ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បាន​ជា​ជន​ជាតិ​ខ្មែរ​យើង​មាន​ជំនឿ​ទៅ​លើ​អ្នក​តា​ ?

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ លោក​ សុខ​ ធួក​ ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់​ឆ្នាំង​ មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​ ដោយ​សារ​តែ​មាន​ជំនឿ​យ៉ាង​មុត​មាំ​តាំង​ពី​បុរាណ​កាល​មក​ ប្រជា​ពល​រដ្ឋ​ខ្មែរ​យើង​ បាន​គោរព​ទៅ​លើ​អ្នក​តា​ ដោយ​សារ​ចាត់​ទុក​ថា​ ជា​ព្រលឹង​អ្នក​ដែល​បាន​ស្លា.ប់​ទៅ​ ប៉ុន្តែ​មិន​បាន​ទៅ​ចាប់​កំណើត​នៅ​ទីណា​ទេ​ គឺ​ព្រលឹង​បាន​នៅ​ចាំ​

ខេត្ត​កំពង់​ឆ្នាំង​ ៖ លោក​ សុខ​ ធួក​ ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់​ឆ្នាំង​ មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​ ដោយ​សារ​តែ​មាន​ជំនឿ​យ៉ាង​មុត​មាំ​តាំង​ពី​បុរាណ​កាល​មក​ ប្រជា​ពល​រដ្ឋ​ខ្មែរ​យើង​ បាន​គោរព​ទៅ​លើ​អ្នក​តា​ ដោយ​សារ​ចាត់​ទុក​ថា​ ជា​ព្រលឹង​អ្នក​ដែល​បាន​ស្លាប់​ទៅ​ ប៉ុន្តែ​មិន​បាន​ទៅ​ចាប់​កំណើត​នៅ​ទីណា​ទេ​ គឺ​ព្រលឹង​បាន​នៅ​ចាំ​ថែរក្សា​កូន​ចៅ​ ។ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​នៅ​តាម​វត្ត​ និង​ភូមិ​ នីមួយៗ​ តាម​ទន្លេ​ បឹង​បួរ​ គេ​តែង​ឃើញ​មាន​ខ្ទម​អ្នក​តា​ ដែល​សង់​នៅ​ក្រោម​ដើម​ឈើ​ ធំៗ​ ខ្លះ​មាន​សូន​រូប​ត្រឹម​ត្រូវ​ធ្វើ​ពី​ឈើ​ ពី​សុីម៉ង់​ត៍​ ពី​ថ្ម​ និង​ខ្លះ​ទៀត​តម្កល់​លិង្គ​ព្រះ​ឥសូរ​ជា​ដើម​ ។​

ខ្ទម​អ្នក​តា​ តែ​បើ​ជា​ស្រី​គេ​ហៅ​ថា​ខ្ទម​លោក​យាយ​ ដែល​សង់​នៅ​ភូមិ​ណា​ ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​នោះ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ថែរក្សា​ ដោយ​ពុំហ៊ាន​ប្រព្រឹត្ត​អំពើ​ផ្តេស​ផ្តាស​លើ​អ្នក​តា​នោះ​ឡើយ​ ។​ ពេល​ខ្លះ​មាន​អ្នក​ស្រុក​ឈឺ​ ឬ​ចុក​ពោះ​ ពេល​រក​គ្រូ​ទស្សន៍​ទាយ​ទៅ​ឃើញ​ថា​ អ្នក​តា​ធ្វើ​ ប្រជា​ពល​រដ្ឋ​ក៏​ធ្វើ​ពិធី​សែន​ព្រេន​ ដើម្បី​អង្វរ​ករ លន់​តួ​ដល់​អ្នកតា​ ឱ្យ​លោក​ប្រណី​កូន​ចៅ​ ជួយ​ឱ្យ​បាន​ជា​សះ​ស្បើយ​វិញ​ ។​ ពិធី​សែន​មាន​តង្វាយ​ បាយ​សម្ល​ នំ​បង្អែម​ ចេក​ មាន់​ស្ងោរ​ ក្បាល​ជ្រូក​ និង​មាន់​ឆ្កាង​ជា​ដើម​ ហើយ​ក៏​ឃើញ​ថា​ស័ក្តិ​សិទ្ធិ​មែន​ ។​

ខ្ទម​ អ្នក​តា​សុទ្ធ​តែ​មាន​ឈ្មោះ​ ខុសៗ​គ្នា​ ដូច​ជា​អ្នក​តា​ស្នង​ជួន​ អ្នក​តា​បឹង​កៅ​ លោក​យាយ​ទេព​ និង​លោក​យាយ​តី​ ជា​ដើម​ ។​ គ្រប់​អ្នក​តា​ទាំង​អស់​ សុទ្ធ​តែ​មាន​ប្រវត្តិ​ជាក់​លាក់​ ដូច​ជា​លោក​តា​ស្នង​ជួន​ ដែល​មាន​ទីតាំង​នៅ​ឃុំ​ជ្រៃ​បាក់​ ស្រុក​រលា​ប្អៀរ​ ជាប់​នឹង​ស្ពាន​ផ្លូវ​ជាតិ​លេខ​៥​ គឺ​កាល​នៅ​រស់​ គាត់​ត្រូវ​បារាំង​ (ជំនាន់​អាណា​និគម​បារាំង​)​ ចាត់​ឱ្យ​យាម​សម្ភារ​សម្រាប់​សាង​សង់​ស្ពាន​ ។​ លុះ​គាត់​ស្លាប់​ទៅ​ ព្រលឹង​មិន​បាន​ចាប់​ជាតិ​ទៅ​ណា​ទេ​ បាន​ក្លាយ​ជា​អ្នកតា​ចាំ​ស្ពាន​នោះ​រហូត​មក​ ដោយ​អ្នក​ស្រុក​ហៅ​ថា​ លោក​តា​ស្នង​ជួន​ ។​

