ខេត្តតាកែវ ៖ ការស្រាវជ្រាវ និងស្វែងរកឃើញព្រះសុវណ្ណកោដ្ឋតម្កល់ព្រះបរមសារីរិកធាតុ ដែលចោរទមិឡបានលួចយកទៅបាត់អស់រយៈពេលជិត២ខែកន្លងមកនេះ ធ្វើឱ្យមានការរីករាយសាទរពីគ្រប់ទីកន្លែងទាំងអស់ ព្រោះមុននេះម្នាក់ៗអស់សង្ឃឹមទៅហើយថា មិនអាចរកឃើញត្រឡប់មកវិញទេ ព្រោះតែតាំងពីពេលបែកធ្លាយព័ត៌មានបាត់ព្រះសុវណ្ណកោដ្ឋដែលតម្កល់ព្រះបរមសារីរិកធាតុពីភ្នំព្រះរាជ្យទ្រព្យមក មិនមានប្រភពព័ត៌មានផ្លូវការណាមួយប្រកាសឱ្យដឹងឡើយ និងបានបង្កើតឱ្យមានការមន្ទិលជាច្រើន ជុំវិញការបាត់បង់ដែលមិនគួរឱ្យកើតមាននេះ ។
អ្វីដែលស្មានមិនដល់នោះគឺ ការរកឃើញ និងរឹបអូសយកមកវិញនូវព្រះសុវណ្ណកោដ្ឋតម្កល់ព្រះសារីរិកធាតុ ដែលបានលាក់ទុកក្នុងលំនៅឋានមួយក្នុងភូមិកកោះ ឃុំខ្វាវ ស្រុកទ្រាំង ក្នុងប្រតិបត្តិការមួយនៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី៦ កុម្ភៈ ។ ស្នងការនគរបាលខេត្តតាកែវរៀបរាប់ ក្រោមការចង្អុលបង្ហាញពីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកិច្ចសហការយ៉ាងល្អពីកងកម្លាំងនគរបាលខេត្ត ក្នុងប្រតិបត្តិការបង្ក្រាបចោរទមិឡឥតសាសនាលួចយកព្រះសុវណ្ណកោដ្ឋតម្កល់ព្រះបរមសារីរិកធាតុ ដែលជារតនវត្ថុដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជាតិកម្ពុជា ទើបជនល្មើសមិនអាចគេចផុតពីសំណាញ់ច្បាប់ ក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីសមត្ថកិច្ច និងឈានដល់ការចាប់ខ្លួនជនសង្ស័យ និងដកហូតបានព្រះសុវណ្ណកោដ្ឋត្រឡប់មកវិញ ។
លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគរបាលខេត្ត មានប្រសាសន៍ថា ករណីនេះជាមោទនភាពយ៉ាងធំធេង ដែលសមត្ថកិច្ចបានបង្ក្រាបចោរ និងរឹបអូសបានមកវិញនូវព្រះសុវណ្ណកោដ្ឋតម្កល់ព្រះសារីរិកធាតុជាទីសក្ការៈ ហើយការឈានទៅបង្ក្រាបបានទាំងស្រុង គឺដោយមានការចង្អុលបង្ហាញពីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ឡឹក វណ្ណៈ អនុប្រធាននាយកដ្ឋាន បាននាំកម្លាំងមកសហការជាមួយនគរបាលខេត្តកណ្តាល និងនគរបាលខេត្តតាកែវ ស្រាវជ្រាវ និងតាមដានជនល្មើសជាង១ខែមកហើយ ។ ប្រតិបត្តិការប្រកបដោយជោគជ័យលោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគរបាលខេត្ត ឱ្យដឹងថា មុនពេលឈានទៅបង្ក្រាបជនល្មើសនេះ លោកអធិការនគរបាលស្រុកទ្រាំង បានដឹកនាំកម្លាំងឃ្លាំមើលមុខសញ្ញានេះមុន ។ ពេលនោះ ក៏ឃើញជនល្មើស និងបក្ខពួកម្នាក់ ជិះម៉ូតូធំមួយគ្រឿងមកដល់ ហើយជនម្នាក់នោះក៏ជិះម៉ូតូធំនោះគេចខ្លួនបាត់ នៅសល់តែជនល្មើស ។ លុះនៅពេលដឹងខ្លួនថា មាននគរបាលតាមចាប់ ជនល្មើសក៏បានរត់គេចចូលក្នុងរថយន្ត មានបំណងបើករត់ ក៏ត្រូវសមត្ថកិច្ចនគរបាល ខ្លះយកដុំថ្ម និងខ្លះយកកំណាត់ឈើធំៗមកកល់ពីមុខ ពីក្រោយរថយន្តជាប់ ធ្វើឱ្យជនល្មើសបើកទៅមុខមិនរួច ថយក្រោយក៏មិនរួច ។
