ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំដឹកកុងតឺន័រចំនួន៣គ្រឿងបុកបន្តកន្ទុយគ្នាកាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី៨ កុម្ភៈ ២០១៤ ត្រង់ចំណុចចំណោតអូត្រាវ ចន្លោះគីឡូម៉ែត្រលេខ២១៥-២១៦ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។
តាមការឱ្យដឹងពីប៉ូលិសចរាចរណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីណូ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ៣A៤៦៧៤ ធ្វើដំណើរពីកើតទៅលិចបានបុកគ្នាជាមួយរថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿងទៀតម៉ាកហ្វុយហ្សូ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ៣A៣៣៣៥៨ ក្នុងទិសដៅបញ្ច្រាសគ្នា។ ក្រោយកើតហេតុ ខណៈពេលព្រូរថយន្តហ្វុយហ្សូចុះកល់កំណល់រថយន្តក៏ស្រាប់តែមានរថយន្តមួយគ្រៀងទៀតម៉ាកនីស្សាន់ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ៣A៧៣៧៧ បានបើកមកបុកគូទរថយន្តហ្វុយហ្សូផ្ទប់នឹងទ្រង់រថយន្តហ៊ីណូបណ្តាលឱ្យព្រូរថយន្តហ្វុយហ្សូឈ្មោះខេង ធឿន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅខេត្តព្រៃវែងត្រូវរថយន្តកិនស្លាប់ភ្លាមៗតែម្តង ចំណែកម្នាក់ទៀតរបួសធ្ងន់។
ក្រោយកើតហេតុរថយន្តទាំង៣គ្រឿងត្រូវសមត្ថកិច្ចចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរង់ចាំដោះស្រាយ ចំណែកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
ចែករំលែកព័តមាននេះ