​ ករណី​ចោរ​លួច​ព្រះ​បដិមា​ និង​កោដ្ឋ​នៅ​វត្ត​ព្រៃ​ប្រសិទ្ធ​ិ៍​នោះ​ ត្រូវ​បាន​ព្រះ​ចៅ​អធិការ​ និង​អាចារ្យ​ គណៈ​កម្មការ​វត្ត​រួម​គ្នា​ធ្វើ​ពាក្យ​បណ្តឹង​ដាក់​ទៅ​សមត្ថ​កិច្ច​ ដែល​ពាក្យ​បណ្តឹង​នោះ​​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​ឈ្មោះ កែវ រស្មី​ ដែរ បុ៉ន្តែ​រក​ភស្តុតាង​ដាក់​បន្ទុក​គេ​មិន​ទាន់​បាន ។​ តាម​ការស្រាវជ្រាវ​ នៅ​ថ្ងៃ​មួយ​ អធិការ​នគរ​បាល​ស្រុក​ទ្រាំង​ ខេត្ត​តាកែវ​ បាន​ធ្វើ​លិខិត​មួយ​កោះ​ហៅ​ឈ្មោះ កែវ រស្មី​ ឱ្យ​ចូល​បំភ្លឺ​ជុំ​វិញ​បទ​សង្ស័យ​ខាង​លើ​នេះ​ ហើយ​នៅ​ថ្ងៃទី​៤ កុម្ភៈ​ ឈ្មោះ​​ កែវ រស្មី​ បាន​ចូល​ទៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​ទ្រាំង​ ក្នុង​គោល​បំណង​ទៅ​សួររក​អត្ត​សញ្ញាណ​ប័ណ្ណ​របស់​ខ្លួន​ ។ ពេលជន​សង្ស័យចូល​ខ្លួន​ទៅ​ដល់​ហើយ​ នគរបាល​ព្រហ្ម​ទណ្ឌ​ស្រុក​ក៏​បាន​ភ្ជាប់​ការ​សាកសួរ​រឿង​លួចព្រះ​បដិមា​នៅ​វត្ត​ព្រៃ​ប្រសិទ្ធិ៍​នោះ​ ។​

ប្រភព​ព័ត៌​មាន​បន្ត​ថា​ ខណៈ​ពេល​ជន​សង្ស័យ​ចូល​ខ្លួន​ទៅ​កាន់​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ទ្រាំង​ភ្លាម​ ប្រជា​ពល​រដ្ឋ​ ដែល​ជា​កម្លាំង​សម្ងាត់​ បាន​រាយ​ការណ៍​ទៅ​កាន់​នាយក​ដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​ ស្រប​ពេល​បេសក​កម្ម​របស់​លោក​ឧត្តម​សេនីយ៍​ត្រី​ ឡឹក​ វណ្ណៈ​ អនុ​ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ​ បាន​ចុះ​ទៅ​ដល់​គោល​ដៅ​នោះ​ ទើប​មាន​ការ​សហ​ការ​ជាមួយ​ស្នង​ការ​នគរ​បាល​ខេត្ត​តាកែវ​ បើក​វាំង​នន​ទម្លាយ​រឿង​លួច​ព្រះ​សុវណ្ណ​កោដ្ឋ​ នៅ​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ ដែល​ជា​ព័ត៌​មាន​គួរ​ឱ្យ​រំភើប​។​
ក្រោយ​ពី​ធ្វើ​កិច្ច​ការ​នេះ​ចប់​សព្វ​គ្រប់​ លោក​ឧត្តម​សេនីយ៍​ត្រី​ ឡឹក​ វណ្ណៈ​ បាន​ទទួល​បញ្ជា​ពី​នាយ​​ឧត្តម​សេនីយ៍​ អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ លោក​ នេត​ សាវឿន​ និង​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ឱ្យ​នាំ​ជន​សង្ស័យ​ រួម​ទាំង​វត្ថុ​តាង​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កណ្តាល​ ដែល​ជា​មូល​ដ្ឋាន​ចោរ​ប្រព្រឹត្ត​បទ​
ល្មើស​ ។​