លោក​សុខ​ ធួក​ កាល​ពី​ពេល​ ថ្មីៗ​នេះ​ឱ្យ​ដឹង​ថា​ ចំណែក​លោក​យាយ​ទេព​ កាល​នៅ​រស់​ដោយ​គោរព​ប្រណិប័តន៍​ព្រះ​ពុទ្ធ​សាសនា​ គាត់​បរិច្ចាគ​ដី​របស់​គាត់​ឱ្យ​សាង​សង់​ទីអារាម​ លុះ​ក្រោយ​ពេល​គាត់​ស្លាប់​ កើត​ជា​អ្នក​តា​ ដែល​ហៅ​ថា​ លោក​យាយ​ទេព​ នៅ​ដល់​សព្វ​ថ្ងៃ​នេះ​ ។​

រាល់​ពិធី​សាង​សង់​ ឬ​ធ្វើ​អ្វី​មួយ​ សូម្បី​តែ​ពិធី​មង្គល​ការ​ បុណ្យ​ទាន​ ជា​ដើម​ អ្នក​ស្រុក​ពុំ​ដែល​ភ្លេច​សែន​ដល់​អ្នកតា​ម្ចាស់​ស្រុក​ ម្ចាស់​ទឹក​ដី​ឡើយ​ គឺ​ដើម្បី​ឱ្យ​កូន​ចៅ​បាន​សេចក្តី​សុខ​ ។​ អ្នក​តា​ខ្លះ​ត្រូវ​អ្នក​ស្រុក​ធ្វើ​ពិធី​ឡើង​អ្នកតា​ជា​រៀង​រាល់​ឆ្នាំ​ ។​ ពេល​កើត​ជំងឺ​រាត​ត្បាត​ ឬ​ជួប​គ្រោះ​រាំង​ស្ងួត​ជា​ដើម​ អ្នក​ស្រុក​តែង​តែ​ធ្វើ​ពិធី​បន់​ស្រន់​ ប្រគំ​ភ្លេង​ សែន​ព្រេន​ សុំ​ឱ្យ​អ្នក​តា​ជួយ​កូន​ចៅ​គេច​ផុត​ពី​ជំងឺ​រាត​ត្បាត​ ផ្សេងៗ​ ឬ​បន់​ស្រន់​សុំ​ទឹក​ភ្លៀង​ជាដើម​ ។​ សម្រាប់​អ្នក​ដើរ​ព្រៃ​ ឬ​អ្នក​ដែល​ចេញ​ទៅ​ប្រកប​ការ​ងារ​ បរិភោគ​បាយ​ក្នុង​ព្រៃ​ និង​តាម​វាល​ស្រែ​ក៏​ដោយ​ មុន​នឹង​ហូប​ តែង​តែ​បេះ​ម្ហូប​ បាយ​ ដាក់​ស្លឹក​ឈើ​ រួច​រំឭក​ថ្វាយ​ដល់​អ្នកតា​ម្ចាស់​ស្រុក​ ម្ចាស់​ដី​ សុំ​សេចក្តី​សុខ​ និង​ប្រកប​របរ​បាន​ជោគ​ជ័យ​ ។ បើ​អ្នក​នេសាទ​វិញ​ គេ​និយាយ​ថា​ សុំ​កូន​ចៅ​៤ទៅ​១០​​ក្បាល​ គឺ​សុំ​  ត្រី ។​

សរុប​ សេចក្តី​មក​ ប្រជា​ពល​រដ្ឋ​ខ្មែរ​យើង​ មាន​ជំនឿ​លើ​អ្នក​តា​មុត​មាំ​ណាស់​ ដោយ​មិន​ហ៊ាន​បៀត​បៀន​ឡើយ​ ។ លើស​ពី​នេះ​ទៀត​ថែម​ទាំង​គោរព​បូជា​លើ​ព្រលឹង​ដូនតា​ដែល​បាន​ស្លាប់​ទៀត​ផង​ ។​ បើ​និយាយ​ពី​ជំនឿ​លើ​អ្នក​តា​វិញ​ ជន​ជាតិ​ចិន​ ក៏​រឹត​តែ​ជឿ​ខ្លាំង​ណាស់​ដែរ​ ដូច​ជា​ពិធី​សែន​ និង​ឡើង​អ្នក​តា​ជា​ដើម​ ដែល​គេ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ ៕​