បើទោះបីជាបើកទៅណាមិនរួចក៏ដោយ ក៏ជនល្មើសនៅក្រាញក្នុងរថយន្ត មិនព្រមចេញទៅណាឡើយ ។ ប្រឈមនឹងការក្រាញននៀលនេះ លោកស្នងការបានសុំយោបល់ពីលោក មាស សុភក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីមានវិធានការទៅលើជនល្មើស ។ ពេលនោះ លោកព្រះរាជអាជ្ញា បានឱ្យវាយកម្ទេចកញ្ចក់រថយន្ត យកជនល្មើសចេញ រួចលោកក៏បញ្ជាឱ្យនគរបាលវាយកម្ទេចកញ្ចក់រថយន្ត ដើម្បីចាប់ខ្លួនជនល្មើស ។ ជាមួយនឹងការរឹងទទឹង ជនសង្ស័យបានប្រវាយប្រតប់ជា
មួយសមត្ថកិច្ច និងបានខាំដៃមន្ត្រីនគរបាលម្នាក់ឱ្យរងរបួស ។ ទោះបីជាបែបណា ជននេះក៏ត្រូវចាប់ខ្លួន ដោយមានរបួសស្នាមប្រឡាក់ឈាមលើមុខ និងអាវបន្តិចបន្តួច ។
រកឃើញសុវណ្ណកោដ្ឋក្នុងកាបូបស្ពាយលោកព្រះរាជអាជ្ញា បានទៅដល់ផ្ទះជនល្មើស ដែលកំពុងសាងសង់ រួមជាមួយសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នគរបាលខេត្តតាកែវ និងខេត្តកណ្តាល ។
លោកស្នងការនគរបាលខេត្ត ឱ្យដឹងទៀតថា បន្ទាប់ពីចាប់ជនល្មើសបាន លោកក៏បានទៅផ្ទះជនល្មើសដែលកំពុងសាងសង់ ដើម្បីឆែកឆេររក ប៉ុន្តែរកអត់ឃើញទេ ក៏បន្តទៅឆែកឆេរនៅផ្ទះជីដូនរបស់ជននោះដែលនៅជាប់គ្នាពីខាងត្បូង រកឃើញព្រះសុវណ្ណកោដ្ឋ ដែលតម្កល់ព្រះសារីរិកធាតុនៅក្នុងកាបូបស្ពាយមួយជារបស់ជនសង្ស័យ ។ ក្រៅពីនេះ សមត្ថកិច្ចបានរកឃើញប្រាក់ចំនួន២លាន ៧៤ម៉ឺនរៀល ខ្សែកមាសចំនួន៣ខ្សែ ខ្សែច្រវាក់ឆាបដាំត្បូង១ខ្សែ ខ្សែកមាស២ខ្សែទៀតដាំត្បូងពណ៌បៃតងចំនួន១០គ្រាប់ ក្រវិលមាសដាំត្បូង១គូ មាសសន្លឹក១៥ទ្រី១ដុំ ព្រះកេសមាស១ បន្តោងដាំត្បូងពណ៌ស៧គ្រាប់ (ដាំពេជ្រ) កណ្តាលត្បូងពណ៌ស្វាយ១ ចិញ្ចៀនត្រាដាំត្បូងពណ៌ស១៥គ្រាប់ ក្រវិលកាបដាំត្បូងពណ៌ស១គូ បន្តោងខ្សែកដាំត្បូងពណ៌ស្វាយ១ ក្រវិលពុកមាត់បង្កង១ ខ្សែដៃ២ខ្សែ ចិញ្ចៀនដាំត្បូងពណ៌១វង់ លោហធាតុពណ៌លឿង១បន្ទះ កិច្ចសន្យាជាមួយអ្នកម៉ៅការធ្វើផ្ទះ២សន្លឹក ។ ព្រះអង្គមាសដាំត្បូង១២គ្រាប់ មុខចំនួន១ ទូរស័ព្ទណូគា១គ្រឿង កាបូបស្ពាយ១ ម៉ូទ័រ១ រណារ១ កន្ត្រៃធំ១ រថយន្តហុីយ៉ាន់ដាយពណ៌ខ្មៅស៊េរី២០១៤ មួយគ្រឿង ។ ចំពោះព្រះអង្គស្រោបមាស ត្រូវជនល្មើសបកយកមាស និងព្រះអង្គមាស ត្រូវជនល្មើសប្រើឧបករណ៍ដុតរំលាយ និងកាត់លក់អស់ប្រមាណជាកន្លះគីឡូក្រាមទៅហើយ ដោយយកលុយទៅទិញរថយន្តទំនើបតម្លៃ៣ម៉ឺនដុល្លារ និងសាងសង់ផ្ទះឈើ២ខ្នង ដែលកំពុងធ្វើមិនទាន់ហើយ ។
