ខេត្តបន្ទាយមានជ័យ៖ភ្ញៀវទេសចរចម្រុះជាតិសាសន៏ ដែលចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានការធ្លាក់ចុះប្រមាណ១៥ភាគរយ ដោយសារស្ថានភាពនយោបាយក្នុងប្រទេសថៃ ។
នេះបើតាមការឲ្យដឹងពី លោក ជង់ ឡឹម ប្រធានមន្ទីរទេសចរណ៏ខេត្តបន្ទាយមានជ័យ និងជាអនុប្រធានក្រុមការងារច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
យ៉ាងណាក៏ដោយ ថ្លែងប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៩ កុម្ភ: ២០១៤នេះ លោកប្រធានទេសចរមន្ទីរក៏បានបញ្ជាក់ទៀតថា ភ្ញៀវទេសចរជនជាតិដទៃធ្លាក់ចុះមែន តែសម្រាប់ភ្ញៀវទេសចរជនជាតិរុស្ស៊ីនោះវិញ មានការកើនឡើងគួរឲ្យកត់សម្គាល់ រហូតដល់២២,៣៩%។
បើតាមលោក ជង់ ឡឹម ភ្ញៀវចម្រុះជាតិសាសន៏ដែលចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិ នៅដើមឆ្នាំ២០១៤ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីដើមឆ្នាំ២០១៣ មានការធ្លាក់ចុះ៨,៤០%ដោយចំនួនភ្ញៀវសរុបក្នុងខែមករាឆ្នាំ២០១៤ មានតែ៥៨៦១៨នាក់ ចំណែកភ្ញៀវសរុបក្នុងខែមករាឆ្នាំ២០១៣ មានរហូតដល់ទៅ ៦៣៩៩៤នាក់ ។
យ៉ាងណាក៏ដោយ បើតាមលោកប្រធានមន្ទីរទេសចរណ៏ខេត្តបន្ទាយមានជ័យដដែលបានបញ្ជាក់ឲ្យដឹងទៀតថា ចំនួនភ្ញៀវទេសចរបរទេសសរុបក្នុងខែមករាឆ្នាំ២០១៤ បើប្រៀបធៀបទៅនឹងភ្ញៀវខែធ្នូឆ្នាំ២០១៣ មានការកើនឡើង២,៨០% ដោយក្នុងខែមករាឆ្នាំ២០១៤ មានចំនួន៥៨៦១៨នាក់ ឯខែធ្នូឆ្នាំ២០១៣ភ្ញៀវសរុបមានតែ៥៧០១៨នាក់តែប៉ុណ្ណោះ។
លោក ជង់ ឡឹម បន្តថា ភ្ញៀវឈរលំដាប់លេខ០១ គឺរុស្សីមានកាកើនឡើង២០,០៧%ក្នុងខែមករាឆ្នាំ២០១៤ មានចំនួន១៥៣០២នាក់ ឯខែធ្នូឆ្នាំ២០១៣ មានចំនួន១២៧៤៤នាក់ ភ្ញៀវថៃលេខ០២ធ្លាក់ចុះ៣៣,០៣% ដោយក្នុងខែមករាឆ្នាំ២០១៤មានចំនួនតែ៦៦៨៦នាក់ ឯខែធ្នូឆ្នាំ២០១៣មានចំនួន៩៩៨៩នាក់។ ភ្ញៀវកូរ៉េលេខ៣ កើនឡើង២០,៨៤% ក្នុងខែមករាឆ្នាំ២០១៤ មានចំនួន ៣៣២២នាក់ ខែធ្នូ ឆ្នាំ២០១៣ មានចំនួន២៧១៩នាក់ ភ្ញៀវអង់គ្លេសឈរលេខ៤ កើនឡើង៤០,៣៧% ដោយខែមករាឆ្នាំ២០១៤ មានចំនួន២២១៨នាក់ ឯខែធ្នូឆ្នាំ២០១៣មាន១៥៨០នាក់ និងលេខ៥ គឺភ្ញៀវអាមេរិកកើនឡើង៥,៣១% ដោយក្នុងខែមករាឆ្នាំ២០១៤ មានចំនួន១៩២៤នាក់ និងខែធ្នូឆ្នាំ២០១៣ មានតែ១៨២៤នាក់ ៕
ចែករំលែកព័តមាននេះ