ចំពោះប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលបានបញ្ជូនជនល្មើស និងវត្ថុតាងទៅស្នងការដ្ឋាននគរបាលខេត្ត នៅវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃដដែល ។ លុះនៅវេលាម៉ោង៧ និង៣០នាទីយប់ សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង បាននិមន្តមកពិនិត្យព្រះបរមសារីរិកធាតុ នៅក្នុងបន្ទប់លោកស្នងការនគរបាលខេត្តតាកែវ ដោយមានការចូលរួមពិនិត្យពីលោក ស្រី បេន អភិបាលខេត្តតាកែវ លោកអភិបាលខេត្តកណ្តាល លោកស្នងការនគរបាលខេត្ត លោកព្រះរាជអាជ្ញា លោកចៅក្រមអមសាលាដំបូងខេត្តទាំង២ ។ នៅពេលពិនិត្យរួច សម្តេចព្រះពោធិវ័ង្ស បានផ្តល់ព័ត៌មានផ្ទាល់ដល់អ្នកយកព័ត៌មានថា ព្រះសុវណ្ណកោដ្ឋតម្កល់ព្រះសារីរិកធាតុ គឺសុទ្ធទាំងអស់ មិនទាន់មានការប៉ះពាល់អ្វីនោះទេ ។ ព្រះអង្គក៏បានកោតសរសើរសមត្ថកិច្ចទាំង៣ស្ថាប័ន ដែលសហការគ្នាស្រាវជ្រាវរហូតឈានទៅចាប់ខ្លួនជនដែលបានលួចវត្ថុមានតម្លៃមិនអាចកាត់ថ្លៃបាន នេះត្រឡប់មកវិញនាពេល នេះ ។ អត្តសញ្ញាណរបស់ចោរទមិឡជនល្មើសឈ្មោះ កែវ រស្មី ភេទប្រុស អាយុ២៥ឆ្នាំ ។ ជននេះជាជនកំព្រា មានតែជីដូនម្នាក់ប៉ុណ្ណោះ ។ តាមប្រភពព័ត៌មានឱ្យដឹងថា ជននេះធ្លាប់ជាប់ពន្ធនាគារជាង២ឆ្នាំ នៅឆ្នាំ២០១០ ដល់ឆ្នាំ២០១២ ពីបទលួចគោ ។ ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យជាចោរទមិឡនេះ ស្ត្រីម្នាក់ក៏ត្រូវបានឃាត់ខ្លួនដែរ គឺឈ្មោះ សារ៉េត អាយុ៣៥ឆ្នាំ ជាអាជីវករលក់មាសនៅផ្សារព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ដែលជាអ្នកទទួលទិញមាសពីជនល្មើសចំនួន២លើក ត្រូវបាននាំខ្លួនប្រគល់ទៅឱ្យនគរបាលខេត្តកណ្តាល ដំណើរការតាមនីតិវិធីរួមគ្នាជាមួយនឹងចោរទមិឡ ។ ចំណែកព្រះសុវណ្ណកោដ្ឋ ត្រូវបានប្រគល់ជូនសម្តេចព្រះពោធិវ័ង្ស យកទៅរក្សាទុកមួយរយៈ ។
ចំពោះយាយ២នាក់ ដែលនគរបាលមិនប្រាប់ឱ្យស្គាល់ឈ្មោះ ដែលម្នាក់ជាជីដូនរបស់ចោរទមិឡ និងម្នាក់ទៀតជាអ្នកជិតខាង ក៏ត្រូវបានប្រគល់ឱ្យនគរបាលខេត្តកណ្តាលនៅព្រឹកថ្ងៃទី៧ កុម្ភៈ ដែរ ។ មជ្ឈដ្ឋាននានាបាននិយាយថា ពួកគាត់សុទ្ធតែចាស់ជរាណាស់ទៅហើយ គាត់មិនបានដឹងអ្វីនោះទេ ព្រោះចៅរបស់គាត់ដែលជាជនល្មើស យកវត្ថុមានតម្លៃនោះទៅផ្ញើឱ្យគាត់រក្សាទុកតែប៉ុណ្ណោះ ។
ចែករំលែកព័តមាននេះ